មេតាបូលីស សំដៅលើប្រតិកម្មគីមីក្នុងរាងកាយ ដើម្បីចាប់យកសារធាតុចិញ្ចឹមចាំបាច់ ទ្រទ្រង់ដំណើរការរាងកាយទាំងមូល បើការធ្វើមេតាបូលីសក្នុងរាងកាយយឺតយ៉ាវ សារធាតុចិញ្ចឹមក៏មិនគ្រប់គ្រាន់ រាងកាយយើងក៏ទ្រុឌទ្រោមទៅតាមនឹងដែរ។ គ្នាយើងដឹងហើយ ហាត់ប្រាណ ជួយធ្វើមេតាបូលីសក្នុងរាងកាយបានល្អ ប៉ុន្តែក៏នៅមានតិចនិកពិសេសមួយចំនួនទៀត ជួយរាងកាយធ្វើមេតាបូលីសបានលឿន “Hello គ្រូពេទ្យ” នឹងបង្ហាញក្នុងអត្ថបទនេះ។
១- ហាត់ទាញសាច់ដុំ
ស្រីៗភាគច្រើន តែងចៀសវាងការហាត់ទាញសាច់ដុំ ដោយសារតែមើលទៅឃើញសាច់ដុំរីកធំពេក។ នៅពេលយើងហ្វឹកហាត់ដោយការទាញសាច់ដុំ ពិសេសការលើកទម្ងន់ វាអាចធ្វើឲ្យសាច់ដុំមានការខូចខាត សកម្មភាពនេះ នាំឲ្យរាងកាយបន្ថែមដុតកាឡូរីបានច្រើនជាងមុន បន្ទាប់ ដើម្បីមកជួសជុលសាច់ដុំខូចខាតឲ្យជាសះស្បាយ និងរីកខូតលាស់ឡើងវិញ ហើយនេះត្រូវចាត់ទុកជាការធ្វើឲ្យមេតាបូលីសក្នុងរាងកាយកាន់តែសកម្មឡើង។
២- បញ្ចេញសកម្មភាពឲ្យបានច្រើន
បច្ចុប្បន្ន គ្នាយើងភាគច្រើន ធ្វើការយ៉ាងហោចណាស់ ៨ ម៉ោង/ថ្ងៃ ព្រលឹមចេញ ព្រលប់ទើបដល់ផ្ទះ ហើយទោះបីយើងបានចំណាយពេលហាត់ប្រាណ ៤៥ នាទី/ថ្ងៃ ក៏ដោយ ប៉ុន្តែនៅតែត្រូវចំណាយពេល ៨ ម៉ោងនៅតុធ្វើការដដែល។ ការអង្គុយពេញមួយថ្ងៃ មិនផ្តល់ផលប្រយោជន៍អ្វីដល់យើងទេ គួរតែព្យាយាមធ្វើហាត់ប្រាណ ឬបញ្ចេញសកម្មភាពបន្តិចបន្តួច អំឡុងពេលធ្វើការ អាចក្រោកឈរ និងដើរជុំវិញការិយាល័យរៀងរាល់ ១៥ នាទីម្តង ឬដើររយៈពេលយូរ ដូចជា ការដើរទៅកន្លែងចតរថយន្ត ដើរផ្លូវកាត់ ដើរឡើងជណ្តើរជើង ជំនួសជណ្តើរយន្ត ឬក្រោកឈរឡើង និងទាញសាច់ដុំ (ពត់ពែនខ្លួន) ក៏អាចមានឥទ្ធិពលទៅលើមេតាបូលីសក្នុងរាងកាយបានដែរ។
៣- រក្សាឲ្យរាងកាយមានសំណើម
យើងទាំងអស់គ្នា សុទ្ធតែដឹងហើយ រាងកាយយើងត្រូវការទឹកជាចាំបាច់ ចុះមានដឹងអត់ ខ្វះជាតិទឹកអាចធ្វើឲ្យមេតាបូលីសក្នុងខ្លួនចុះខ្សោយបាន។ ត្រូវផឹកទឹកយ៉ាងហោចណាស់ ៨កែវ ជារៀងរាល់ថ្ងៃ។ ភេសជ្ជៈផ្សេងទៀត ដូចជា តែ កាហ្វេ សូដា អាចផឹកបាន ប៉ុន្តែគួរតែព្យាយាមផឹកទឹក ព្រោះវាប្រសើរជាងភេសជ្ជៈផ្សេងៗទៀត។ គួរតែជ្រើសយកទឹកសម្រាប់ការធ្វើមេតាបូលីសបានលឿន និងធ្វើឲ្យស្បែកស្អាតជាងមុន។
៤- ត្រូវមានតុល្យភាពកាឡូរីក្នុងខ្លួន
មានវិធីតមអាហារជាច្រើននៅលើបណ្តាញអ៊ីនធឺណេត អាចមានចំណុចដូចគ្នាយើងតែងឃើញ គឺត្រូវញ៉ាំជាតិស្ករតិចតួចតាមអាចធ្វើទៅបាន ដើម្បីសម្រកជាតិខ្លាញ់ ឯបរិមាណកាឡូរីគួរតែញ៉ាំប្រចាំថ្ងៃស្ថិតនៅក្រោម ២០០០ គីឡូកាឡូរី។ ការកម្រិតកាឡូរីនាំចូលក្នុងខ្លួន គឺល្អសម្រាប់រំលាយជាតិខ្លាញ់ ប៉ុន្តែអាចធ្វើឲ្យរំខានដល់កម្រិតមេតាបូលីសយើងបាន។ នៅពេលរាងកាយ ចាប់អារម្មណ៍ដឹងថា យើងកំពុងញ៉ាំជាតិស្ករតិច នោះល្បឿនដុតបំផ្លាញខ្លាញ់ក៏ចុះខ្សោយទៅតាមនឹងដែរ រួចរំខានកម្រិតធ្វើមេតាបូលីសក្នុងខ្លួន ដូច្នេះត្រូវព្យាយាមរក្សាតុល្យភាពរវាងជាតិស្ករ ជាតិសរសៃ ជាតិខ្លាញ់មានសុខភាពល្អ ជាតិរ៉ែ និងវីតាមីន ដើម្បីជួយដល់ប្រព័ន្ធក្នុងរាងកាយដំណើរកាន់តែប្រសើរ។ ត្រូវកាត់បន្ថយលើអាហារមិនមានសុខភាព និងចៀន សំខាន់មិនត្រូវបង្អត់អាហារខ្លួនឯងនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]