ភ្នំពេញ៖ បើទោះបីជាសព្វថ្ងៃនេះវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកាន់តែជឿនលឿនក៏ពិតមែន ប៉ុន្តែជំនឿ នៅស្ថិតនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរជានិច្ច។ ទៀតសោតសូម្បីតែប្រជ្រុយ ដែលកើតមានពីកំណើតនៅលើរាងកាយ ក៏គេអាចចាត់ទុកបានថាជាសញ្ញាដែលបង្ហាញពីអត្ថន័យផ្សេងៗផងដែរ។

ជាការពិតណាស់ប្រជ្រុយអាចផ្នែកមួយ ជួយបង្កើនសម្រស់ឲ្យកាន់តែស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះទេ មនុស្សជាច្រើនមានជំនឿទៅលើទីតាំងរបស់ប្រជ្រុយ នៅលើមុខ និងដងខ្លួន ថាអាចបញ្ជាក់ពីបុគ្គលិកលក្ខណៈ និងជោគវាសនារបស់ពួកគេ។ ម្យ៉ាងវិញទៀតប្រសិនបើមានប្រជ្រុយនៅចំកន្លែងដែលមិនល្អ គេអាច នឹងកាត់ចោលថែមទៀតផង។

ជាក់ស្តែងក្រុមការងារខ្មែរឡូត បានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយអ្នកមីងពៅ ដែលជាគ្រូទាយម្នាក់ ដែលមានទីតាំងស្ថិតនៅតាមជួរមាត់ទន្លេ ជិតព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះផងដែរ យើងក៏បានធ្វើការសាកសួរពី ដំណើរដើមទងនៃការចាប់ផ្តើមធ្វើជាគ្រូទាយរបស់អ្នកមីង។ 

ដោយក្នុងនោះ អ្នកមីងបានរៀបរាប់ថា ខ្លួនបានប្រកបរបរធ្វើជាគ្រូទាយនេះរយៈជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីក្រោយជំនាន់ប៉ុលពតរហូតមកដល់សព្វថ្ងៃនេះ ដោយបានបួសរៀនក្បួនតម្រារយៈ៧ទៅ៨ឆ្នាំ ទើបអាចធ្វើជាគ្រូទាយដែលមានមនុស្សជាច្រើនជឿជាក់។ ជារៀងរាល់ថ្ងៃ​ តែងតែមានភ្ញៀវជាច្រើនមករកគាត់ ឲ្យជួយលើករាសីក្នុងការប្រកបរបរ រកស៊ី ទាយខ្សែបាតដៃ និងទាយពីខ្សែជីវិតជាដើម។ 

រូបភាពរបស់អ្នកគ្រួពៅ
គ្រឿងប្រដាប់ប្រដាទស្សន៍ទាយរបស់អ្នកគ្រូពៅ

ទៀតសោតអ្នកគ្រូទាយរូបនេះ ក៏បានរៀបរាប់ពីអត្ថន័យរបស់ប្រជ្រុយនៅលើដងខ្លួន ដែលគ្រប់គ្នាតែងមានជំនឿថានាំសំណាងល្អ ឬសំណាងអាក្រក់ដល់ខ្លួនថា «ប្រជ្រុយដែលកើតមាននៅលើរាងកាយមិនថានៅលើមុខ ឬដងខ្លួនទាំងអស់សុទ្ធតែបង្ហាញពីអត្ថន័យខុសគ្នាយ៉ាងពិតប្រាកដមែន ប៉ុន្តែភាគច្រើននៃប្រជ្រុយទាំងអស់ភាគច្រើននាំមកនូវសំណាងដល់អ្នកតែប៉ុណ្ណោះ»។

តាមការរៀបរាប់ត្រួសៗរបស់អ្នកមីងពៅ បានឲ្យដឹងថាប្រជ្រុយដែលនាំសំណាងមានដូចជា៖ ប្រជ្រុយនៅលើដងខ្លួន សម្រាប់អ្នកដែលមានប្រជ្រុយទាំងនេះជាសញ្ញាបញ្ជាក់ថាល្អ ហើយភាគច្រើនទទួលបានការស្រលាញ់ចូលចិត្តពីអ្នកជុំវិញខ្លូន។

ប្រជ្រុយនៅលើដៃ សម្រាប់អ្នកដែលមានប្រជ្រុយបែបនេះ គឺជាមនុស្សដែលមានលាភ មានជ័យ មានសំណាងទៅថ្ងៃអនាគត។ ប្រជ្រុយជើង សម្រាប់អ្នកដែលមានប្រជ្រុយបែបនេះ ជាមនុស្សចូលចិត្តដើរច្រើន។ ទៀតសោតអ្នកដែលមានប្រជ្រុយជើង តែងតែព្យាយាមដើរតាមសម្រេចក្តីប្រាថ្នារបស់ខ្លួនឯង ទាំងការងារ និងការរកស៊ី។ 

រូបតំណាង

ដោយឡែកក្រៅពីប្រជ្រុយដែលគ្រប់គ្នាតែងតែមានជំនឿថានាំមកនួវសំណាងហើយនោះ ក៏នៅមានប្រជ្រុយនៅចំកន្លែងផ្សេងទៀត ដែលនាំសំណាងអាក្រក់ផងដែរ ដែលក្នុងនោះមានដូចជា៖

