ចង់ឱ្យមនុស្សមានចិត្ត គំនិត អត្តចរិត ចំណង់ចំណូលចិត្តដូចគ្នាទាំងស្រុងគឺមិនអាចទេ តែក៏មានមនុស្សខ្លះ ហាក់ដូចជាមានចំណង់ចំណូលចិត្តដូចយើង សូម្បីតែគំនិតការគិតក៏ស្រដៀងៗយើង ដែលជាប្រភេទមនុស្សស៊ីសង្វាក់ និងត្រូវរ៉ូវជាមួយយើងខ្លាំង ពេលបាននៅក្បែរគេ ពេលបាននិយាយជាមួយគេ ក៏មានអារម្មណ៍ថា កក់ក្ដៅ និងសប្បាយចិត្ត។ រហូតដល់ពេលខ្លះ យើងក៏ស្រាប់តែគិតថា បើគេ និងយើងជាគូនឹងគ្នា ក្លាយជាសង្សារ ឬប្ដីប្រពន្ធ ប្រាកដជាល្អ អាចរស់នៅចុះសម្រុងនឹងគ្នាថែមទៀតផង។

សួរថា " តើយើងគួរជ្រើសយកមនុស្សដែលមានចំណង់ចំណូលចិត្តដូចយើង ឬជ្រើសយកមនុស្សដែលអាចសម្របបានតាមយើង ទាំងដែលគេមានចំណង់ចំណូលចិត្តផ្ទុយស្រឡះពីយើង "?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

គួរដឹងថា មនុស្សខ្លះ ដ្បិតថាមានចិត្តគំនិត អត្តចរិត ចំណង់ចំណូលចិត្តដូចយើង ស្រដៀងយើងក៏ពិតមែន តែបែរជាពិបាកនឹងចុះសម្រុងនឹងយើងតទៅថ្ងៃមុខ គេអាចយល់ពីយើងក្នុងរឿងខ្លះ គេអាចនឹងធ្វើឱ្យយើងចាប់អារម្មណ៍ ត្រឹមតែមួយរយៈពេលដំបូង តែពេលរស់នៅជាមួយគ្នា ឬទាក់ទងគ្នាយូរៗទៅ វាក៏នឹងមិនដូចអ្វីដែលយើងចង់បាន ព្រោះមនុស្សបើកាលណាដូចយើងខ្លាំងពេក គេអាចនឹងហ៊ានប្រឆាំង ប្រណាំង ប្រជែង ប្រកែកនឹងយើងវិញក៏ថាបានដែរ ដូចជាមានចរិតឆាប់ខឹង ឆេវឆាវ ដូចយើង គឺវាសុទ្ធតែជារឿងដែលធ្វើឱ្យពិបាកនឹងចុះសម្រុងគ្នា មនុស្សចិត្តក្ដៅដូចគ្នា គឺមិនអាចរស់នៅជាមួយគ្នាបានយូរឡើយ។

រូបតំណាង

ប៉ុន្តែ សម្រាប់មនុស្សដែលមានចិត្តគំនិតផ្ទុយពីយើង តែគេអាចសម្របតាមយើងបានគ្រប់រឿង គ្រប់យ៉ាង វាបែរជារឿងដែលល្អទៅវិញ។ ព្រោះមិនថាជារឿងអ្វីទេ តែគេអាចយល់ អាចបែងចែក និងអាចព្រម ឬសម្របតាមយើង គេអាចរៀនកែប្រែ ឬផ្លាស់ប្ដូរមកតាមយើងបាន។ ម្យ៉ាងទៀត បើគេមានចរិតផ្ទុយពីយើង ដូចជាបើយើងឆេវឆាវ ឆាប់ខឹង គេជាមនុស្សចិត្តត្រជាក់ គេអាចនឹងតាមលួងលោមយើងបាន គេអាចនឹងជាមនុស្សដែលលួងយើងបានយ៉ាងល្អបំផុត។ ចំណែកយើងខ្លួនឯងក៏ដូចគ្នា បើយើងចេះសម្រប ចេះកែប្រែ ទៅតាមអ្វីដែលគេគិត ឬចូលចិត្ត វាក៏រឹតតែជារឿងល្អ។ មនុស្សពីរនាក់ដែលចង់ចាប់ដៃគ្នា​ ចង់សាងជីវិតគ្រួសារជាមួយគ្នា គឺត្រូវតែចេះសម្រប និងកែប្រែផ្លាស់ប្ដូរតាមគ្នា ទៅតាមស្ថានភាព ទើបអាចឱ្យដំណើរនៃទំនាក់ទំនងល្អប្រសើរ រស់នៅជាមួយគ្នាបានយូរអង្វែង៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]