ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះសង្កេតឃើញថានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក  តម្លៃផ្លែម្ទេសក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយតម្លៃហាក់បីដូចជារាងប្រែប្រួល ឡើងថ្លៃជាងពីពេលមុនរាងឆ្ងាយដែរ ដោយមានបងប្អូនជនរួមជាតិជាច្រើននាក់បាននិយាយដូចៗគ្នា។

ជាការពិតណាស់ ចំពោះមូលហេតុដែលធ្វើឲ្យម្ទេសមានតម្លៃថ្លៃនេះគឺយើងមិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីឡើយ ប៉ុន្តែគ្រាន់តែបានឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានត្អូញត្អែ ពីបញ្ហាដែលទើបតែកើតឡើងថ្មីៗនេះ ដោយសារតែផ្លែម្ទេស គឺជាគ្រឿងដ៏សំខាន់និង ចាំបាច់មួយសម្រាប់បន្ថែមរសជាតិនៅក្នុងអាហារ ក៏ដូចជាសម្រាប់បងប្អូនអាជីវករជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយយល់ពីបញ្ហានេះហើយ ទើបបានជា ខ្មែរឡូត បានលើកយកប្រធានបទដែលទាក់ទងទៅនឹង កសិកម្មដែលជា បច្ចេកទេសនៃការដាំម្ទេស ចែកជូនបងប្អូន ដើម្បីទស្សនានិង ស្វែងយល់ពីចំណេះដឹងមួយនេះទុកដាំម្ទេសនៅក្នុងគេហដ្ឋាន ជួនជាពេលនេះតម្លៃម្ទេសឡើងនេះនិង ជារដូវកាលកូវីដ១៩ ដែលបងប្អូនត្រូវនៅក្នុងផ្ទះឲ្យច្រើន ដូច្នេះកុំទុកពេលទំនេរចោលអី។

តោះចង់ដឹងថាបច្ចេកទេសដាំម្ទេសមានលក្ខណៈយ៉ាងដូចម្តេចខ្លះ សូមចូលទស្សនាទាំងអស់គ្នា៖

១. ការត្រៀមដីក្នុងការដាំម្ទេស

ម្ទេសអាចដាំបានស្ទើរតែគ្រប់ប្រភេទដី តែប្រភេទដីដែលល្អបំផុតគឺ ដីដែលមិនជាំទឹក ហើយគួរភ្ជូរត្រឡប់ហាលចោលពី ៧-១០ថ្ងៃ សម្រាប់ជីដែលត្រូវប្រើគឺ ជីលាមកសត្វឬជីសរីរាង្គ។

រូបតំណាង

២. វិធីបណ្តុះកូន

គួរបណ្តុះកូននៅលើថ្នាលជាមុនសិន ដោយខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ហើយត្រាំទឹក ១ យប់ រួចយកទៅលាងក្នុងទឹកដែល កំពុងហូរយ៉ាងហោចណាស់ ៣០ នាទី យកគ្រាប់ម្ទេសដែលខ្ចប់នឹងក្រណាត់រក្សាទុកនៅកន្លែងដែលស្ងួត ហើយម្លប់ ២-៣ថ្ងៃទៀត។ នៅពេលដែលគ្រប់ម្ទេសដុះចេញឬសពណ៌សតូចៗ សឹមយកទៅបណ្តុះ។

រូបតំណាង

៣.បច្ចេកទេសក្នុងការដាំ

ក្រោយពេលបណ្តុះកូនបាន ២-៣ សប្តាហ៍ មុននឹងយកទៅដាំលើថ្នាលថ្មី ចូរកាត់បណ្តូលកូនម្ទេសឱ្យសល់តែថ្នាំងដែល មានស្លឹកចាស់ ព្រមទាំងកាត់ឬសកែវឱ្យសល់ប្រវែង ១ ឬ១ ថ្នាំងដៃកន្លះ ។ នៅពេលដែលម្ទេសធំឡើង វានឹងមិនខ្ពស់ពេក ផ្ទុយទៅវិញវានឹងបែកមែកច្រើន ធ្វើឱ្យមានផ្កា ផ្លែច្រើនដែរ ចំណែកឬសកែវនឹងកើតជាឬសតូចៗច្រើន អាចរកអាហារ ជីវជាតិមកចិញ្ចឹមដើមបានដោយងាយ។ គួរដាំទុកចន្លោះរវាងដើមនីមួយៗ ប្រវែង ៥០សម. ទុកចន្លោះៗរវាងជួរនីមួយៗ ៧០សម។ 

រូបតំណាង

៤.ការដាក់ជី

ក្រោយពេលដាំបាន ២០-២៥ថ្ងៃ ឬអាចសង្កេតមើលដើមម្ទេស ដោយជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមសត្វ។

រូបតំណាង

៥.ការថែទាំ

ក្រោយពីដាំហើយយើងស្រោចទឹកឲ្យបានជោគ១ថ្ងៃ២ដង

-ដកស្មៅឲ្យបានញឹកញាប់

-ជ្រំដីធ្វើឲ្យដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល

-ស្រោចទឹកជីធម្មជាតិ

រូបតំណាង

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]