ខេត្តរតនគិរី ៖ លោក សាត សឿន ហៅសឿនផែនដី អតីតឧក្រិដ្ឋជនប្រចាំខេត្តកំពង់ចាម ពេញមួយទសវត្សឆ្នាំ៩០ បានប្រើកាំភ្លើងខ្លីម៉ាកឡុកបង្កការបាញ់ បោះអុកឡុកកក្រើកពេញហាងខារ៉ាអូខេ មួយកន្លែងដែលមានយីហោពន្លកមាស ស្ថិតនៅផ្លូវជាតិលេខ៧៨A ភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៦ កក្កដា ពុំមានសមត្ថកិច្ចណាហ៊ានក្អកដាក់ ឬមានចំណាត់ការលើអតីតឧក្រិដ្ឋជន ដែលល្បីឈ្មោះខាងបាញ់បោះម្នាក់នេះទេ ។
តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី៦ កក្កដា នោះ លោក សឿន ផែនដី បានចូលច្រៀងខារា៉អូខេ មានគ្នា៣នាក់ ហើយសួររកឈ្មោះស្រីនាង ប៉ុន្តែស្រីនាងជាប់រវល់ ជាមួយភ្ញៀវបន្ទប់ផ្សេង មិនបានមកបម្រើលោកម្ចាស់ ដ៏មានអំណាចក្រៅច្បាប់នេះទេ ។ ក្រោយមកជនរូបនេះក៏ចេញក្រៅបន្ទប់មកទីធ្លាខាង មុខដកកាំភ្លើងខ្លីដ៏ទំនើបរបស់ខ្លួនបាញ់លើកទី ១ចំនួន៧គ្រាប់ ហើយចូលច្រៀងដោយ រីករាយយ៉ាងរំភើយ ។
ប្រហែល៥នាទីក្រោយ ដោយអត់ឃើញមានរដ្ឋអំណាច ណាហ៊ានសួរនាំ និងមិនឃើញស្រីនាងមកកំដរ លោកម្ចាស់ក៏ចេញមកបាញ់ចំនួន៦គ្រាប់ទៀត ផ្អើលក្រុងបានលុងទាំងមូល រួចក៏បាននាំគ្នាឡើងរថយន្តគេចខ្លួនអស់ ទៅដោយសុវត្ថិភាព ។ មួយសន្ទុះក្រោយមក គេសង្កេតឃើញកម្លាំងប៉េអឹមខេត្ត និងប៉ូលិសក្រុងមកដល់ ប៉ុន្តែពុំមានការចាប់ខ្លួនជនបង្កនោះទេ គឺចាប់ខ្យល់ ។ លុះព្រឹកឡើងគេឃើញ លោកសឿនផែនដីនៅអង្គុយហូបនំ បញ្ចុកជាមួយលោកមេបញ្ជាការបេ៉អឹមខេត្ត ហាក់ដូចជាពុំមានរឿងអ្វីសោះឡើយ ដែលស្រួលមិនស្រួលអតីតឧក្រិដ្ឋជនរូបនេះ ទះស្មាមេប៉េអឹមខេត្តលេងទៀតផងក៏មិនដឹង ។
លោក លុយ ហួត អាយុ៧០ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី៧ កក្កដា ថា លោក សឿនផែនដី ធ្លាប់ប្រើកាំភ្លើងខ្លីភ្ជង់គំរាមស្រីៗឱ្យឡើងរថយន្ត ទៅជាមួយញឹកញាប់មកហើយ ប៉ុន្តែពេលនេះគឺបាញ់កក្រើកហាងតែម្តង ។ ម្ចាស់ហាងបាននិយាយទៀតថា ហាងរបស់គាត់ឱ្យតែមាន វត្តមានលោកសឿន នៅក្នុងហាងរបស់គាត់ មិនមានភ្ញៀវណាហ៊ានចូលនោះទេ ។បើគេឃើញលោកសឿនផែនដីចូល ភ្ញៀវប្រាកដជារត់ចេញក្រៅអស់ហើយ ។
មជ្ឈដ្ឋានក្នុងក្រុងបានលុង ទាំងមូលកំពុងមានចម្ងល់ថា តើក្នុងសម័យថ្មីនេះ លោកសឿនមានតួនាទីអ្វីពិតប្រាកដ ទើបប្រើប្រាស់អាវុធបាញ់បោះដោយសេរី ពុំមានសមត្ថកិច្ចណាហា៊នបង្ក្រាបបែបនេះ ? មិនត្រឹមតែគ្មានកងកម្លាំងណាហ៊ានទេ ពោលគឺប្រៀបដូចបណ្តែតបណ្តោយឱ្យលោកម្ចាស់ បង្កការអុកឡុកគំរាមកំហែងបាញ់បោះសេរីពេញក្រុងបានលុង ធ្វើឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មានការភ័យខ្លាចស្ទើរគ្រប់ៗគ្នា ។ ឃើញភាពជាក់ស្តែងបែបនេះបញ្ជាក់ច្បាស់ថា សមត្ថកិច្ចខេត្តរតនគិរី បានបង្ហាញឱ្យឃើញច្បាស់ហើយ ពុំមានសមត្ថភាពចាត់ការមនុស្សរបៀប ក្រៅច្បាប់ម្នាក់នេះឡើយ។
មន្ត្រីម្នាក់នៅខេត្តកំពង់ចាម ម្សិលមិញប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកហ៊ានទាយទុកមុនថា សឿនផែនដី នឹងជាន់ដីខេត្តរតនគិរី ឱ្យផ្អៀងមិនខាន ។ ថ្ងៃណាមួយ ឈាមអ្នកស្លូតត្រង់នឹងហូរស្រោចដីខេត្តរតនគិរី ដោយស្នាដៃអ្នកមិនចេះរាងចាលរូបនេះជាមិនខាន ។
ក្រុមអ្នកវិភាគនិយាយថា បើសឿនផែនដី ខ្លាំងលើសប៉ូលិស លើសប៉េអឹម បែបនេះ គួរតែលើក លោក សឿនផែនដី ឱ្យធ្វើមេប៉ូលិសខេត្ត ឬធ្វើមេប៉េអឹមខេត្តវិញម្តងទៅ... តើបានទេ ?
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]