ស្រីៗសម័យមុន ត្រូវរស់នៅពឹងម៉ែឪរកស៊ីចិញ្ចឹម ដល់មានប្ដី ពឹងប្ដីរកស៊ីចិញ្ចឹម ព្រោះគិតថា ខ្លួនជាស្រី មិនបាច់រៀនច្រើន ត្រឹមចេះធ្វើការងារផ្ទះ រៀបចំ មើលថែគ្រួសារ ផ្គាប់ចិត្តប្ដីប៉ុណ្ណឹងបានហើយ។ ប៉ុន្តែសម័យនេះ មិនអាចគិតបែបហ្នឹងបានទេ រស់នៅពឹងពុកម៉ែ អាចមិនមែនជាបញ្ហា តែបើពឹងប្ដីធ្វើការរកស៊ីចិញ្ចឹម អ្នកបានត្រឹមជាស្ត្រីមេផ្ទះ បានត្រឹមតែនៅផ្ទះ បើប៉ះប្ដីចិត្តមិនបាន ប្ដីមិនល្អ អ្នកនឹងត្រូវប្ដីធ្វើបាប គាបសង្កត់ គ្មានសិទ្ធិអ្វីទាំងអស់ ដូច្នោះហើយ ត្រូវចេះប្រើជីវិតរស់នៅដោយខ្លួនឯង ត្រូវពឹងពាក់ខ្លួនឯងឱ្យបានច្រើន។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះមានឈ្មោះថាជាមនុស្សស្រី ជាប្រពន្ធ ជាម្ដាយ ជាស្ត្រីមេផ្ទះ តែសម័យនេះ អ្នកក៏ត្រូវតែចេះធ្វើការរកស៊ី មានចំណេះដឹង មានភាពរឹងមាំ ជាអ្នកដឹកនាំ ជាស្ត្រីដែលមនុស្សប្រុសត្រូវការ អាចជាចំណែកសំខាន់នៅក្នុងគ្រួសារ មិនមែនជាមនុស្សស្រីដែលចាំប្ដីចិញ្ចឹម ការដែលចាំតែលាដៃសុំលុយប្ដីចាយ វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ ចាយលុយគេ មិនដូចចាយលុយខ្លួនឯងទេ ទោះជាប្ដីយើងមែន តែមិនប្រាកដថា គាត់សប្បាយចិត្ត នឹងយើងចាយវាយ ទិញនេះទិញនោះជាប្រចាំនោះឡើយ។

រូបតំណាង

មួយវិញទៀត ការដែលយើងបានរួមចំណែកក្នុងការរកលុយ វាក៏ជាការជួយបង្កើននូវប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារយើងដែរ។ ការដែលយើងចេះធ្វើការ រកស៊ី អាចរកចំណូលបានដោយខ្លួនឯង យើងនឹងមានសេរីភាពក្នុងការប្រើជីវិត មិនចាំបាច់ត្រូវនៅក្រោមគំនាប ឬការបិទសិទ្ធិសេរីភាពពីអ្នកណា ហើយក៏មិនបាច់ត្រូវប្រឈម រងភាពអាម៉ាស់ ឬការមាក់ងាយពីសាច់ញាតិ សាច់ថ្លៃ ឬអ្នកដទៃផងដែរ។

ម្យ៉ាងទៀត ប្ដីសម័យនេះ ពិបាកនឹងទុកចិត្តណាស់ មនុស្សប្រុសខ្លះ ស្រឡាញ់យើង ថ្នាក់ថ្នមយើងបានតែដំបូងប៉ុណ្ណោះ ៥ឆ្នាំមិនទាន់ទេ រេចិត្ត អស់ចិត្ត រកថ្មី ចង់ដោះដៃ ឬអាចនឹងមើលងាយយើងថែមទៀត។

ដូច្នេះហើយ បើយើងពឹងគេចិញ្ចឹម ថ្ងៃណាមួយដែលគេអស់ចិត្ត យើងនឹងលែងសល់អ្វីជាប់នឹងខ្លួន ព្រោះពឹងគេ របស់គេ គេចង់យកពេលណាក៏បាន គេសប្បាយចិត្តគេឱ្យយើង គេមិនសប្បាយចិត្តគេនឹងជេរដៀលត្មិះថាយើងមិនកំណើត។

ចាំណាស្រីៗ គ្មានអ្វីដែលល្អប្រសើរ ជាងការដែលយើងចេះប្រើជីវិតដោយខ្លួនឯង មានសមត្ថភាព មានចំណេះ ចេះធ្វើការរកស៊ី រកលុយចាយបានដោយខ្លួនឯងនោះឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]