ថ្ងៃ​នេះ “Hello គ្រូពេទ្យ” យើង​និយាយ​ពី​ប្រុសៗ​វិញ​ម្ដង! ឃើញ​ប្រុស​ៗមាន​កម្លាំង​ខ្លាំង រឹងមាំ​ជាង​ស្រីៗ តិច​ថា អត់​ចេះ​ឈឺ​ច្រើន។ រឿង​ជំងឺ​នេះ មិន​ចេះ​រើស​អើង​នោះ​ទេ។ ​ប្រុសៗ​ បើ​ចង់​មាន​សុខភាព​ល្អ​រស់​បាន​យូរ គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ឆែក​មើល ហើយ​ប្រយ័ត្ន​បំផុត៖

១- ទឹកនោមផ្អែម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើញ៉ាំអាហារត្រឹមត្រូវ យើងមានគីឡូសមស្រប ហើយថេរ មិនមានបញ្ហាលើសជាតិខ្លាញ់ ឬលើសសម្ពាធឈាមទេ អ៊ីចឹងមិនចាំបាច់ធ្វើតេស្តនេះទេ។ ប៉ុន្តែ បើមានអាយុលើសពី ៤៥ ឆ្នាំ លើសគីឡូ ឬក៏ធ្លាប់មានសមាជិកគ្រួសារណាម្នាក់កើតទឹកនោមផ្អែម គួរប្រញាប់ទៅជួបពេទ្យ ដើម្បីពិនិត្យរកមើលជំងឺនេះ។ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺនេះបាន ពេទ្យនឹងពិនិត្យមើលជាតិស្ករក្នុងឈាម និង A1C។

២- កាមរោគ

មិនខ្វល់រឿងស្មោះស្ម័គ្រតែដៃគូម្នាក់ ឬក៏ច្រើននាក់ក្តី យើងមិនគួររំលងចោលតេស្តពិនិត្យរកជំងឺឆ្លងតាមការរួមភេទទាំងនេះទេ ជាពិសេស អេដស៍ និងរលាកថ្លើម C (HIV and hepatitis C)។ ជំងឺទាំងពីរនេះ អាចរស់នៅក្នុងខ្លួនមនុស្សយើងបានរហូតទៅដល់ ១០ ឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ បើធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់ចាក់ថ្នាំញៀន ធ្លាប់បញ្ចូលឈាម គួរប្រញាប់ទៅពិនិត្យរកមើល។

៣- សមាមាត្រទម្ងន់

គួរធ្វើតេស្តពិនិត្យមើលសមាមាត្រទម្ងន់ដែលជាតេស្តវាស់ខ្លាញ់ក្នុងខ្លួន ដោយធៀបទម្ងន់ និងកម្ពស់។ បើសិនជាសមាមាត្រទម្ងន់នៅចន្លោះ ១៨,៥ និង ២៤,៩ នោះបានន័យថា ទម្ងន់យើងនៅធម្មតា។ ប៉ុន្តែ ការគណនាខាងលើមិនប្រាកដថាត្រឹមត្រូវទាំងអស់នេះទេ។ យើងនៅតែអាចមានបញ្ហាលើសទម្ងន់ដដែល។

៤- ជាតិខ្លាញ់

ជាទូទៅ ប្រុសៗមានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ច្រើនជាងស្រីៗ ហើយលើសជាតិខ្លាញ់ជាកត្តាបង្កជំងឺនេះ។

យើងគួរឲ្យពេទ្យពិនិត្យមើលជាតិខ្លាញ់រៀងរាល់ ៤ ទៅ ៦ ឆ្នាំម្តង ពេលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ឬគួរពិនិត្យឲ្យបានញឹកញាប់ជាងនេះ បើសិនយើងមានជំងឺបេះដូង កើតទឹកនោមផ្អែម ប្រើថ្នាំជក់ (ជក់​បារី) ឬលើសឈាម។

៥- សម្ពាធឈាម

គួរវាស់សម្ពាធឈាមរៀងរាល់ពេលដែលទៅជួបពេទ្យ ពេលមានអាយុចាប់ពី ១៨ ឆ្នាំឡើង។ ការវាស់សម្ពាធឈាម គឺរហ័ស ងាយស្រួល និងមិនឈឺចាប់ឡើយ។ យើងអាចវាស់បាននៅគ្រប់ទីកន្លែងដែលមានសេវាសុខភាព ឱសថស្ថាន ឬនៅផ្ទះក៏បាន ដោយគ្រាន់តែយកប្រដាប់វាស់រឹបនៅលើដៃ ហើយវាស់មើលចរន្តឈាមដែលរត់កាត់សរសៃឈាមធំនៅដើមដៃ។

៦- បញ្ហាពោះវៀនធំ

បុរសគ្រប់រូបគួរធ្វើតេស្តរកមើលជំងឺមហារីកពោះវៀនធំ ពេលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ប៉ុន្តែ បើក្នុងគ្រួសាររធ្លាប់មានអ្នកណាម្នាក់កើតជំងឺនេះ គួរពិនិត្យរកមើលជំងឺនេះឲ្យបានឆាប់រហ័ស។

តេស្ត គឺពិបាករៀបរាប់បន្តិច គឺគ្រូពេទ្យយកកាមេរ៉ាតូចមួយដាក់ចូលទៅក្នុងរន្ធគូទរហូតទៅដល់ពោះវៀនធំ ដើម្បីរកមើលដុំ ឬរោគសញ្ញាផ្សេងៗរបស់ជំងឺមហារីក។ តែកុំបារម្ភអី ព្រោះតេស្តនេះ គឺមិនពិបាកទ្រាំនោះទេ។

៧- ក្រពេញប្រូស្តាត

មានការលើកឡើងមួយចំនួនថា ការពិនិត្យមើលក្រពេញប្រូស្តាត គឺមានតម្លៃថ្លៃ ហើយក៏មិនចាំបាច់ត្រូវធ្វើវាទេ ទោះបីជាវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក៏ដោយ។ មានករណីខ្លះ ការពិនិត្យមើលក្រពេញប្រូស្តាត អាចជួយជីវិតយើងបាន។ ដូច្នេះ មុនពេលពិនិត្យ គួរពិភាក្សាយោបល់ជាមួយពេទ្យ។

ពិនិត្យសុខភាពឲ្យទៀងទាត់ នឹងផ្តល់ផលវិជ្ជមានដល់យើង។ អត្រាដែលយើងអាចព្យាបាលជំងឺឆាប់ជា មានច្រើន។ ត្រូវចាត់ទុកសុខភាពយើងជាកត្តាចម្បង នោះយើងមានសុខភាពល្អ ហើយរស់នៅបានយូរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]