ភ្នំពេញ៖ ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជី ទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត(GI) បន្ទាប់ពីម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ហើយនឹងត្រូវរៀបចំពិធី ប្រគល់វិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារការរីករាលដាលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពិធីក៏ត្រូវបានពន្យារពេល។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ចូលរួមចំណែកក្នុងការធ្វើឲ្យផលិតផល អាចពង្រីកទីផ្សារបានកាន់តែធំ ទាំងក្នុងស្រុក និងអន្តរជាតិ។ ម្យ៉ាងវិញទៀត ទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ នឹងត្រូវបានការពារ ដោយមានដើមកំណើតផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រជាក់លាក់ មានគុណភាព គុណតម្លៃច្បាស់លាស់ ដែលអាចឲ្យប្រជាជន និងផលិតករនៅក្នុងតំបន់ សិក្សាពីជំនាញនេះតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់។
ជាមួយគ្នានេះ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា បានឲ្យដឹងផងដែរថា៖ ការទទួលស្គាល់ជា GI មានន័យថា ជាផលិតផលដែលផលិតឡើងដោយមានការគ្រប់គ្រង មានប្រព័ន្ធត្រួតពិនិត្យ និងធានាគុណភាពត្រឹមត្រូវ នេះជាមូលហេតុធ្វើឲ្យផលិតផលមានតម្លៃខ្ពស់ជាងមុន និងទទួលបានការចាប់អារម្មណ៍ និងបញ្ជាទិញពីក្រៅប្រទេស។
ចំណែកលោក កើញ បូផាត់ ប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី បានឲ្យដឹងថា៖ ការចុះបញ្ជីផ្លូវការនៃទំនិញ GI បានរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ដល់ប្រជាជនក្នុងសហគមន៍។ លក្ខណៈពិសេសរបស់ ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺមានរសជាតិផ្អែមឆ្ងាញ់ ខាប់ និងមានក្លិនក្រអូប។ យ៉ាងណាមិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ឆ្នាំនេះមិនមានបរិមាណច្រើនដូចឆ្នាំមុនទេ ដោយអាចបានចន្លោះពី១០ ទៅ ២០តោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុនទទួលបានជាង ៦០តោន។ បច្ចុប្បន្នសមាគមន៍ទទួលទិញទឹកឃ្មុំពីសមាជិកក្នុងតម្លៃ ៦ម៉ឺនរៀល ក្នុង១លីត្រ និងលក់ចេញក្នុងតម្លៃ៧ ទៅ៧ម៉ឺន៥ពាន់រៀល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]