ជំងឺទឹកនោមផ្អែមត្រូវគេកំណត់លើការឡើងកម្រិតជាតិស្ករក្នុងឈាម តែអាចមានមនុស្សយើងមួយចំនួនឆ្ងល់ដែរថា តើការញ៉ាំស្ករធ្វើឲ្យកើតជំងឺទឹកនោមផ្អែមមែនឬ?
ជាការពិតការញ៉ាំស្ករច្រើនអាចបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម តែថាការញ៉ាំស្ករគ្រាន់ជាផ្នែកមួយនៃការកើតមានជំងឺនេះប៉ុណ្ណោះ។ មានកត្តាជាច្រើនទៀតរូមទាំងរបបអាហារ របៀបរបបរស់នៅ និងហ្សែន ជាដើម សុទ្ធតែអាចជាហានិភ័យនាំឲ្យកើតមានជំងឺទឹកនោមផ្អែមនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អ្វីជាជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលរាងកាយរបស់យើងលែងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធភាព។ បញ្ហានេះ អាចកើតឡើងបាននៅពេលដែលលំពែងឈប់ផលិតអាំងស៊ុតលីនឲ្យបានគ្រប់គ្រាន់ ដោយសារតែកោសិកាយើងស៊ាំនឹងអាំងស៊ុយលីន។
អាំងស៊ុយលីន គឺជាអ័រម៉ូនជួយកម្ចាត់ស្ករចេញពីក្នុងចរន្តឈាម និងបញ្ចូលទៅក្នុងកោសិកា។ ដំណើរការទាំងពីរនេះ ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
ការមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ក្នុងរយៈពេលយូរ នឹងនាំឲ្យកើតមានផលវិបាកផ្សេងៗ ដូចជាកើតមានហានិភ័យជំងឺបេះដូង ក៏ដូចជាខូចខាតដល់ប្រព័ន្ធប្រសាទ និងតម្រងនោម។ ដូចនេះហើយ វាមានសារសំខាន់ណាស់ ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អ។
ជំងឺទឹកនោមផ្អែមប្រភេទ១៖ កើតឡើងនៅពេលប្រព័ន្ធភាពស៊ាំវាយប្រហារទៅលើលំពែង និងបំផ្លាញលទ្ធភាពផលិតអាំងស៊ុយលីន។
ជំងឺទឹកនោមផ្អែមប្រភេទ២៖ កើតឡើងពេលលំពែងឈប់ផលិតអាំងស៊ុយលីនឲ្យបានគ្រប់គ្រាន់ នៅពេលដែលកោសិការាងកាយយើងលែងឆ្លើយតបទៅនឹងអាំងស៊ុយលីនដែលលំពែងផលិត។
២. តើស្ករធ្វើមេតាប៉ូលិសបែបណា?
ពេលនិយាយទៅលើស្ករ គឺសម្ដៅលើsucrose ជាស្ករដែលផលិតចេញពីស្ករអំពៅជាដើម។ Sucrose ផ្សំឡើងដោយមូលេគុលគ្លុយកូស និងមួយមូលេគុលហ្វ្រាក់តូស (fructose) ចងជាប់គ្នា។
ពេលយើងញ៉ាំស្ករ មូលេគុលគ្លុយកូស និងហ្វ្រាក់តូស ត្រូវបំបែកចេញពីគ្នាដោយអង់ហ្ស៊ីមនៅក្នុងពោះវៀនតូច មុនស្រូបចូលក្នុងចរន្តឈាម។
ការណ៍នេះ ធ្វើឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម និងជាសញ្ញាឲ្យលំពែងបញ្ចេញអាំងស៊ុយលីន។ អាំងស៊ុយលីននឹងនាំគ្លុយកូសចេញពីក្នុងចរន្តឈាម ហើយចូលទៅក្នុងកោសិកា ដែលវានឹងធ្វើមេតាប៉ូលិសឲ្យក្លាយជាថាមពល។
ដូចគ្នាដែរ ចំនួនតិចតួចនៃហ្វ្រាក់តូស អាចត្រូវនាំទៅកាន់កោសិកា និងប្រើសម្រាប់ជាថាមពល និងមួយផ្នែកធំត្រូវនាំទៅកាន់ថ្លើម ជាកន្លែងបំប្លែងទៅជាគ្លុយកូសសម្រាប់ថាមពល ឬក៏ជាខ្លាញ់ស្តុក ទុក។
ប្រសិនជាយើងញ៉ាំស្ករច្រើនជាងតម្រូវការរបស់រាងកាយសម្រាប់បង្កើតថាមពល ស្ករដែលលើសនឹងត្រូវបំប្លែងទៅជាអាស៊ីដខ្លាញ់ និងស្តុកទុកក្នុងរាងកាយ។
ដោយសារតែហ្វ្រាក់តូស អាចបំប្លែងជាខ្លាញ់ បើយើងញ៉ាំច្រើននឹងធ្វើឲ្យយើងកើនឡើងកម្រិតខ្លាញ់ទ្រីគ្លីសេរីត ដែលអាចនាំឲ្យយើងប្រឈមនឹងជំងឺបេះដូង និងខ្លាញ់រុំថ្លើម។
៣. ស្ករធ្វើឲ្យកើតជំងឺទឹកនោមផ្អែម?
