គ្នា​យើង​ដែល​មាន​បញ្ហា​អាលែក​ហ្ស៊ី​ពិត​ជា​មាន​អារម្មណ៍​ធុញ​ថប់​មិន​ខាន​ ដោយ​សារ​តែ​ជួប​ញឹក​ញាប់​នូវ​អាការៈ​ហៀរ​សម្បោរ កណ្ដាស់ ក្អក និង​ហូរ​ទឹក​ភ្នែក ជា​ដើម​នោះ។ បញ្ហា​អាលែកហ្ស៊ី មិន​ត្រឹម​តែ​រំខាន​ដល់​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​អាច​រំខាន​ដល់​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ផង​ដែរ។

ការ​មាន​បញ្ហា​អាលែក​ហ្ស៊ី​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កើត​ស្ត្រេស​បាន ប៉ុន្តែ​បើ​យើង​ជួប​បញ្ហា​ស្ត្រេស​ដោយ​ហេតុ​ផ្សេងៗ​ក៏ធ្វើ​ឲ្យ​បញ្ហា​អាលែក​សហ៊្សី​កាន់​តែ​អាក្រក់​ដូច​គ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. យល់​ដឹង​ពី​អាលែកហ្ស៊ី​

អាលែក​ហ្ស៊ី​កើត​ឡើង​ពី​ការ​ធ្វើ​ប្រតិម្ម​ខ្លាំង​ហួស​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំ ដែល​ប្រតិកម្ម​ប្រឆាំង​នឹង​សារធាតុ​ពី​ខាង​ក្រៅ​ដូច​ជា​​លម្អងផ្កា​ឈើ ឬ​ធូលី ជា​ដើម​។ ប្រ​ព័ន្ធភាព​ស៊ាំ​គិត​ថា​សារធាតុ​ទាំង​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។​ សារធាតុ​បង្ក​ឲ្យ​មាន​អាលែក​ហ្ស៊ី ហៅ​ថា​អាលែក​ហ្ស៊ែន។

បើ​សិន​ជា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី នៅ​ពេល​មួយ​ដែល​យើង​ដក​ដង្ហើម​ចូល​នូវ​ភាគ​ល្អិត លម្អងផ្កា ឬ​សារធាតុ​បង្ក​អាលែក​ហ៊្ស៊ី​ផ្សេង​ទៀត កោ​សិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​ច្រមុះ​របស់​យើង​នឹង​បញ្ចេញ​សារធាតុគីមី​ ដែល​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី និង​ប្រមូល​កោសិកា​ប្រ​ព័ន្ធភាព​ស៊ាំ​ប្រឆាំង​នឹង​សារ​ធាតុ​ពី​ខាង​ក្រៅ​ទាំង​នោះ​។ បើ​ស្ថាន​ភាព​ប្រ​ឆាំង​គ្នា​កាន់​តែ​ខ្លាំង នោះ​ស្ថានភាព​របស់​យើង​ក៏​កាន់​តែ​អាក្រក់​ទៅ​តាម​ហ្នឹង​ដែរ​។

២. ស្ត្រេស និង​អាលែកហ្ស៊ី

ពេល​យើង​មាន​អារម្មណ៍​ថា​ស្ត្រេស​ដោយ​ហេតុ​ផល​ណា​មួយ វា​ក៏​មាន​ឥទ្ធិ​ពល​លើ​បញ្ហា​អាលែក​ហ្ស៊ី​របស់​យើង​ដែរ​។ ស្រ្តេស​ធ្វើ​ឲ្យ​អារម្មណ៍​របស់​មនុស្ស​យើង​ប្រតិកម្ម​ទៅ​នឹង​រោគ​សញ្ញា​ណា​មួយ​កាន់​តែ​ខ្លាំង​។ ពេល​ដែល​មនុស្ស​យើ​ងកើត​ស្ត្រេស​ ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទៅ​លើ​គ្រប់​រឿង រួម​ទាំង​សុខភាព​ផង​ដែរ​។​

