មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត​មាន​ច្រើន​ដូច​ជា ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បួន កង​ដាក់​ក្រោម​ស្បែក ឬ​ការ​ប្រើ​ស្រោម​អនាម័យ​។ល។ ស្ត្រី​ភាគ​ច្រើន នៅ​ពេល​ដែល​មិន​ទាន់​ចង់​បាន​កូន និយម​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ប៉ុន្តែ​នៅ​ពេល​ដែល​ប្រើ​យូរ​ទៅ មាន​ស្ត្រី​ខ្លះ​លើក​ឡើង​ថា ប្រើ​ប្រាស់​ថ្នាំ​​គ្រាប់​ពន្យារ​កំណើត​រាប់​ឆ្នាំ អាច​ប៉ះពាល់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់​លទ្ធភាព​ការ​បង្ក​កំណើត ឬ​អត់?

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ថា ទោះ​បី​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផល​រំខាន​តិច​តួច​ទៅ​តាម​ប្រភេទ​នៃ​សារធាតុ​អ័រម៉ូន និង​ករណី​ប្រើដោយ​ពុំ​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ តែ​បញ្ហា​នេះ​បណ្ដាល​ឲ្យ​អត់​កូន ឬ​ពិបាក​មាន​កូន គឺ​ពុំ​មែន​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នោះ​ទេ។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត គឺ​លទ្ធភាព​បង្ករ​កំណើត មាន​ផ្ទៃពោះ​ដូច​រាល់​ស្ត្រី​ពុំ​ធ្លាប់​បាន​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​ដូច​គ្នា​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​បន្ត​ថា លើក​លែង​តែ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បន្ទាន់ (ថ្នាំ៧២ ម៉ោង) រយៈ​ពេល​យូរ និង​ញឹក​ញាប់​ពេក ទើប​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​បង្កកំណើត។ ចំណែក​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ប្រចាំ​ថ្ងៃ ពុំ​មាន​ផល​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត​នោះ​ទេ ហើយ​ស្ត្រី​ទាំង​អស់​នឹង​ចាប់​ផ្ដើម​មាន​រដូវ​ឡើង​វិញ នៅ​ខែ​បន្ត​បន្ទាប់ ហើយ​សារធាតុ​អ័រម៉ូន​ដែល​មាន​នៅ​ក្នុង​ខ្លួន​នឹង​បញ្ចេញ​អស់​ពី​រាងកាយ​ភ្លាមៗ ក្រោយ​ពេល​បញ្ឈប់​ការ​ប្រើ​ប្រាស់។

ស្ត្រី​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ស្រប​ពេល​មាន​បញ្ហា​វិបត្តិ​អត់​កូន ពិបាក​មាន​កូន​ដោយ​ពុំ​បាន​ដឹង ឬ​ពិនិត្យ​ព្យាបាល​ពីមុន ដូចជា​ជំងឺ​ពង​ញី​កណ្ដាញ់ (PCOS) ធ្វើ​ឲ្យ​ស្ត្រី​រាំង​រដូវ រដូវ​មក​មិន​ទៀង​ទាត់​ស្រាប់ ជំងឺ​ដុំ​ឈាម​រដូវ ឬ​ស្បូន​ក្រិន វិបត្តិ​មេ​ជីវិត​ញី​ផ្សេងៗ ដែល​ជា​បញ្ហា​​ធ្វើ​ឲ្យ​ស្ត្រី​​ពិបាក​មាន​កូន​។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​ណែនាំ​ដល់​ស្ត្រី​គ្រប់​រូប​ជ្រើស​យក​វិធី​ពន្យារ​កំណើត​ឲ្យ​បាន​សម​ស្រប និង​សុវត្ថិភាព​សម្រាប់​ខ្លួន ដោយ​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ច្បាស់​លាស់ និង​ស្វែង​រក​សេវា​ពិនិត្យ តាម​ដាន​សុខភាព​ដែល​ខ្លួន​អាច​ទុក​ចិត្ត​បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]