ជា​ទូទៅ​ ម៉ាក់​ៗ​ដែល​មាន​សុខភាព​ល្អ​ នឹង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ​ដូចគ្នា​ ហើយ​កត្តា​នេះ​ ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​របស់​ម៉ាក់​ៗ​នៅ​ពេល​មាន​ទម្ងន់​ផង​ដែរ។​ ពិត​ណាស់​ សុខភាព​ និង​អនាម័យ​មាត់​ធ្មេញ​របស់​យើង​ អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ទារក​​បាន​។​ ​ដូច្នេះ​ហើយ​ ​ការ​ណាត់​ជួប​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​ ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​ការ​ណាត់​ជួប​​ជាមួយ​នឹង​ពេទ្យ​ផ្នែក​សម្ភព​​ដែរ​។

ដំណាក់កាល​សំខាន់​ៗ​នៃ​ការ​ថែទាំ​មាត់​ធ្មេញ​នៅ​អំឡុង​ពេល​មាន​គភ៌​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​​​​១.​ ​ដំណាក់កាល​​មុន​មាន​ផ្ទៃ​ពោះ​

ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ ​មុន​ពេល​ដែល​យើង​សម្រេច​ចិត្ត​ថា​យក​កូន​គឺ​ជា​​​​​ទង្វើ​ដ៏​ល្អ​បំផុត​ ​ដែល​ម៉ាក់​ៗ​មិន​គួរ​មើល​រំលង​ឡើយ​។​ នៅ​ដំណាក់កាល​នេះ​ គឺ​នៅ​ពុំ​មាន​ការ​ដាក់​កំហិត​ណា​មួយ​ទៅ​លើ​ការ​ប្រើប្រាស់​ថ្នាំ​ និង​ធ្វើ​តេស្ត​នោះ​ទេ​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​អាច​ទទួល​ការ​ព្យាបាល​គ្រប់​ប្រភេទ​ ប្រសិនបើ​​ចាំបាច់​។

២. នៅ​អំឡុង​ពេល​មាន​គភ៌​

ប្រសិនបើ​ម៉ាក់​ៗ​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​​​មាត់​ធ្មេញ​នៅ​អំឡុង​ពេល​ត្រៀម​យក​កូន​ ឬ​ក៏​មិន​​មាន​បញ្ហា​ណា​មួយ​នៅ​អំឡុង​ពេល​ពិនិត្យ​ទេ​នោះ​ ការ​ទៅ​ជួប​​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​ជា​​រឿង​ចាំបាច់​បំផុត​។​ ទោះ​​បី​ជា​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ថ្នាំ​ ឬ​ការ​ព្យាបាល​ណាមួយ​ក្នុង​អំឡុង​ត្រី​មាស​ទី​១​ និង​ទី​៣​ក៏​ដោយ​ យើង​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​នឹង​ពេទ្យ​ធ្មេញ​។​ ​

យ៉ាង​ណា​មិញ​ ត្រី​មាស​ទី​២​ គឺ​ជា​ពេលវេលា​ដែល​មាន​សុវត្ថិភាព​​ក្នុង​ការ​ព្យាបាល​ណាមួយ​ ដូចជា​ឫស​ប្រហោង​ធ្មេញ និង​ការ​វះកាត់​តូចតាច​​ជាដើម​។​ រី​ឯ​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ពុក​ធ្មេញ​ និង​បាក់តេរី​​ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​អញ្ចាញ​ធ្មេញ ​មាន​ផល​ប៉ះពាល់​ទៅ​នឹង​ទម្ងន់​ខ្លួន​របស់​ទារក​ ដែល​អាច​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទម្ងន់​​​ខ្លួន​ស្រាល​។​ ​កត្តា​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វិវត្តន៍​ទៅ​​ការ​ពុក​ធ្មេញ​ នៅ​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ​​ផង​ដែរ​។​

ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​ត្រឹមតែ​​ដុស​ធ្មេញ​ដើម្បី​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ដើម្បី​​កូន​​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ​ ហើយ​អនាម័យ​មាត់​ធ្មេញ​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ គឺ​​អាច​កំណត់​ពី​សុខភាព​មាត់​ធ្មេញ​របស់​ក្មេង​នៅ​ពេល​អនាគត​ថែម​ទៀត​ផង​។