ការសិក្សាជាច្រើនបានរកឃើញថាការផឹកភេសជ្ជៈផ្អែមជាទៀងទាត់អាចមានឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ២៥ភាគរយ។ ជាក់ស្តែងផឹកភេសជ្ជៈផ្អែមមួយកំប៉ុងរាល់ថ្ងៃមានហានិភ័យកើតជំងឺទឹកនោមផ្អែម១៣ភាគរយ ដោយមិនទាន់គិតដល់ការឡើងគីឡូនៅឡើង។
ដូចគ្នាដែរ ការសិក្សារកឃើញថាប្រទេសដែលសម្បូរប្រជាជនចូលចិត្តញ៉ាំស្ករច្រើន ក៏សម្បូរអ្នកកើតជំងឺទឹកនោមផ្អែមជាងប្រទេសដែលមានពលរដ្ឋមិនសូវញ៉ាំស្ករដូចគ្នា។
ស្ករចម្រាញ់ ពិសេសស្ករមាននៅក្នុងភេសជ្ជៈផ្អែម គឺមានទំនាក់ទំនងខ្លាំងនាំឲ្យវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២។ ការណ៍នេះទំនងដោយសារស្ករមានផលប៉ះពាល់ដោយផ្ទាល់លើថ្លើម និងដោយប្រយោលលើការឡើងទម្ងន់។
៤. ចុះស្ករធម្មជាតិ?
ខណៈដែលការញ៉ាំស្ករកែច្នៃច្រើនមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម តែការញ៉ាំស្ករធម្មជាតិមិនដូចគ្នាទេ។ ស្ករធម្មជាតិ សម្ដៅលើស្ករដែលមាននៅក្នុងផ្លែឈើ និងបន្លែដែលយើងញ៉ាំ ដោយមិនបានឆ្លងកាត់ការចម្រាញ់។
ស្ករធម្មជាតិនៅក្នុងបន្លែ និងផ្លែឈើ មានលាយឡំជាមួយនឹងជាតិសរសៃ ទឹក សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ អ្វីទាំងអស់នេះ នឹងត្រូវរំលាយ និងស្រួបយឺតៗ និងមិនងាយធ្វើឲ្យឡើងកម្រិតជាតិស្ករក្នុងឈាមនោះទេ។
យ៉ាងណា ចំពោះទឹកផ្លែឈើស្រស់វិញ ការសិក្សាមួយចំនួនបានរកឃើញពីទំនាក់ទំនងវិវត្តទៅនឹងជំងឺទឹកនោមផ្អែម ដោយសារថាក្នុងទឹកផ្លែឈើមានជាតិស្ករខ្ពស់ និងមានជាតិសរសៃទាប។ ប៉ុន្តែ ការលើកឡើងនេះនៅមានលទ្ធផលមិនទាន់គ្រប់គ្រាន់ ដែលទាមទារឲ្យមានការសិក្សាបន្ថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]