ចំណេះដឹង៖  តើរូបអ្នកផ្ទាល់ធ្លាប់ជួបប្រទះនឹងបញ្ហានេះដែរឬទេ?  តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ?

 នៅពេលអ្នកភ្ញាក់ឡើងកណ្តាលអាធ្រាត អ្នកព្យាយាមរើខ្លួនរបស់អ្នក តែមិនអាចទាល់តែសោះ។ អ្នកព្យាយាមរកជំនួយ ប៉ុន្តែអ្នកមិនអាចធ្វើអ្វីបានទាំងអស់ សូម្បីតែបញ្ចេញសម្លេង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺពេលអ្នកសម្រាកនៅលើគ្រែ មានជនចម្លែកមកស្ថិតនៅលើរូបអ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើដូច្នេះ អ្នកកំពុងជួបនឹងបញ្ហាដែលប្រជាជនខ្មែរយើង ភាគច្រើនហៅថា ខ្មោចសង្កត់ ជាភាសាអង់គ្លេស Sleep Paralysis ។

Sleep Paralysis គឺជាសភាពដែលមនុស្សម្នាក់ដឹងខ្លួនពេលកំពុងលង់លក់ ប៉ុន្តែមិនអាចកម្រើក ឬ និយាយអ្វីបានឡើយ។ ចំពោះអាការៈបែបនេះ វាកើតឡើងពីរដំណាក់កាល។ នៅពេលដែលអ្នកកំពុងកំលង់លក់ក្នុងដំណេកឬ រៀបនឹងភ្ញាក់។ មនុស្សដែលពើបប្រទះនឹងអារម្មណ៍មិនអាចកម្រើក ឬ មានអារម្មណ៍ថាមានអ្វីសង្កត់ ឬ ទម្ងន់មកខ្លួនយើងតែម្តង ហាក់បីដូចមាននរណាម្នាក់ ឬ អ្វីមួយធ្ងន់មកអង្គុយលើរូបអ្នក។ ហើយក្នុងដំណើរការនោះ អ្នកក៏ស្ថិតក្នុងភាពមមើមមាយដែរ ដែលធ្វើស្ថានភាពកាន់តែព្រឺព្រួច។

សូមទស្សនារូបភាព និង ការអធិប្បាយខាងក្រោម៖

អ្នកបាត់បង់ការគ្រប់គ្រងលើរាងកាយ

មិនថាអ្នកព្យាយាមរើខ្លួនប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះនឹងហេតុការណ៍បែបនេះ គ្មានអ្វីដែលអ្នកអាចធ្វើដើម្បីឱ្យភា្ញក់រាងកាយរបស់អ្នកបានទេ។ប៉ុន្តែ មនុស្សមួយចំនួនបានត្រឹមកម្រើកម្រាមដៃ ឬក៏ម្រាមជើងរបស់គេ ដែលអាចធ្វើឱ្យពួកគេភ្ញាក់ខ្លួនចេញពីសុបិន្តិដ៏អាក្រក់នេះ។

មនុស្សមួយចំនួនពិពណ៍នាហេតុការណ៍នេះថាជា បទពិសោធន៍ក្រៅរាងកាយ។ អាការៈខ្មោចសង្កត់បែបនេះអាចមានរយៈពេលចាប់ពី ពីរបីវិនាទី ដល់ពីរបីនាទីឯណោះ។

អ្នកជួបប្រទះការមមើមមាយ និង សុបិន្តអាក្រក់

​អាការៈសំខាន់នៃ Sleep Paralysis ឬខ្មោចសង្កត់នេះ រួមមាន មមើមមាយ និង សុបិន្តអាក្រក់។ ទោះបីជាយ៉ាងក៏ដោយ អាការៈទាំងនេះ វាខុសគ្នាអំពីសុបិន្តដែលជួបប្រទះពេលអ្នកក្នុងលង់ក្នុងដំណេក។​ តាមពិតទៅ ការមមើមមាយនេះ កើតឡើងនៅពេលដែលចិត្តរបស់អ្នកភ្ញាក់ឡើង និង អ្នកមានអារម្មណ៍ថាបានភ្ញាក់ឡើង។ នេះធ្វើឱ្យស្ថានភាពកាន់តែព្រឺព្រួចទ្វេដង។

