កាល​ពី​ក្មេង​ៗគ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​ប្រាប់​យើង​ថា “កុំ​ងូត​ទឹក​យូរ​ៗ​ពេក ប្រយ័ត្ន​ទឹក​ចូល​សួត” បន្លាច​យើង​ពេល​ងូត​ទឹក ឬ​ចុះ​ត្រាំ​ទឹក​លេង​ម្ដង​ៗ។ មួយ​វិញ​ទៀត មាន​ម៉ាក់​ប៉ា​ខ្លះ​មិន​ឲ្យ​កូន​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត។ ក្រៅ​ពី​ទឹក​ចូល​សួត នៅ​មាន​ជំងឺ​ម៉្យាង​ស្រដៀង​គ្នា​ដែរ គឺ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ដែល​គ្នា​យើង​ខ្លះ​យល់​ច្រឡំ​ថា​ជំងឺ​សួត​២​នេះ​ជា​ជំងឺ​តែ​មួយ តែ​តាម​ពិត​ទៅ វា​ជា​ជំងឺ​២​ផ្សេង​គ្នា​។

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​ចូល​សួត និង​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ជា​ជំងឺ​ខុស​គ្នា​ស្រឡះ មិន​ដូច​គ្នា​ដូច​ដែល​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ទេ។ យើង​គួរ​ចេះ​បែង​ចែក និង​ដឹង​ពី​និយម​ន័យ​​ជំងឺ​សួត​២​នេះ​ដូច​ខាង​ក្រោម​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ជំងឺ​ទឹក​ចូល​សួត៖ ករណី​ទឹក​ចូល​សួតមាន​ន័យ​ថា ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល​ដោយ​ប្រការ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំង​នោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត​ដែល​ធ្វើ​ឲ្យ​យើង​ហត់​ខ្លាំង។ មូលហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះដូង​ដែល​នាំ​ឲ្យ​យើង​ហត់​ខ្លាំង។ មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះ​ដូង​ដែល​នាំ​ឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ធ្វើ​ឲ្យ​ជាតិ​ទឹកច្រាល​មក​ក្នុង​សួត ឬ​មូល​ហេតុ​មួយ​ទៀត មក​ពី​ខ្សោយ​តម្រងនោម​ខ្លាំង​​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន​ល្អ​ក៏​បណ្ដាល​ឲ្យ​ច្រាល​មក​សួត​ដែរ។
  • ជំងឺ​ទឹក​ចូល​ស្រោម​សួត៖ ករណី​ទឹក​ចូល​ស្រោម​សួត​នេះ ជា​រឿង​មួយ​ដែល​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​ដែល​ព័ទ្ធ​ជុំ​វិញ​សួត​អាច​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ឬ​ទាំង​សង្ខាង​ក៏​មាន។ វា​អាច​បណ្ដាល​មក​ពី​ការ​រលាក​ស្រោម​សួត​ខ្លួន​ឯង​ផ្ទាល់ ឬ​មក​ពី​ការ​ខ្សោយ​បេះ​ដូង តម្រង​នោម ឬ​ក៏​ថ្លើម​ដែល​បណ្ដាល​ឲ្យ​ចាល់​ជាតិ​ទឹក​ទៅ​ក្នុង​ស្រោម​សួត។

លើស​ពី​នេះ ការ​លើក​ឡើង​ថា ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​អាច​បណ្ដាល​ឲ្យ​ទឹក​ចួល​សួត ឬ​ស្រោម​សួត​បាន​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ករណី​នេះ មិន​អាច​កើត​ឡើង​បាន​ទេ។ ការ​យល់​ឃើញ​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង ដោយ​សារ​ពេល​យើង​ក្ដៅ​ខ្លួន យើង​ត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]