ការ​ថែ​ទាំ​មាត់​ធ្មេញ​ដោយ​ខ្លួន​ឯង​

នៅ​ពេល​ដែល​បញ្ហា​មាត់​ធ្មេញ​ធំ​ៗ​ត្រូវ​បាន​ដោះស្រាយ​រួច​ ម៉ាក់​ៗ​​គួរ​​​អនុវត្តន៍​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​​​ ដើម្បី​ទទួល​បាន​សុខភាព​មាត់​ធ្មេញ​ល្អ។

​​១. ​ញ៉ាំ​អាហារ​ដែល​​ជំនួយ​ដល់​ធ្មេញ​

​ធ្មេញ​របស់​អា​អូន​ចាប់ផ្ដើម​លូតលាស់​ នៅ​អំឡុង​ត្រី​មាស​ទី​២​ ហើយ​អ្វី​ដែល​យើង​ញ៉ាំ​ គឺ​ពិត​ជា​មាន​ផល​ប៉ះពាល់​ដ៏​​លើស​លប់​ដល់​កូន​ក្នុង​ផ្ទៃ​។​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​​ញ៉ាំ​ប្រភេទ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ចម្រុះ​ ដូចជា​ទឹក​ដោះ​គោ​ជូ​ បន្លែ​បៃតង​ និង​ធញ្ញ​ជាតិ​ទាំង​មូល​។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​​​គួរ​ញ៉ាំ​វីតាមីន​C កាល់ស្យូម​ និង​វីតាមីន​B12 ជា​ប្រចាំ​។

២. ​តិចនិក​ដោះ​ស្រាយ​បញ្ហា​​កុំ​ឲ្យ​ក្អួត​ចង្អោរ​ខ្លាំង​

ម៉ាក់​ៗ ដែល​មាន​អាការៈ​ចាញ់​កូន​ ចាំបាច់​ត្រូវ​ដុះ​ធ្មេញ​​រាល់​ពេល​​ដែល​​ក្អួត​ចង្អោរ​រួច​ ដោយ​ប្រើ​ថ្នាំ​​ដុះ​ធ្មេញ​ដែល​មិន​មាន​ជាតិ​កាត់​​ ពីព្រោះ​អាស៊ីដ​​នៃ​កម្អួត​ អាច​​បំផ្លាញ​កាចា​ធ្មេញ​របស់​យើង​បាន​ ប្រសិនបើ​យើង​មិន​សម្អាត​ឲ្យ​បាន​ទាន់​ពេលវេលា​។

​៣. ការ​ថែទាំ​ប្រចាំ​ថ្ងៃ​

​​​ចូរ​ដុះ​ធ្មេញ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​ថ្ងៃ​ ដោយ​ប្រើ​ថ្នាំ​ដុះ​ធ្មេញ​ដែល​មិន​មាន​ជាតិ​កាត់​ និង​​ជ្រើសរើស​ប្រភេទ​ច្រាស់​ដុះ​ធ្មេញ​ទន់​ៗ​ ក៏​ដូចជា​ប្រើ​ខ្សែ​ទាក់​ធ្មេញ​ (floss) ​ជា​ប្រចាំ​។​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ធ្មេញ ឈាម​អញ្ចាញ​ធ្មេញ ឬ​​ធ្មេញ​ប្ដូរ​ពណ៌​ ចូរ​ទៅ​​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូ​ពេទ្យ​ជា​បន្ទាន់​។​

ការ​មាន​ផ្ទៃ​ពោះ​ បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​អ័រម៉ូន​ ដែល​បង្កើន​ហានិភ័យ​​នៃ​ការ​វិវត្តន៍​ទៅ​រក​ជំងឺ​​អញ្ចាញ​ធ្មេញ​ និង​អាច​ប៉ះពាល់​ដល់​សុខភាព​នៃ​ការ​លូតលាស់​ធ្មេញ​របស់​ទារក​ផង​ដែរ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]