នៅពេលដែលអ្នកមិនអាចកម្រើកបាន អ្នកហាក់បីបានឃើញរូបស្រមោលជាមនុស្ស និង​ លឺសម្លេងគួរឱ្យខ្លាចរន្ធត់ញាប់ញ័រមកសន្ធំលើរូបអ្នក។

ពេលខ្លះវាជាប់ជាមួយអារម្មណ៍ថា អ្នកកំពុងត្រូវបានគេអូសចេញគ្រែ ឬ ហោះ និង រំញ័រពេញរាងកាយ។ ការភ័យខ្លាចនឹងចូលមកលងអ្នក ហើយវាគ្មានអ្វីចម្លែកឡើយដែលអ្នកទទួលបាននូវអារម្មណ៍ភ័យខ្លាច និង ការតក់ស្លុត នៅពេលដែលយើងអាចមិនស្រែក ឬ​ ធ្វើចលនានោះ។

អាការៈបែបនេះមានតាំងពីបុរាណកាលមកម្លេះ

មនុស្សហាក់បីដូចជាចាប់ផ្តើមកំណត់សម្គាល់ អាការៈខ្មោចសង្កត់នេះតាំងពីបុរាណកាលមកម្លេះ។ មានរឿងជាច្រើនជុំវិញពិភពលោកដែលពិពណ៍នាអ្វីមួយមានអាការៈស្រដៀងគ្នានឹងស្ថានភាពបែបនេះ។ មនុស្សភាគច្រើនយល់ថាវាជាការកើតឡើងពីបិសាច ខ្មោចព្រាយ ជាមនុស្សក្រៅភព ជាដើម។​

ឧទាហរណ៍សំខាន់នោះគឺទាក់ទងនឹងអាការៈបែបនេះ ដែលត្រូវបានជាងគំនូរជនជាតិស្វីសលោក Henry Fuseli បានគូរពិពណ៍នាអំពី បិសាចអង្គុយសន្ឋិតលើរូបស្រ្តីទទួលរងនូវសម្ពាធខ្លាំងនៃខ្មោចសង្កត់។

ហេតុអ្វីបានជាមានអាការៈបែបនេះ

នៅពេលយើងដេក រាងកាយរស់យើងចូលទៅកាន់ និង ចេញពីប្រព័ន្ធ REM ឬ ចលនាភ្នែករហ័ស ឬ ជាភាសាអង់គ្លេស Rapid Eye Movement។

ខួរក្បាលរបស់យើងចេញបញ្ជាទៅកាន់សាច់ដុំរបស់យើង ឱ្យវាសម្រាក និង ចូលក្នុងសភាព Antonia ។ សភាព Antonia គឺមានសំខាន់ក្នុងការដាក់កម្រិតទៅលើចលនារាងកាយ។ អាការៈបែបនេះកើតឡើង នៅពេលដែលរាងកាយរបស់យើងមានបញ្ហាក្នុងការធ្វើការផ្លាស់ប្តូរ។ យើងភ្ញាក់ឡើង ប៉ុន្តែសាច់ដុំរបស់យើងបរាជ័យក្នុងការចាកចេញពីសភាព Antonia ។ មានការពន្យល់មួយចំនួនដែលទាក់ទងនឹងការមមើមមាយនេះ។ ការពន្យល់មួយបានបកស្រាយថាដោយសារតែផ្នែកនៃខួរក្បាលរបស់យើង វាមានទំនួលខុសត្រូវចំពោះការភ័យខ្លាច និង មានភាពសកម្មក្នុងប្រព័ន្ធ REM ។ វាធ្វើការធម្មតា ប៉ុន្តែខួរក្បាលរបស់យើង វាបង្កើតហេតុការណ៍នេះឡើង និង បង្កឡើងជាមួយសម្លេង និង ស្រមោលគួរឱ្យខ្លាចតែម្តង។

