១. ស្វែងយល់ និងទទួលយកការពិតពីជំងឺទឹកនោមផ្អែមប្រភេទ១
ជំងឺទឹកនោមផ្អែមប្រភេទ១ មិនត្រឹមតែធ្វើឲ្យប៉ះពាល់រាងកាយរបស់អូនៗទេ វាក៏ធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ផងដែរ។ នៅពេលដែលដឹងពីមានជំងឺនេះដំបូងៗ អូនៗអាចព្រួយបារម្ភពីអ្វីដែលអាចកើតមានប្រចាំថ្ងៃ និងអនាគត។ វាជាការផ្លាស់ប្តូរដ៏ធំមួយដែលភ្លាមៗ អូនៗត្រូវទៅជួបគ្រូពេទ្យជាញឹកញាប់ ប្រើប្រាស់ថ្នាំ និងពិនិត្យមើលអ្វីដែលត្រូវញ៉ាំទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាជារឿងធម្មតាទេដែលឆ្ងល់ថា “ហេតុអ្វីបានជាខ្ញុំ?” ហើយគិតថា “វាមិនយុត្តិធម៌ទេ។ ” អូនៗអាចមានអារម្មណ៍ក្រៀមក្រំ ខឹង និងតូចចិត្តដោយសារតែស្ថិតក្នុងស្ថានភាពនេះខណៈមិត្តភក្តិភាគច្រើនមិនចាំបាច់ព្រួយបារម្ភអំពីកម្រិតជាតិស្ករក្នុងឈាម ឬក៏អាចញ៉ាំអ្វីដែលពួកគេចង់បានតាមចិត្ត។ ប៉ុន្តែត្រូវប្រាកដថាអូនៗរៀនកាន់តែច្បាស់អំពីជំងឺទឹកនោមផ្អែមប្រភេទ១ និងវិធីគ្រប់គ្រងវាកាន់តែច្រើន នោះអូនៗនឹងមានអារម្មណ៍ថា វាស្ថិតនៅក្នុងការគ្រប់គ្រង និងអាចដោះស្រាយបាន សម្រាប់ជីវិតប្រចាំថ្ងៃ។
នៅពេលអូនៗប្រឈមមុខនឹងបញ្ហាទាំងនេះ អូនៗខ្លះអាចនឹងបន្លប់ចិត្តខ្លួនថាមិនមានជំងឺទឹកនោមផ្អែម ដោយមិនគិតពីវា ឬមិននិយាយពីវាជាដើម។ អូនៗអាចនឹងចង់លាក់បាំងដោយសារតែមានអារម្មណ៍អៀនខ្មាស និងខុសពីគេ ប៉ុន្តែវាជាការសំខាន់ដែលមិនគួរមានអារម្មណ៍ខ្មាសអៀនចំពោះស្ថានភាពខ្លួននោះទេ។ នេះ មិនមែនជាកំហុសទេ អូនៗមិនមែនជាអ្នកត្រូវទទួលខុសត្រូវនោះទេ ហើយអូនៗក៏មិនឯកានោះដែរ។ ផ្ទុយទៅវិញ អូនៗអាចនឹងបង្ហាញអារម្មណ៍ និងសួរជាសំនួរទៅមនុស្សនៅជុំវិញខ្លួនបានគ្រប់ពេលទាក់ទងនឹងជំងឺ។ អូនៗមានទាំងប៉ាម៉ាក់ បងប្អូន មិត្តភក្ដិ ឬគ្រូពេទ្យ ចាំជួយជ្រោមជ្រែង។ អ្នកទាំងនោះនឹងនៅជាមួយអូនៗ ចាំជួយ និងទទួលយកដឹងពីស្ថានភាពសុខភាពអូនៗ ដើម្បីផ្ដល់ឲ្យអូនៗមានជីវិតពោរពេញដោយសុភមង្គល។
២. វិធីដោះស្រាយបញ្ហាផ្លូវចិត្ត
