យល់ដឹង៖ តាមទំនៀមទំលាប់ ប្រពៃណីខ្មែរ ក្នុងពិធីអាពាហ៍ពិពាហ៍ មិនដែលចោលនោះទេ ពិធីចងដៃ បង្កក់សិរី ដល់កូនប្រុសស្រី ដែលបានចាប់ដៃគ្នា កសាងគ្រួសារថ្មី ក្នុងពិធីនេះ តាម ទម្លាប់ខ្មែរ គេតែងតម្រូវឲ្យ លោកមេបា ប្រុសស្រី សាច់ញាតិ បងប្អូនជាគួៗ មកចងដៃ កូនកំលោះនិង កូនក្រមុំ ជាមួយប្រភេទ ខ្សែអំបោះ មានពណ៌ក្រហម និងលឿង ជាដើម។
តើក្នុង ពិធីមង្គលការខ្មែរ ការចងដៃ ដោយអំបោះទាំង ២ពណ៌នេះ មានអត្ថន័យ ខុសប្លែក ពីគ្នាយ៉ាង ដូចម្តេច?
ជាកាពិតទៅ អំបោះចងដៃ ពណ៌ក្រហមនេះ មិនមែនជា ទំនៀមទម្លាប់ របស់ខ្មែរនោះទេ ក្នុងទម្លាប់ខ្មែរបុរាណ ដំបូងគឺប្រើតែ អំបោះពណ៌ស តែប៉ុណ្ណោះ។ អំបោះពណ៌ស របស់ខ្មែរ មានអត្ថន័យ ក៏ដូចជាតំណាងឲ្យ ពណ៌បរិសុទ្ធ និងភាពស្មោះត្រង់ ចំពោះម្យ៉ាងទៀត ក៏ជាតំណាងឋានន្តរសក្តិ ប្រសើរខ្ពង់ខ្ពស់ នៅក្នុងប្រទេស ផងដែរ។
ចំណែក ការចងអំបោះក្រហម នៅសម័យមុន ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា មានការជះឥទ្ធិពល មកលើប្រទេសខ្មែរ។ ពលរដ្ឋនៅទឹកដី ឥណ្ឌូចិនប្រកាន់យក ជំនឿមួយហៅថា ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នកតា គឺការមានជំនឿ លើវិញ្ញាណក្ខន្ធ សក្តិសិទ្ធិ រក្សាទឹកដី ព្រៃភ្នំ និងជីវិតមនុស្ស សត្វជាដើម។ ហេតុនេះហើយ ទើបតាមជំនឿ តមកក៏មានជា ការចងខ្សែអំបោះ ពណ៌ក្រហមនេះ តដល់ពេលបច្ចុប្បន្ន នេះតែម្តង។
រីឯអំបោះ ពណ៌លឿង ឬហៅថាពណ៌មាស ក្នុងក្បួនបុរាណនៃ មនុស្សខ្មែរ អំបោះសម្រាប់ចងដៃ មាន៣ ប្រភេទសម្រាប់ កិច្ចមង្គលគឺ៖
១. អំបោះឆៅសសុទ្ធ
២. អំបោះឆៅ ហូតក្រមួនសុទ្ធ
៣. និងអំបោះឆៅ សជ្រលក់ម្សៅរមៀត។
ចំពោះពិធីមង្គលការខ្មែរ និយមយកអំបោះឆៅ ទៅហូតក្រមួន សុទ្ធខ្លះជ្រលក់ម្សៅរមៀត ហើយហូតទៀនក្រមួន ដែលជាពណ៌ តំណាងមាស លឿងឆ្អៅ នេះឯង។
រឿងគួរ យល់ដឹងនោះគឺថា បើតាមទម្លាប់ ពលរដ្ឋខ្មែរ ភាគច្រើនមាន ការយល់ច្រលំ ដោយ និយមជ្រើសយក អំបោះពណ៌ក្រហមលីឡុង យកមកប្រើច្រើន ជាងពណ៌លឿង តែបើតាម ក្បួនត្រឹមត្រូវ សម្រាប់ ប្រជាពលរដ្ឋខ្មែរ មិនប្រើអំបោះ លីឡុង ក្រហមយកមក ចងដៃនោះទេ។ ក៏ប៉ុន្តែ បច្ចុប្បន្ន គេសង្កេតឃើញថា តាមពិធីមង្គលការ ភាគច្រើនបាន ផ្លាស់ប្តូរមកប្រើប្រាស់ ការចងដៃដោយ ប្រើអំបោះស ហូតទៀនក្រមួន ដែលគេនិយម ហៅថាពណ៌លឿង ឬពណ៌មាស ច្រើនជាងមុន ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]