កត្តាដែលឈានទៅដល់អាការៈខ្មោចសង្កត់ ឬ Sleep Paralysis 

កត្តាដែលឈានដល់អាការៈបែបនេះ

អាការៈខ្មោចសង្កត់នេះ គឺជាព្រឹត្តិការណ៍ធម្មជាតិ វាកើតឡើងចំពោះមនុស្សគ្រប់រូប មិនប្រកាន់វ័យ ភេទ ឬ ស្ថានភាពសុខភាពនោះឡើយ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បានកំណត់សម្គាល់នូវលក្ខខ័ណ្ឌមួយចំនួនដែលឈានទៅដល់ការប្រឈមខ្ពស់នឹង អាការៈខ្មោចសង្កត់ ឬ Sleep Paralysis នេះ។

·         ការគេងមិនគ្រប់គ្រាន់ នេះរួមទាំងរបបនៃការដេកមិនទៀងទាត់ គេងគ្មានរបៀប ដូចជាគេងមិនលក់ គេងច្រើនជ្រុលហួតហេតុ និង ការបង្អត់ដំណេកដោយសារតែធ្វើការច្រើនជាដើម។

·         ការគេងក្នុងចលនាផ្ងារ ការដេកនៅលើខ្នងរបស់អ្នកក៏ត្រូវបានគេរកឃើញថា ជាកត្តាដ៏លេចធ្លោឈានទៅរក ខ្មោចសង្កត់។ វាធ្វើឱ្យអ្នកទទួលដំណេក ដាក់សម្ពាធខ្លាំងទៅដល់សួត ហើយនិង ផ្លូវដង្ហើម។

·         ហ្សែន វាក៏ជាកត្តាគួបផ្សំផងដែរ។ អាការៈខ្មោចសង្កត់នេះ ក៏អាចបន្តពូជពង្សត្រកូលបានដែរ ជាកេរ្តិ៍ដំណែលចេញពីហ្សែននៃផៅសណ្តានរបស់អ្នកផងដែរ។

·         បញ្ហាផ្លូវចិត្ត តំណរភ្ជាប់របស់រវាងអាការៈខ្មោចសង្កត់ និង បញ្ហាផ្លូវចិត្ត ស្ថិតក្នុងការរុករក ប៉ុន្តែ ស្ថិតិបានបង្ហាញថា មនុស្សដែលមានរបួសផ្លូវចិត្ត PSTD និង មនុស្សមានអាការៈភ័យខ្លាចដែលអាចទំនងប្រឈមជាមួយអាការៈខ្មោចសង្កត់តែម្តង។

ដំណោះស្រាយ

រូបតំណាង

មនុស្សគ្រប់គ្នាបានទទួលស្គាល់ថា អាការៈខ្មោចសង្កត់នេះ ពិតជាគួរឱ្យរំខាន និង មិនចង់ពើបប្រទះទៀតឡើយ ប៉ុន្តែវាមិនអាចបង្កជាគ្រោះថ្នាក់ពិតប្រាកដឡើយ ដោយមិនបានធ្វើឱ្យប៉ះពាល់ដល់រូបរាងកាយរបស់អ្នកឡើយ។ យ៉ាងណាមិញ ស្តាប់ទៅវាគួរឱ្យព្រឺព្រួច ហើយវាគ្មានថ្នាំព្យាលឡើយមកទល់ពេលនេះ។

ប៉ុន្តែ វេជ្ជបណ្ឌិតជាច្រើនបានណែនាំនូវទម្លាប់នៃការគេងដើម្បីឱ្យមានភាពសុខភាពល្អដូចខាងក្រោម៖

·         ចូលគេង និង ក្រោកពីគេងឱ្យបានទៀងពេលជារៀងរាល់ថ្ងៃ

·         កុំពិសារជាតិកាហ្វេអ៊ីនមុនពេលដំណេក

·         ជៀសវាងការគេងផ្កាប់ ឬ ផ្ងារលើខ្នង

·         រក្សាគ្រឿងអេឡិចត្រូនិចឱ្យឆ្ងាយពីបន្ទប់គេង

ប៉ុន្តែរឿងដែលសំខាន់បំផុតនោះ សូមមេត្តារក្សាភាពស្ងប់ស្ងៀម និង មិនភ័យខ្លាចជ្រុល គឺជាគន្លឹះដ៏សំខាន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]