ស្ត្រេស​មិន​ត្រឹម​តែ​រំខាន​ដល់​ផ្លូវ​អារម្មណ៍ទេ តែ​ក៏​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ផង​ដែរ​។ ដូច​គ្នា​ដែរ ស្រ្តេស​អាច​ធ្វើ​ឲ្យ​មានការ​ឆ្លើយ​តប​ទៅ​នឹង​អាលែក​ហ្ស៊ី​កាន់តែ​អាក្រក់​។ អ្នក​ជំនាញ​ថា​ការណ៍​នេះ​ពិបាក​ពន្យល់​បន្តិច​ តែ​ថា​រាល់​ពេល​យើង​ស្រ្តេស​ មិន​ថា​ដោយ​ហេតុ​ផល​ណា​មួយ​ទេ នោះ​ខ្លួន​យើង​នឹង​ជួប​រោគ​សញ្ញា​បញ្ហា​អាលែក​ហ្ស៊ី​អាក្រក់​ជាង​ធម្មតា​។​

៣. វិធី​ដោះ​ស្រាយ​បញ្ហា​អាលែក​ហ្ស៊ី​

យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​វិធី​ថែទាំ និង​ដោះស្រាយ​បញ្ហា​នេះ។ ជា​ធម្មតា យើង​អាច​ប្រើ​​ស្ព្រៃយ៍​បាញ់​ច្រមុះ​ ដើម្បី​ជួយ​កាត់​បន្ថយ​លំហូរ​នៃ​សាធារធាតុ​គីមីរលាក ដែល​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​អាលែក​ហ្ស៊ី។ ការ​ប្រើ​ស្ព្រៃយ៍​បាញ់​ច្រមុះ​រាល់ថ្ងៃ​នេះ អាច​ត្រូវ​ការ​ពេល​ប្រហែល​មួយ​សប្ដាហ៍​ដើម្បី​ឲ្យ​រោគ​សញ្ញា​បាន​ធូរ​ស្បើយ ប៉ុន្តែ​ពេល​ខ្លះ​អាច​ត្រូវ​ការ​ពេល​រហូត​ដល់​បី​សប្ដាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ពេញ​លេញ​។

វិធី​មួយ​ទៀត​ គឺ​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​ហ៊ីស្តាមីន (antihistamine)។ ថ្នាំ​ប្រ​ភេទ​នេះ​ប្រ​ឆាំង​ទៅ​នឹង​សារធាតុ​ហីស្តាមីន(histamine)​ ដែល​ជា​ធាតុ​គីមី​ក្នុង​រាង​កាយ​ជាប់ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​អាលែក​ហ្ស៊ី​។​ ប៉ុន្តែ​មាន​ថ្នាំ​ប្រឆាំង​ហ៊ី​ស្តាមីន​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ងងុយ​ដេក និង​ប្រឈម​នឹង​ការ​ដួល​។ ដើម្បី​សុវត្ថិភាព យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុ​ន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រភេទ​ថ្នាំ​ណាមួយ​។

៤. បង្ការ​បញ្ហា​អាលែក​ហ្ស៊ី

បើ​យើង​ជា​មនុស្ស​មាន​បញ្ហាអាលែកហ្ស៊ី យើង​ត្រូវ​នៅ​ឆ្ងាយ​ពី​ល្អង​ធូលី ឬ​លម្អង​ផ្កា​ផ្សេងៗ ហើយ​ក៏​គូរ​ពាក់​ម៉ាស់​ពេល​ចេញ​ក្រៅ​ទៅ​កន្លែង​ណា​ប្រឈម​នឹង​ប្រភព​បង្ក​អាលែកហ្ស៊ី​​។ ដូច​គ្នា​ដែរ កន្លែង​រស់​នៅ​ត្រូវ​ស្អាត​ជា​និច្ច និង​ត្រូវ​សម្អាត​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បាន​ញឹក​ញាប់​ ជាដើម។ មួយ​វិញ​ទៀត យើង​គួរ​ធ្វើ​យ៉ាងណា កាត់​បន្ថយ​ស្ត្រេស​ឲ្យ​បាន​ច្រើ​ន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឲ្យ​រោគ​សញ្ញា​អាលែកហ្ស៊ី​កាន់តែ​អាក្រក់​។​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]