ខេត្ដកោះកុង ៖ សន្ដិសុខសណ្ឋាគារ កោះកុងស៊ីធីម្នាក់ឈ្មោះ ធី ថន អាយុ២៦ឆ្នាំ បានត្រូវនគរបាល ព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ដ ឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់នារីរងគ្រោះម្នាក់ អាយុ២០ឆ្នាំ ដែលមានមុខរបរជា នារីម៉ាស្សាថា បានលួងលោម បញ្ឆោតនាង និងគំរាម រួចចាប់រំលោភរហូតបាន សម្រេចចំនួន២ដង ។ នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះបញ្ជាក់ថា នាងមានមុខរបរជានារីម៉ាស្សា នៅក្នុងហាងម៉ាស្សាមួយ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ចំណែកជនសង្ស័យជា សន្ដិសុខសណ្ឋាគារកោះកុងស៊ីធី ស្នាក់នៅផ្ទះជួលក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

ជាធម្មតា សន្ដិសុខសណ្ឋាគាររូបនេះ តែងតែឌុបនាងទៅដាក់នៅ សណ្ឋាគារតាមតម្រូវការភ្ញៀវ ដែលចង់ម៉ាស្សា ។ នាងរៀបរាប់ថា នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ មិថុនា ជននេះបានទៅដឹកនាងទៀត ដោយកុហកថា មានភ្ញៀវហៅទៅម៉ាស្សា តែពេលនាងឡើង ជិះម៉ូតូទៅជាមួយចេញផុតពី ហាងម៉ាស្សាបន្ដិច ជននេះក៏បត់ម៉ូតូសំដៅទៅផ្ទះ ជួលរបស់ខ្លួនតែម្ដង ហើយប្រាប់នាងថា ថ្ងៃនេះម៉ាស្សាឱ្យបងម្ដង ។ នាងបានរៀបរាប់ទៀតថា ពេលនាងម៉ាស្សា ឱ្យអស់រយៈពេលមួយម៉ោងរួចនាង ក៏សុំប្រាក់ថ្លៃម៉ាស្សាចំនួន៥ ដុល្លារ ប៉ុន្ដែជននេះមិនព្រមឱ្យ នាងត្រឡប់មកវិញទេ បែរជាគំរាមឱ្យដេក ជាមួយខ្លួនដោយប្រើកាំបិត ចុងស្រួចភ្ជង់ឱ្យ នាងឡើងលើគ្រែ និងបញ្ជាឱ្យដោះសម្លៀកបំពាក់ ។ ការគំរាមនោះធ្វើឱ្យនាង ភិតភ័យយ៉ាងខ្លាំង ។

បន្ទាប់មកជននេះក៏ចាប់ នាងរំលោភរហូតបានសម្រេច តែម្ដង ។ នារីរងគ្រោះបានរៀបរាប់ទៀតថា ពេលរំលោភនាងរួចហើយ នាងសុំត្រឡប់ទៅហាងវិញ និងសុំថ្លៃចំនួន៣០ដុល្លារ ក៏មិនឱ្យ ព្រមទាំងគំរាមដោយកាំបិតទៀត ។ មិនតែប៉ុណ្ណោះ បានបិទភ្លើងក្នុង ផ្ទះជួលរបស់ខ្លួនឱ្យងងឹត រួចប្រាប់ថា មិនទាន់ឱ្យទៅវិញទេ ព្រមទាំងយកសោ ទ្វារចាក់ពីក្នុងឃុំនាងទុកមិនឱ្យចេញ ដោយបង្ខំឱ្យដេកពីរនាក់ រហូតដល់ម៉ោង ៤ទៀបភ្លឺក៏ចាប់រំលោភ នាងបានសម្រេចម្ដងទៀត ទើបឱ្យនាងត្រឡប់មក
វិញ ។

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ មិថុនា នាងបានមកដាក់ពាក្យបណ្ដឹងឱ្យ សមត្ថកិច្ចចាប់ខ្លួនយុវជននោះនៅ ព្រឹកថ្ងៃនោះតែម្ដង ។ លោកវរសេនីយ៍ទោ ឃឹម សាណេ ស្នងការ រងនគរបាលខេត្ត ទទួលផែនការកណ្តាល យុត្តិធម៌បញ្ជាក់ថា តាមពាក្យបណ្ដឹងនារីរងគ្រោះបានទាមទារប្រាក់ជំងឺចិត្ដចំនួន២០០ ដុល្លារតែប៉ុណ្ណោះ ប៉ុន្ដែតាមផ្លូវច្បាប់ ករណីរំលោភសេពសន្ថវៈ គ្មានស្ថានទម្ងន់ណាអាច សម្របសម្រួលក្រៅ ប្រព័ន្ធតុលាការបានឡើយ ។ ហេតុនេះសមត្ថកិច្ច ត្រូវតែកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ដើម្បីអនុវត្ដតាមច្បាប់ ៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]