ថ្វី​ត្បិត​តែ​រោម​ច្រមុះ​ គឺ​ជា​រោម​ដែល​យើង​មិន​សូវ​ចង់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​​ចំពោះ​​សុខភាព​របស់​យើង​​​​។​ ជាក់​ស្ដែង រោម​ច្រមុះ​​រួម​ចំណែក​ក្នុង​ការ​ការពារ​សួត​របស់​យើង​ពី​ធូលី​ដី​ និង​កម្ទេចកំទី​ផ្សេងៗ​ដែល​ចូល​ទៅ​ក្នុង​ផ្លូវ​ដង្ហើម​ និង​ចរន្ត​ឈាម​​។ ប្រសិនបើ​យើង​មិន​មាន​រោម​ច្រមុះ​ទេ​នោះ​ យើង​អាច​នឹង​ឆ្លង​មេរោគ​ ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​  និង​ឆ្លងរោគ​ផ្លូវ​ដង្ហើមជាដើម​។​ ដូច្នេះ​ហើយ​ យើង​មិន​គួរ​កម្ចាត់​រោម​ច្រមុះ​ទាំង​អស់​​ឡើយ​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​កាត់បន្ថយ​​រោម​ច្រមុះ​ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​យើង​។

១.​ កុំ​​​បក​ ឬដក​រោម​ច្រមុះ​ឲ្យ​សោះ!​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​ពិត​ណាស់​ ការបក ឬ​ដក​រោម​ច្រមុះ​ ធ្វើ​ឲ្យ​យើង​​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ ព្រម​ទាំង​មិន​មាន​សុវត្ថិភាព​ផង​ដែរ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ឫស​រោម​ច្រមុះ​បាត់បង់​ ដែល​អាច​បង្ក​​ទៅ​ជា​ការ​ឆ្លង​មេរោគ​ ឬ​ហើម​ជាដើម​។​ ​ជា​លទ្ធផល​ យើង​មិន​ត្រឹមតែ​ងាយ​កើត​បញ្ហា​​អាលែកហ្ស៊ី​ ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​  និង​ឆ្លង​រោគ​ផ្លូវ​ដង្ហើម ប៉ុណ្ណោះ​ទេ​ វា​ក៏​​អាច​​ចូល​ទៅ​កាន់​​ទី​តាំង​ដែល​សរសៃ​ឈាម​វ៉ែន​ប្រមូល​ផ្ដុំ​ និង​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ការ​​ឆ្លង​មេរោគ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ខួរ​ក្បាល​ថែម​ទៀត​ផង​។

២. កាត់​តម្រឹម​

​​​​យើង​អាច​កម្ចាត់​រោម​ច្រមុះ​​បាន​​ដោយ​សុវត្ថិភាព​ និង​ងាយ​ស្រួល​បំផុត​តាម​រយៈ​ការ​កាត់​តម្រឹម​ដោយ​​​ប្រើ​កូន​​កន្ត្រៃ​កាត់​រោម​ច្រមុះ​។​ ជា​ទូទៅ​ កូន​កន្ត្រៃ​ប្រភេទ​នេះ​ ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​​កាត់​រោម​ច្រមុះ​នៅ​ត្រង់​ផ្នែក​ដែល​​ពិបាក​កាត់​បំផុត​។​ យ៉ាង​ណា​មិញ​ ចូរ​​សម្អាត​ច្រមុះ​ និង​កន្ត្រៃ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​ មុន​ពេល​ដែល​យើង​ចាប់ផ្ដើម​កាត់​។

៣. ម៉ាស៊ីន​កាត់​រោម​ច្រមុះ​

​​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាស៊ីន​កាត់​រោម​ច្រមុះ​ ឬ​ Electric Buzzer ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​កាត់​រោម​ច្រមុះ​របស់​យើង​ប្រកប​ដោយ​សុវត្ថិភាព​ផង​ដែរ។​ វិធី​កាត់​រោម​ដោយ​ពុំ​មាន​ការ​ឈឺ​ចាប់​ និង​រហ័ស​នេះ​ អាច​ជួយ​​សន្សំ​សំចៃ​ពេលវេលា​របស់​យើង​​បាន​ច្រើន​ បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​ប្រើ​កន្ត្រៃ​។​

៤. ការ​កម្ចាត់​រោម​ដោយ​ប្រើ​ម៉ាស៊ីន​ឡាស៊ែរ​

​នៅ​ក្នុង​ករណី​ដែល​រោម​ច្រមុះ​របស់​យើង​​​ដុះ​ចេញ​មក​​ បណ្ដាល​មក​ពី​កត្តា​​អាយុ​ ឬ​អ័រម៉ូន​ ​យើង​អាច​កម្ចាត់​រោម​ច្រមុះ​ទាំង​នេះ​ជា​រៀង​រហូត​​បាន​ ​ដោយ​ប្រើ​ឡាស៊ែរ​កម្ចាត់​រោម​​ និង​ស្វែង​រក​អ្នក​ជំនាញ​ខាង​ជំងឺ​សើស្បែក​ដែល​អាច​ទុក​ចិត្ត​បាន​។ ​ទោះ​បី​ជា​វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ​ និង​ចំណាយ​ពេល​ច្រើន​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​កាត់​តម្រឹម​ធម្មតា​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]