សម័យនេះ ជាសម័យហ្វេសប៊ុគនិយម មនុស្សក្នុងសង្គមមួយនេះ មានរឿងអីបន្តិច ក៏បង្ហោះបង្ហើរតាមហ្វេសប៊ុគ ជាពិសេសគឺ ចូលចិត្តយករឿង យកបញ្ហាផ្ទាល់ខ្លួន និងការឈ្លោះទាស់ទែងប្ដីប្រពន្ធមកបង្ហាញឱ្យគេបានឃើញ សួរថា ធ្វើបែបហ្នឹងធ្វើអ្វី? បើនៅតែជាប្ដីប្រពន្ធ រស់នៅក្រោមដំបូលតែមួយជាមួយគ្នាដដែលហ្នឹង ធ្វើអ៊ីចឹង ដូចធ្វើឱ្យអ្នកដទៃគេនិយាយដើម និងមើលងាយប្ដីប្រពន្ធខ្លួនឯងទៅវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះ រៀបការផ្អើលអស់គេឯង តែមិនបានប៉ុន្មានផង ក៏ឈ្លោះជេរគ្នា ចង់លែងលះគ្នាផ្អើលគេទៀត ដឹងទេថា ការរស់នៅជាប្ដីប្រពន្ធ ត្រូវទ្រាំ ត្រូវអត់ធន់នឹងគ្នាប៉ុនណា ជាពិសេសគឺ ត្រូវតែទទួលយកគ្រប់យ៉ាងរវាងគ្នា ល្អអាក្រក់ក៏ត្រូវតែប្រឈមមុខ ហើយរៀនដោះស្រាយ រៀនកែប្រែដើម្បីគ្នា មិនមែនបញ្ហាតែបន្តិច មិនចេះអត់ធ្មត់ អាងអីនិយាយថាបែក លែងលះគ្នានោះឡើយ ឬគិតថា មិនខ្វះមនុស្សស្រឡាញ់ ឬគិតថា ការហើយដើម្បីតែលែងគ្នាមែនទេ?

ត្រូវដឹងផងថា ជីវិតប្ដីប្រពន្ធ កុំចេះតែហែកហួរគ្នា គ្មានប្ដីប្រពន្ធណាដែលថាមិនធ្លាប់ឈ្លោះគ្នានោះឡើយ ប៉ុន្តែគេឈ្លោះបែបថ្លៃថ្នូរ រក្សាមុខមាត់កិត្តិយសឱ្យគ្រួសារ គេចេះឈ្លោះចេះដោះស្រាយគ្នា មិនមែនជេរប្រទេច ដាក់បណ្ដាសាគ្នាផ្អើលអស់គេឯង ចុងក្រោយនៅតែលែងមិនដាច់ ទីបំផុតក៏វិលមករកគ្នាវិញ ទង្វើបែបហ្នឹងគេហៅថា មិនថ្លៃថ្នូរ។

ពេលឈ្លោះគ្នា មុននឹងជេរដាក់បណ្ដាសាគ្នា ហើយចង់បែក ឬលែងលះគ្នា ចូរសួរខ្លួនឯងសិនទៅថា " ហេតុអី ដំបូងឡើយរៀបការជាមួយគ្នា? ហេតុអ្វី ស្ម័គ្រចិត្តកាន់ដៃគ្នាសាងគ្រួសារ? មុននឹងសម្រេចចិត្ត គិតច្បាស់ហើយមែនទេ ស្គាល់ចរិតដៃគូខ្លួនឯងហើយមែនទេ? សួរថា ប្ដីប្រពន្ធអ្នកណាជាអ្នកជ្រើស អ្នកណាជាអ្នកព្រមទទួលយក ពេលឈ្លោះ មកដាក់បណ្ដាសាគ្នាអ៊ីចឹង មិនខ្លាចចាញ់ពាក្យសម្ដីខ្លួនឯងទេឬ? " គួរតែបញ្ឈប់ទៅ ឈ្លោះទាស់ប្ដីប្រពន្ធ កុំបង្ហោះឱ្យគេឯងបានដឹង ព្រោះមនុស្សក្នុងសង្គមមួយនេះ ចាំតែ តែៗស្ករៗ ចាក់រុក អុចអាល និងសើចចំអកឱ្យយើងតែប៉ុណ្ណោះ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]