ប្រពន្ធគ្រប់រូបតែងគិតខ្វល់ហើយយកចិត្តទុកដាក់ចំពោះប្ដី កូន និងក្រុមគ្រួសារមុនគិតដល់ខ្លួនឯងជានិច្ច។ ប្រពន្ធរមែងចង់ឱ្យប្ដី និងកូនស្អាត ស្រស់ស្រាយ សប្បាយចិត្ត ចង់ឱ្យប្ដី និងកូន មានមុខមានមាត់ចូលចំណោមគេចុះ។ ជាពិសេសប្ដីតែម្តង ពេលប្រពន្ធឃើញរូបរាងឬរូបសម្រស់របស់ប្តីមិនស្អាត ប្រពន្ធតែងរកនេះរកនោះធ្វើយ៉ាងណាជួយឱ្យប្ដីបានស្អាតសង្ហានឹងគេ ព្រោះនាងចង់បណ្ដើរប្ដី បង្អួតប្ដីឱ្យគេឯងឬមិត្តភក្តិបងប្អូនបានឃើញថាប្ដីនាងស្អាត ប្ដីនាងសង្ហា នេះហើយទឹកចិត្តប្រពន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែខុសពីលោកប្ដីមួយចំនួនបែរជាខ្លាចប្រពន្ធស្អាតពេក ខ្លាចប្រពន្ធតែងខ្លួនស្អាតជ្រុល ព្រោះខ្លាចគេមើលប្រពន្ធ  ខ្លាចគេតាមញ៉ែប្រពន្ធ  ចេះតែហាមប្រពន្ធកុំឱ្យតែងខ្លួន  កុំស្លៀកពាក់ខ្លីៗ ប្ដីខ្លះសូម្បីប្រពន្ធតុបតែងផាត់មុខ Make Up រៀងលើសបន្តិចក៏ចាប់ផ្ដើមប្រចណ្ឌ រករឿងឈ្លោះទាស់ទែងគ្នាទៅវិញ។ ប្ដីខ្លះទៀតទៅណាមកណាមិនចង់បណ្ដើរប្រពន្ធចេញទៅទេ បើប្រពន្ធស្អាត បណ្ដើរទៅខ្លាចគេមើល ខ្លាចគេញ៉ែ តែបើប្រពន្ធមិនស្អាតមិនចេះតែងខ្លួន បណ្ដើរទៅខ្លាចខ្មាសគេ ខ្លាចចូលចំណោមគេមិនចុះ ខ្លាចមិត្តភក្តិអ្នកក្រៅសើចចំអកឡកឡឺយ សុខចិត្តដើរម្នាក់ឯងធ្វើខ្លួនដូចកំលោះ។

មនុស្សប្រុសមួយចំនួនមិនឱ្យប្រពន្ធតែងខ្លួនទេ មិនឱ្យប្រពន្ធស្លៀកខ្លីៗទេ តែខ្លួនឯងចូលចិត្តមើលមនុស្សស្រីផ្សេងតែងខ្លួនស្អាតៗ ចូលចិត្តមនុស្សស្រីស្លៀកខើចខ្លី ស៊ិចស៊ី មើលមិនដាក់ភ្នែកសោះហើយ។ ហើយក៏មានមនុស្សប្រុសខ្លះទៀត មិនឱ្យប្រពន្ធតែងខ្លួនស្អាតដល់ពេលប្រពន្ធលែងស្អាត ប្រពន្ធជ្រីវជ្រួញ ចាស់ពេកក៏រកលេសថាប្រពន្ធរូបរាងមិនដូចមុន មិនស្អាតអីចេះមិនស្អាតអីចុះ ហើយចាប់ផ្ដើមធុញទ្រាន់នឹងប្រពន្ធ ចាប់ផ្ដើមបែកគំនិតទៅស្រឡាញ់ស្រីក្មេង រកស្រីខាងក្រៅស្អាតៗទៅវិញ នេះហើយប្រភេទចរិតលោកប្ដីមួយចំនួនយល់តែអារម្មណ៍ខ្លួនឯង ធ្វើតាមតែចិត្តខ្លួនឯង មិនសូវខ្វល់មិនយកចិត្តទុកដាក់ប្រពន្ធឡើយ។

មកដល់សម័យនេះហើយ លោកប្ដីទាំងឡាយ គួរបោះបង់គំនិតគិតប្រចណ្ឌអត់ហេតុផលទៀតទៅ ឈប់ហួងហែងខុសរបៀបទៀតទៅ កុំព្រោះខ្លាចគេតាមញ៉ែប្រពន្ធ ខ្លាចគេសម្លឹងមើលប្រពន្ធ ក៏សុខចិត្តឱ្យប្រពន្ធធ្វើខ្លួនធម្មតា ហាមប្រពន្ធមិនឱ្យតែងខ្លួន សូមអ្នកគិតថាការដែលប្រពន្ធយើងស្អាត ប្រពន្ធយើងមានសម្រស់គឺសបញ្ជាក់ថា យើងជាប្ដីល្អមានសមត្ថភាពអាចមើលថែប្រពន្ធបានល្អ យើងមានលទ្ធភាពទិញរបស់ល្អៗ និងរបស់មានតម្លៃឱ្យប្រពន្ធយើង។ ម្យ៉ាងទៀតវាក៏មានន័យថា យើងជាប្ដីដ៏អស្ចារ្យដែលមានប្រពន្ធនៅតែស្អាត នៅតែគួរឱ្យស្រឡាញ់ផងដែរ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]