សម្រស់ស្រស់ស្អាត អ្នកណាឃើញក៏សរសើរ គឺជាអ្វីដែលស្រីៗយើងតែងតែប្រាថ្នាចង់បាន។ ពិតណាស់ ការថែទាំសម្រស់គឺជារឿងចាំបាច់បំផុត មិនថាផ្នែកណានៃរាងកាយនោះទេ វាសុទ្ធសឹងតែជួយលើកសម្រស់របស់យើងឲ្យកាន់តែមានភាពលេចធ្លោទ្វេដង។ នៅពេលដែលយើងយកចិត្តទុកដាក់ចំពោះស្បែកមុខ ស្បែកខ្លួន និងសក់ យើងក៏មិនគួរភ្លេចថែទាំក្រចកផងដែរ។ ម្រាមដៃស្រឡូនស្អាត ត្រូវតែជាគូនឹងក្រចកដែលមានសុខភាពល្អ និងរឹងមាំ ក៏ដូចជាមើលទៅស្រស់ស្អាតនិងមានរបៀបរៀបរយ។
ផ្ទុយទៅវិញ បើយើងមិនថែទាំក្រចកជាប្រចាំទេនោះ វានឹងលេចឡើងនូវចំណុចសៗនៅលើក្រចក ឬក៏មានពណ៌ខុសប្រក្រតី ឬរហែក ក៏ដូចជាស្លេកស្លាំងជាដើម។ ហេតុនេះហើយ ការចំណាយពេលបន្តិចបន្តួច ដើម្បីបានក្រចកដ៏ភ្លឺចែងចាំង និងពោរពេញទៅដោយមន្តស្នេហ៍ គឺជារឿងដែលចាំបាច់បំផុតសម្រាប់ស្រីៗយើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណុចគួរធ្វើ
១. ផ្ដល់សំណើមដល់ក្រចក
ក្រចកដ៏ដូចគ្នាទៅនឹងផ្ទៃមុខយើងដែរ ដែលត្រូវការសំណើមជាចាំបាច់។ ការផ្ដល់សំណើមនេះ នឹងធ្វើឲ្យក្រចកក៏ដូចជាស្បែកគល់ក្រចកមានសុខភាពល្អ និងភ្លឺរលោង ព្រមទាំងជួយការពារក្រចក កុំឲ្យអោយឆាប់បាក់ផងដែរ។
២. វីតាមីនBiotin និងស័ង្កសី
ប្រសិនបើក្រចកយើងឧស្សាហ៍បាក់ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យអំពីប្រភេទវីតាមីនជំនួយក្រចកដូចជាបាយអូទីន (Biotin) និងស័ង្កសី ដែលជួយឲ្យក្រចករឹងមាំ និងក្រាស់ល្អ។
៣. កុំភ្លេចពាក់ស្រោមដៃពេលលាងចាន
ចូរពាក់ស្រោមដៃនៅរាល់ពេលដែលយើងលាងសម្អាតចាន។ ពិតណាស់ សារជាតិកាត់នៅក្នុងសាប៊ូលាងចាន អាចបំផ្លាញដល់ក្រចកដ៏ស្រស់ស្អាតរបស់យើងដោយមិនដឹងខ្លួន ដែលធ្វើឲ្យក្រចកយើងទន់ ងាយបាក់ និងឡើងពណ៌លឿងថែមទៀតផង។
៤. សម្លាប់មេរោគឧបករណ៍ធ្វើក្រចក
ឧបករណ៍ធ្វើក្រចកចាំបាច់ត្រូវតែស្អាត និងមានអនាម័យ ដើម្បីការពារយើងពីបាក់តេរី ឬមេរោគផ្សេងៗ។ ចូរសម្លាប់មេរោគក្រោយប្រើ ឬផ្លាស់ប្ដូរថ្មីជាប្រចាំ។
៥. អនាម័យក្រចក
នៅពេលដែលយើងលាងដៃ យើងក៏ចាំបាច់ត្រូវលាងសម្អាតក្រចកឲ្យបានស្អាតល្អផងដែរ ដើម្បីជម្រះរាល់ធូលីដី ក៏ដូចជាមេរោគផ្សេងៗចេញពីក្រចក។ ម្យ៉ាងវិញទៀត ការកាត់តម្រឹមក្រចកជាប្រចាំ ក៏ជារឿងដែលយើងមិនគួរមើលរំលងដែរ ព្រោះនៅពេលដែលក្រចកខ្លី វានឹងមានភាពរឹងមាំ ព្រមទាំងមិនងាយបាក់ផងដែរ។
ចំណុចមិនគួរធ្វើ
១. កុំខាំក្រចក
ស្បែកគល់ក្រចកគឺជារនាំងការពារបែបធម្មជាតិមួយ ដែលធ្វើឲ្យពពួកផ្សិត និងបាក់តេរីមិនហ៊ានមកបៀតបៀន។ ប៉ុន្តែ បើយើងបំផ្លាញរនាំងនេះដោយការខាំក្រចក វាអាចនឹងធ្វើឲ្យរាងកាយយើងឆ្លងមេរោគ និងឧស្សាហ៍មានជំងឺផ្សេងៗ។
២. កុំទាញសាច់ដុះនៅគល់ក្រចកចេញ
ស្រីៗយើងខ្លះចូលចិត្តទាញសាច់ដុះនៅគល់ក្រចកចេញភ្លាមៗ ដោយដៃផ្ទាល់។ ប៉ុន្តែការធ្វើបែបនេះ នឹងអាចធ្វើឲ្យជាលិកាដែលនៅរស់ដាច់ទៅជាមួយ ដែលបណ្ដាលឲ្យចេញឈាមថែមទៀតផង។ ចូរប្រើកន្ត្រៃកាត់ក្រចកជំនួសវិញ បើអ្នកមិនចង់ឲ្យឆ្លងមេរោគតាមសាច់ដែលដាច់ចេញឈាមទេនោះ។
៣. កុំប្រើទឹកជូតក្រចកញឹកញាប់ពេក
ការប្រើទឹកជូតក្រចកញឹកញាប់ពេក វានឹងធ្វើឲ្យក្រចកខ្សោយ និងងាយបាក់។ ដូចនេះ យើងគួរតែកាត់បន្ថយការប្រើទឹកជូត ក៏ដូចជាជ្រើសរើសទឹកជូតក្រចកណាដែលគ្មានជាតិអាសេតូន។
៤. កុំភ្លេចលាបទឹករលោង មុនពេលលាបថ្នាំក្រចក
ការលាបទឹករលោង គឺជាជំហានមួយដែលចាំបាច់បំផុត។ ប្រសិនបើយើងលាបថ្នាំក្រចកផ្សេងយកតែម្ដង វានឹងធ្វើឲ្យក្រចកយើងក្លាយទៅជាពណ៌លឿង ឬប្រផេះ។
៥. កុំប្រើប្រដាប់រូសក្រចករួមគ្នា
ពពួកបាក់តេរី និងមេរោគផ្សេងៗ តែងតែសម្ងំលាក់ខ្លួននៅក្នុងប្រដាប់រូសក្រចក ដូចនេះ ការប្រើប្រាស់ឧបករណ៍ធ្វើក្រចករបស់អ្នកដទៃ គឺប្រៀបដូចជាផ្ទេរយកនូវបាក់តេរីទាំងនោះចូលក្នុងរាងកាយរបស់យើងដូច្នោះដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]