ជំហានដ៏សំខាន់មួយរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ នោះគឺការរៀនពីជំងឺនេះ និងពីវិធីដែលអាចសម្របខ្លួនទៅនឹងស្ថានភាពដែលអូនៗជួបប្រទះ និងគ្របគ្រងឲ្យបាន។ បើអូនៗមិនត្រូវព្យាយាមប្រឆាំងនឹងជំងឺនេះទេ តែផ្ទុយទៅវិញយើងត្រូវរៀនពីវាវិញ នោះស្ថានភាពផ្លូវចិត្តរបស់អូនៗនឹងកាន់តែប្រសើរបន្តិចម្ដងៗ។ អូនៗមិនមែនតែឯងទេ និងមិនគួរមានអារម្មណ៍ដូចនេះរាល់ថ្ងៃដែរ អូនៗគឺខ្លាំងជាងអ្វីដែលអូនៗបានគិតទៅទៀត។
វាជារឿងធម្មតាដែលអូនៗមានអារម្មណ៍ប្រែប្រួលបែបនេះ ទៅលើស្ថានភាពជំងឺ ប៉ុន្តែអូនៗនឹងអាចសម្របខ្លួន និងមើលថែជំងឺខ្លួនឯងបាន ហើយនឹងធ្វើឲ្យការថែទាំនោះទៅជាទម្លាប់ប្រចាំថ្ងៃបានទៀតផង។
អូនៗនឹងនៅតែជាក្មេង ធម្មតាម្នាក់ ដូចទៅនឹងអ្នកដទៃដែរ ដោយគ្រាន់តែបន្ថែមទម្លាប់ប្រចាំថ្ងៃមួយចំនួនក្នុងជីវិត គឺមិនខុសអីពីយើងមានទម្លាប់ដុះសម្អាតធ្មេញជាប្រចាំថ្ងៃទេ។ ពេលអូនៗជោគជ័យក្នុងការបន្ថែមទម្លាប់ប្រចាំថ្ងៃកាន់តែច្រើន នោះអូនៗនឹងគិតពីរឿងអាក្រក់របស់ជំងឺទឹកនោមផ្អែមប្រភេទ១កាន់តែតិច ហើយផលវិបាកនៃជំងឺក៏មានកាន់តែតិច ទាំងនៅពេលនេះ នឹងពេលខាងមុខ។
៣. រៀបចំខ្លួនឲ្យមានម្ចាស់ការ
អូនៗត្រូវចាប់ផ្ដើមធ្វើអ្វីដែលគួរធ្វើ និងត្រូវប្រឈមជាមួយជំងឺមួយនេះមួយដំណាក់កាលម្ដងៗ។ អូនៗមិនបាច់ប្រញាប់ពេកដែរ ព្រោះថាវាមិនងាយស្រួលទេក្នុងការផ្លាស់ប្តូរភ្លាមៗ ឬបង្កើតទម្លាប់មួយចំនួននោះ។ យូរៗទៅអូនៗនឹងស៊ាំចំពោះទម្លាប់ចាក់អាំងស៊ុយលីន និងការវាស់កម្រិតជាតិស្ករ ដែរមិនខាន។ ដូចនេះហើយ សុខភាពរបស់អូនៗក៏ល្អទៅតាមហ្នឹងដែរ។
ដំបូងឡើយ អាចថាប៉ាម៉ាក់ជាអ្នកជួយយើងច្រើនលើកិច្ចការនេះ ដើម្បីមើលថែទាំ និងគ្រប់គ្រងជំងឺរបស់អូនៗ។ ប៉ុន្តែបន្តិចម្ដងៗ អូនៗនឹងអាចធ្វើការងារទាំងនោះបានដោយខ្លួនឯង។ សម្រាប់ពេលនេះ នៅពេលអូនៗធ្វើតេស្តជាតិស្ករក្នុងឈាម គឺអាចធ្វើតាមអ្វីប៉ាម៉ាក់បានធ្វើ អាចច្រើសកន្លែងត្រូវចាក់ ក៏ដូចជាចេះអានលទ្ធផលខ្លួនឯង ហើយនឹងកត់ត្រាទុកដោយខ្លួនឯងដែរ។ វាជាការប្រសើរដែលអូនៗអាចធ្វើកិច្ចការនេះដោយខ្លួនឯង សម្រាប់ពេលបន្តបន្ទាប់។
