ការឈឺចុកចាប់នៅឆ្អឹងខ្នង ជាបញ្ហាទូទៅមួយអាចរំខានទៅដល់ការបំពេញការងារ និងអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ បញ្ហាចុកខ្នងនេះ អាចកើតឡើងបានទាំងផ្នែកខាងលើ កណ្ដាល និងផ្នែកក្រោមខ្នង។ ម៉្យាងវិញទៀត សាច់ដុំខ្នង និងឆ្អឹងខ្នងជួយទប់ទម្ងន់មួយផ្នែកធំរបស់រាងកាយ ហើយយើងប្រើសាច់ដុំខ្នងរាល់ថ្ងៃនៅពេលធ្វើសកម្មភាពប្រចាំថ្ងៃរួមមាន អង្គុយ ឈរ ឬដើរជាដើម។

ជាធម្មតា បញ្ហាឈឺឆ្អឹងខ្នង អាចអន់ថយក្នុងរយៈពេល២-៣ សប្ដាហ៍ ជាមួយតិចនិកសាមញ្ញជាច្រើន មិនចាំបាច់ចំណាយលុយច្រើន ដោយគ្នាយើងអាចសាកល្បងជាមួយតិចនិកប៉ុន្មានខាងក្រោមនេះបានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.រក្សាកាយវិការពេលអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ

យកចិត្តទុកដាក់ទៅលើរបៀបដែលយើងទប់ខ្នងនៅពេលដែលអង្គុយ ឈរ ដើរ គេង ឬពេលធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗ។ ពេលដែលឆ្អឹងទាំងអស់នៃឆ្អឹងខ្នងយើង ត្រង់ស្មើត្រូវជួរគ្នា នោះគឺឥរិយាបថត្រឹមត្រូវ ប៉ុន្តែបើឥរិយាបថយើងមិនល្អ អាចបណ្ដាលឲ្យជាប់ខ្នង ឬរឹង តឹងខ្នង ជាហេតុបណ្ដាលឲ្យឈឺខ្នង។

២.ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ

លំហាត់ប្រាណឆ្អឹងខ្នង និងការពត់ខ្លួនសាមញ្ញៗ អាចជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នង។ ការហាត់ប្រាណ បូកជាមួយនឹងក្បាច់ពត់ខ្លួនខ្លះៗ ជួយឲ្យខ្នងយើងរឹងមាំ និងសុខភាពល្អ។ សកម្មភាពពេញនិយមដែលគេនិយមធ្វើដើម្បីបានខ្នងសុខភាពល្អនោះគឺ ហែលទឹក ដើរ ហាត់យូហ្កា និង Pilates។ល។

៣.យូហ្កា និងសមាធិ

យូហ្កាជាលំហាត់ប្រាណមួយបែបដែលធ្វើចលនាមួយៗ គ្រប់គ្រងលំនឹង ដើម្បីពត់ និងពង្រឹងរាងកាយ។ លំហាត់ប្រាណនេះក៏ជួយដល់ការរំសាយស្ត្រេស អាចកាត់បន្ថយភាពតានតឹងដែលយើងមាននៅពេលយើងប្រើសាច់ដុំខ្នងម្ដងៗ។

៤.ម៉ាស្សាថ្នមៗ

ការម៉ាស្សាជាតិចនិកមួយ ជួយសម្រួលដល់បញ្ហាឈឺចុកចាប់ឆ្អឹងខ្នងបាន និងជួយឲ្យខ្នងត្រឡប់ទៅសភាពដើមវិញបានលឿនទៀតផង។ អត្ថប្រយោជន៍ដែលយើងទទួលបានពីការម៉ាស្សាខ្នងមានដូចជា៖
• ជួយបំបាត់ការឈឺចុកចាប់បានមួយរយៈពេលខ្លី
• សម្រួលភាពតានតឹងរបស់សាច់ដុំ
• បង្កើនលំហូរឈាម និងទឹករងៃ
• សម្រួលដល់ការឈឺចាប់បង្កឡើងដោយស្ត្រេស។ល។

៥.ស្អំទឹកកក ឬទឹកក្ដៅ

ការស្អំទឹកក្ដៅ ជួយបំបាត់ការឈឺចាប់ នៅពេលដែលបញ្ហាឈឺឆ្អឹងខ្នងទើបនឹងចាប់ផ្ដើមដំបូងៗ។ ចំណែកការស្អំទឹកកក ទៅលើកន្លែងដែលឈឺចាប់ ក៏អាចជួយកាត់បន្ថយភាពឈឺចាប់បានរយៈពេលខ្លីដែរ។ ប៉ុន្តែ គួរចាំថា មិនគួរដាក់ទឹកកកនៅលើស្បែកផ្ទាល់ទេ ព្រោះវាអាចបណ្ដាលឲ្យរលាកស្បែកបានដែរ។

៦.ប្រើថ្នាំបំបាត់ការឈឺចាប់

វិធីសាស្ត្រមួយទៀតនោះគឺ ការប្រើថ្នាំបំបាត់ការឈឺចាប់ ព្រោះវាក៏អាចជួយបន្ធូរការឈឺចាប់ ដែលយើងអាចរកបាននៅតាមឱសថស្ថាននានា។ មួយទៀតនោះ គឺមិនត្រូវប្រើថ្នាំផ្សះលើសកម្រិតឡើយ ក្នុងករណីដែលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងការប្រើថ្នាំពពួកថ្នាំផ្សះផ្សេងៗ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់មុននឹងប្រើ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]