ប្រសិន​បើ​កូន​យើង​មាន​ធ្មេញ​ច្រពើស ភាគ​រយ​ខ្ពស់​ណាស់​ដែល​កូន​​ត្រូវ​ការ​ពត់​ធ្មេញ​តម្រង់​មក​វិញ ដើម្បី​មាន​ស្នាម​ញញឹម​ បែប perfect smile និង​មាន​ភាពជឿ​ជាក់​លើ​ខ្លួន​ឯង។ ប៉ុន្តែម៉ាក់​ប៉ា​មួយ​ចំនួន​មាន​ចម្ងល់​ជុំវិញ​ការ​ពត់​ធ្មេញ​លើ​កូន​ក្មេង​ថា ក្រៅ​ពី​ធ្មេញ​ច្រពើស ធ្មេញ​កូន​បែប​ណា​ខ្លះ​ទើប​គួរ​ពត់​ធ្មេញ​ពី​តូច​ទៅ? អាយុ​ប៉ុន្មាន​បាន​ពេទ្យ​ណែនាំ​ឲ្យ​ពត់?

កូន​ក្មេង​ម្នាក់​ៗ មាន​លក្ខណៈ​ពិសេស​រៀង​ៗខ្លួន មាន​ន័យ​ថា ការ​អភិវឌ្ឍន៍​ផ្នែក​សុខភាព​មាត់​ក៏​ខុស​គ្នា​ទៅ​តាម​នឹង​ដែរ។ នៅ​ពេល​យើង​សង្កេត​មើល​ការ​លូតលាស់​​ធ្មេញ​កូន យើង​អាច​កត់​សម្គាល់​បាន​ពី​បញ្ហា​ធ្មេញ​ទូទៅ​មួយ​ចំនួន​លើ​ធ្មេញ ឬ​ជួរ​របស់​ធ្មេញ​កូន ពិសេស​នៅ​អាយុ​ ៧​ឆ្នាំ រាល់​បញ្ហា​ធ្មេញ​ទូទៅ​នឹង​លេច​ឡើង​មក​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់ ហើយ​បញ្ហា​ទាំង​នោះ​មាន​ដូច​ជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ធ្មេញ​ច្រពើស
២. ធ្មេញ​ដុះ​មក​មិន​ត្រង់​ជួរ
៣. ធ្មេញ​ខាង​លើ ឬខាង​ក្រោម​ពយ​ទៅ​មុខ
៤. ធ្មេញ​ដុះ​ឆ្ងាយ​ពី​គ្នា​ខ្លាំង (មាន​ចន្លោះ​ប្រហោង​ធ្មេញ​ធំ)។ល។

ចុះ​អាយុ​ប៉ុន្មាន​បាន​ពេទ្យ​ណែនាំ​ឲ្យ​ពត់? ទន្ដបណ្ឌិត ផន ពេជ្រ​ចន្តា បម្រើ​ការ​ងារនៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​ក្មេង​ស្រី អាច​ចាប់​ផ្ដើម​ពត់​ធ្មេញ​បាន​ចន្លោះ​អាយុ ១២-១៤ឆ្នាំ រី​ឯ​ក្មេង​ប្រុស អាច​ពត់​ធ្មេញ​បាន​អាយុ​ចន្លោះ​ពី១៤-១៦​ឆ្នាំ។

ផ្ទុយទៅ​វិញ ក្មេង​ៗខ្លះ ចាប់​ផ្ដើម​ពត់​ធ្មេញ​តាំង​ពី​អាយុ ​៦​ឆ្នាំ​មក​ម៉្លេះក៏​មាន។ ប៉ុន្តែអាយុ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ពត់​ធ្មេញ ក៏​ដូច​ជា​ការ​ព្យាបាល​បញ្ហា​ធ្មេញ​ផ្សេង​ទៀត​ចំពោះ​ក្មេង គឺ​នៅ​អាយុ​ចន្លោះ​ពី​៨-១៤​ឆ្នាំ។ បន្ថែម​ពី​លើ​នេះ ទន្ដបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​លក្ខខណ្ឌ​មួយ​ទៀត​​ដែល​គួរ​នាំ​កូន​ៗ​ទៅ​ពត់​ធ្មេញ គឺ​ពេល​ដែល​អា​អូន​ឈប់​លូតលាស់​គ្រោង​ឆ្អឹង​មុខ។

ពេល​ដែល​យើង​មើល​ឃើញ​បញ្ហា​ធ្មេញ​​រៀប​រាប់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ យើង​គួរ​តែ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​កូន​គួរ​តែ​ពត់​ធ្មេញ ឬ​យ៉ាង​ណា។ ទោះ​ជា​យ៉ាង​ណា ពេទ្យ​ធ្មេញ​អាច​នឹង​មិន​ណែនាំ​ឲ្យ​កូន​យើង​ពត់​ធ្មេញ​បន្ទាន់​ទេ ប៉ុន្តែ​ការ​ដែល​យើង​នាំ​កូន​ទៅ​ពេទ្យ​ធ្មេញ​ពិនិត្យ​អាច​ជា​ប្រការ​ទប់​ស្កាត់​បញ្ហា​ធ្មេញ​ផ្សេង​ទៀត​ទៅ​ថ្ងៃ​មុខ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]