៤. ថែរក្សាផ្លូវចិត្តឲ្យបានល្អ
ដោយសារតែយើងត្រូវរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ១ ពេលខ្លះអូនអាចមានអារម្មណ៍បាក់ទឹកចិត្តបន្តិចបន្តួច ដែលនេះគឺជារឿងធម្មតាទេ។
- បាក់ទឹកចិត្ត
បើអូនៗចេះតែពិបាកចិត្ត ហើយអារម្មណ៍បែបនេះមិនបាត់ទៅវិញទេ ប្រហែលជាអូនៗប្រឈមនឹងជំងឺបាក់ទឹកចិត្តហើយ។ ការមានជំងឺបាក់ទឹកចិត្ត ពេលមានជំងឺទឹកនោមផ្អែម គឺមិនមែនជារឿងចម្លែកអ្វីពេកទេ អ្នកជំងឺទឹកនោមផ្អែមគឺអាចវិវត្តទៅជាមានបញ្ហាបាក់ទឹកចិត្តដល់ទៅពីរដងខ្ពស់ជាងអ្នកដែលមិនមានជំងឺនេះ។
ការដែលមានអារម្មណ៍បាក់ទឹកចិត្ត គឺនៅពេលខ្លះអូនៗមានអារម្មណ៍ថាអស់សង្ឃឹម និងមិនមានអារម្មណ៍វិជ្ជមានទាល់តែសោះពីជីវិតរបស់ខ្លួនឯង។ អូនៗអាចនឹងដាក់ខ្លួនឯងឲ្យនៅឯកោ កាន់តែច្រើន និងនៅឆ្ងាយពីអ្នកដទៃកាន់តែច្រើន។ អ្វីដែលយើងត្រូវដឹងនោះ គឺថាអូនៗមិនមែនឯកាទេ ទោះជាមានអារម្មណ៍ដូចនោះម្ដងម្កាលក៏ដោយ។ ដូចនេះហើយ ជាការសំខាន់ ដែលយើងត្រូវដឹងពីសញ្ញានៃការបាក់ទឹកចិត្ត និងចែករំលែកបញ្ហានេះ ទៅគ្រួសារ និងគ្រូពេទ្យរបស់អូនៗ។
- បញ្ហាពិបាកចិត្តនឹងជំងឺទឹកនោមផ្អែមប្រភេទ១
ពេលខ្លះអូនៗអាចនឹងមានអារម្មណ៍ខកចិត្ត ស្ដាយក្រោយ សោកសៅ ឬព្រួយបារម្ភ។ ក្រៅពីនេះអូនៗ ក៏អាចនឹងមានបញ្ហាថប់អារម្មណ៍ ពីការដែលមានជាតិស្ករក្នុងឈាមទាប ឬក៏មានផលវិបាកផ្សេងទៀតដោយសារជំងឺនេះដែរ។ ប្រសិនបើអារម្មណ៍ទាំងនេះមិនបាត់ទៅវិញទេ ឬធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់អូនៗមានបញ្ហា នោះវាជាការសំខាន់ដែលយើងត្រូវនិយាយប្រាប់នរណាម្នាក់ ហើយវាក៏មិនចម្លែកអីដែរ បើសិនជាអូនៗមានអារម្មណ៍បែបនេះនៅពេលខ្លះ តែកុំភ្លេងយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ ត្រូវស្វែងរកជំនួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]