-ប្រជ្រុយរងទឹកភ្នែក អ្នកដែលមានប្រជ្រុយបែបនេះ ច្រើនជួបនឹងទុក្ខសោក ជីវិតមិនសូវមានសេចក្តីសុខនោះទេ ទោះអ្នកនោះ មានទ្រព្យសម្បត្តិច្រើន ឬមុខមាត់ស្រស់ស្អាត ក៏នៅតែជួបទុក្ខព្រួយមកតាមជាមួយជានិច្ច។

-ប្រជ្រុយនៅបំពង់ក អ្នកដែលមានប្រជ្រុយបែបនេះ រមែងតែងតែជួបប្រទះនូវការខ្វះខាត និងរឿងស្មុគស្មាញជាច្រើននៅក្នុងជីវិត។ ហើយក៏មានមនុស្សជាច្រើន មានប្រជ្រុយក្បែរនេះច្រើនផងដែរ ដែលអាចនិយាយបានថា ១០ មាន៨ ទៅ ៩នាក់ទៅហើយ។

-ប្រជ្រុយនៅកន្លែងអាថ៌កំបាំង ចំពោះចំណុចនេះ អ្នកដែលមានប្រជ្រុយនៅកន្លែងអាថ៌កំបាំង មិនសុទ្ធសឹងតែមិនល្អទាំងអស់ទេ ពោលគឺអាចនាំជោគវាសនារបស់អ្នក ឲ្យខ្ពង់ខ្ពស់អស់មួយជីវិត ចំណែកឯម្យ៉ាងវិញទៀត អាចក៏អាចធ្វើឲ្យអ្នកជួបរឿងមិនល្អពេញមួយជីវិតដូចគ្នា។ ដូច្នេះអាចនិយាយបានថា ៥០ភាគរយ ដែលល្អ ៥០ភាគរយ ទៀតដែលអាក្រក់។

-ប្រជ្រុយមាត់ ចំពោះចំណុចនេះក៏ដូចជាប្រជ្រុយនៅកន្លែងអាថ៌កំបាំងដែរ ព្រោះអាចនាំទាំងរឿងល្អ និងអាក្រក់ ដោយរឿងល្អគឺលោកអ្នកជាមនុស្សដែលមានជីវភាពធូរធារ មានម្ហូបអាហារបរិភោគឆ្ងាញ់ ចំណែកឯរឿងមិនល្អវិញ គឺជាមនុស្សដែលនិយាយច្រើនអត់ប្រយោជន៍ ហើយក៏ជួបរឿងអាក្រក់ ក្នុងជីវិត ដោយប្រការណាមួយផងដែរ។

រូបតំណាង

យោងតាមការបកស្រាយរបស់អ្នកគ្រូខាងលើ បានឲ្យដឹងថា ប្រជ្រុយមិនល្អ ប្រជ្រុយដែលនាំសំណាងអាក្រក់ គឺមានតិចតួចបំផុតនៅលើរាងកាយ។ អ្នកមីងរៀបរាប់បន្តទៀតថា តាមបទពិសោធន៍កន្លងមក ដែលធ្លាប់ជួបជាមួយភ្ញៀវមានប្រជ្រុយមិនល្អដូចការរៀបរាប់ខាងលើបែបនេះ គឺគាត់អាចជួយពួកគេប្រែពីសំណាងអាក្រក់ឲ្យទៅជាល្អវិញបាន ដោយធ្វើការលើករាសី  បញ្ចៀសគ្រោះស៊យ ដើម្បីនាំមកវិញនូវសេចក្តីសុខ។ ឬក៏អ្នកខ្លះ បានទៅកាត់វា ដើម្បីឲ្យចប់នូវរឿងទាំងអស់ ទៅតាមប្រជ្រុយក៏មាន។ 

រូបភាពរបស់អ្នកគ្រួពៅ

យ៉ាងណាមិញ បកទៅលើរឿងមួយទៀត ពាក់ព័ន្ធនឹងការបន្ថែមប្រជ្រុយ៖

បើក្រឡេកមកមើលសព្វថ្ងៃនេះវិញ តើលោកអ្នកដែលជួបប្រទះអ្នកដែលមានជំនឿខ្លាំង ទៅលើប្រជ្រុយរហូតទៅចាក់បន្ថែម នៅចំណុចដែលនាំសំណាងដែរឬទេ?

ចំពោះករណីនេះផងដែរ ការចាក់បន្ថែមប្រជ្រុយ មិនមានប្រយោជន៍អ្វីដល់អ្នកឡើយ គឺមានតែប្រជ្រុយដែលកើតពីធម្មជាតិ ប្រជ្រុយដែលមានពីកំណើតប៉ុណ្ណោះ ទើបអាចផ្តល់លាភសំណាងដល់អ្នក នេះបើយោងតាមសម្តីរបស់អ្នកមីងដែលបានរៀបរាប់ប្រាប់ខ្មែរឡូតដោយផ្ទាល់។ 

គួរឲ្យដឹងផងដែរថា ទោះបីជាជំនឿ ស្ថិតនៅជាមួយប្រជាជនខ្មែរតាំងពីយូរលង់មកហើយក៏ពិតមែន ប៉ុន្តែមានមនុស្សមួយមួយចំនួននៅតែមិនជឿចំពោះរឿងអស់ទាំងនេះ រហូតដល់ពួកគេ ជួបដោយខ្លួនឯងផ្ទាល់ទើបដឹងថា នេះជាការពិតដែលមិនអាចបកស្រាយ និងមិនពិសោធន៍ឲ្យឃើញស ខ្មៅបាន៕ 

ចង់ជ្រាបកាន់តែច្បាស់ពីការបកស្រាយរបស់អ្នកគ្រូពៅ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]