រយៈពេល​ពីរ​បី​ខែ​ដំបូង​ បន្ទាប់​ពី​ទារក​កើត​មក​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​លាមក​របស់​ពួក​គេ​មាន​ពណ៌​ត្នោត​ លឿង​ និង​ពណ៌​បៃតង​ ដែល​ជា​ពណ៌​ធម្មតា​​​។​ ប៉ុន្តែ​ប្រសិនបើ​​ទារក​ជុះមាន​ឈាម​ មិន​ថា​តិច ឬ​ច្រើន​នោះ​ទេ​ វា​អាច​​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​ទារក​។ យ៉ាង​ណា​មិញ​ ​លាមក​ដែល​មាន​ពណ៌​ក្រហម​អាច​មិន​មែន​ជា​ឈាម​​ទាំង​អស់​​ឡើយ​​ វា​អាច​បណ្ដាល​មក​ពី​ការម៉ាក់ៗ​​ញ៉ាំ​អាហារ​ដែល​មាន​ពណ៌​ក្រហម​ ដូចជា​ប៉េងប៉ោះ​ ឬ​​ទឹក​ផ្លែ​ឈើ​កិន​ជា​ដើម​។​ នៅ​ក្នុង​ករណី​ដែល​ទារក​ជុះ​មាន​ឈាម​ ឬ​ជុះ​មក​មាន​ពណ៌​ក្រហម​ជា​​ប្រចាំ​ ប៉ា​ម៉ាក់​គប្បី​​ព្យាយាម​​កំណត់​មូលហេតុ​ និង​ស្វែងរក​ការ​​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​​។​

​​១. ទល់​លាមក​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហា​ទល់​លាមក​កម្រ​កើត​លើ​ទារក​ណាស់​ ប៉ុន្តែ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ​អាលែកហ្ស៊ី​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង ​ឬ​កង្វះ​ជាតិ​ទឹក​។​ រោគ​សញ្ញា​នៃ​ការ​ទល់​លាមក​ រួម​មាន​ពុំ​ជុះ​រយៈពេល​យូរ​ លាមក​រឹង​ និង​តឹង​ពោះ​ជាដើម​។​ បន្ថែម​ពី​នេះ​ ការ​ទល់​លាមក​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាត់​រន្ធ​គូថ​ ដែល​បណ្ដាល​ឲ្យ​​លាមក​មាន​ឈាម​ផង​ដែរ​។​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្ស័យ​ថា​ កូន​មាន​បញ្ហា​ទល់​លាមក​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​របប​អាហារ​របស់​ទារក​ ដោយ​​បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ ឬ​ឲ្យ​កូន​ញ៉ាំ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។

២. ​ការ​ឆ្លង​មេរោគ

ការ​ជុះ​ឈាម​របស់​ទារក​ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ និង​ប៉ា​រ៉ា​ស៊ីត​មួយ​ចំនួន​ ពីព្រោះ​តែ​ការ​ឆ្លង​មេរោគ​នេះ​ អាច​បង្ក​ជា​ការ​រលាក​ និង​រលាត់​ពោះវៀន​​តិចតួច​ ​ដែល​ធ្វើ​ឲ្យ​មាន​ឈាម​ចេញ​មក​ក្រៅ​​។​ ​ជា​ទូទៅ​ អាការៈ​រាគ​រូស​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​កូន​រាគ​ឈាម​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

​៣. អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​

នៅ​ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​សម្គាល់​ឃើញ​ទារក​ជុះ​មក​មាន​ឈាម​ បន្ទាប់​ពី​ផ្លាស់ប្តូរ​របប​អាហារ​របស់​ពួក​គេ​ វា​អាច​ជា​សញ្ញា​នៃ​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ​ដែល​បង្ក​ឲ្យ​​រលាក​ពោះវៀន​ធំ​ និង​ធ្វើ​ឲ្យ​​ឈាម​ហូរ​ចូល​ទៅ​ក្នុង​លាមក​។​ អាហារ​ទូទៅ​ដែល​បណ្ដាល​ឲ្យ​ទារក​អាលែកហ្ស៊ី​មាន​ដូចជា ទឹក​ដោះ​គោ​ សណ្ដែក​ ឬ​ស្រូវ​សាលី។ល។​ ​អាលែកហ្ស៊ី​អាហារ​ ​ក៏​អាច​មាន​រោគ​សញ្ញា​ដូចជា​ កន្ទួល​រមាស់​ ក្អួត​ និង​រាគ​រូស​ផង​ដែរ​។ ចំពោះ​ទារក​ដែល​បៅ​ទឹក​ដោះ​ម្តាយ​ ក៏​អាច​មាន​ប្រតិកម្ម​ទៅ​នឹង​​របប​អាហារ​របស់​​ម៉ាក់​ៗ​ដូច​គ្នា​។

៤. របួស​ក្បាល​សុដន់​ម៉ាក់​ៗ​

ប្រសិនបើ​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​មាន​​ស្នាម​ប្រេះ​នៅ​ក្បាល​សុដន់​ ទារក​អាច​លេប​​ឈាម​ខ្លះ​ៗ​ ដែល​បណ្ដាល​ឲ្យ​លាមក​របស់​ពួក​គេ​មាន​ពណ៌​ក្រហម​ក្រមៅ​ ឬ​ខ្មៅ​។​ កត្តា​នេះ​ ម៉ាក់​ៗ​ពុំ​ចាំបាច់​បារម្ភ​នោះ​ទេ​។

៥. ការ​ហូរ​ឈាម​ក្រពះ 

នៅ​ក្នុង​ករណី​កម្រ​ខ្លះ​ លាមក​ពណ៌​ក្រហម​ក្រមៅ​ ឬ​ខ្មៅ​អាច​បង្ហាញ​ពី​ការ​ចេញ​ឈាម​តាម​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​លើ​  ។​ បញ្ហា​នេះ​ អាច​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​ ឬ​របួស​ធ្ងន់ធ្ងរ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]