​ជ្រាំងអណ្ដាត កើត​ឡើង​ពីផ្សិត​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើភ្នាស​ក្នុង​មាត់​របស់​យើង​។ ផ្សិត​ប្រភេទ​នេះ​ជា​សរីរាង្គ​ធម្មតា​មួយ​នៅ​ក្នុង​មាត់ ប៉ុន្តែ​ពេល​ខ្លះ​ពួកវា​បាន​លូត​លាស់​ខ្លាំង និង​បង្ក​ឲ្យមាន​រោគ​សញ្ញា​ជា​ជំងឺ​ជ្រាំង​អណ្ដាត​។

ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ដំបៅពណ៌​ស​ក្នុង​​មាត់ ដែល​ជា​ធម្មតា​អាច​មាន​នៅ​លើ អណ្ដាត ឬ​សាច់​​​ថ្ពាល់ខាង​ក្នុង​ និង​​មាន​ពេល​ខ្លះ​អាច​​រាល​ដាល​ដល់​ក្រអូមមាត់ អញ្ចាញ​ធ្មេញ បំពង់​ក ឬ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក។ ជំងឺ​ជ្រាំង​អណ្តាត​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ ប៉ុន្តែ​គេ​ច្រើន​ឃើញ​កើត​លើ​ទារក និង​មនុស្ស​វ័យ​ចំណាស់​ ដោយ​សារ​តែ​ភាព​ស៊ាំ​អ្នក​ទាំង​នោះ​ចុះ​ខ្សោយ និង​ក៏​អាច​កើត​លើ​គ្នា​យើង​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ ឬ​អ្នក​កំពុង​ប្រើ​ថ្នាំ​ផ្សេងៗ​។ ជំងឺ​នេះ​អាច​ជា​បញ្ហា​តូច​តាច​ប្រសិន​បើ​យើង​មាន​សុខភាព​ល្អ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ រោគ​សញ្ញា​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ពិបាក​គ្រប់​គ្រង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.មូលហេតុ​បង្ក

ជា​ធម្មតា​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ធ្វើ​ការ​ដើម្បី​កម្ចាត់​សារពាង្គកាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដូច មេរោគ បាក់តេរី និង​ផ្សិត ដើម្បី​រក្សា​លំនឹង​រវាង​បាក់តេរី​ល្អ និងអាក្រក់ ដែល​មាន​នៅ​ក្នុង​រាងកាយ។ ប៉ុន្តែ​ពេល​ខ្លះ​ការ​ការពារ​អាច​នឹង​មិន​បាន​ល្អ ក៏​អាច​បង្កើន​ចំនួន​ផ្សិត និង​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​មាត់។

២.រោគ​សញ្ញា

សញ្ញា​ និង​រោគ​សញ្ញា​ ជំងឺជ្រាំង​អណ្ដាត​មាន ៖

  • មាន​ជ្រាំង​ ឬ​ដំបៅ​ពណ៌ស​នៅ​លើ​អណ្ដាត សាច់​ថ្ពាល់​ខាង​ក្នុង​ និង​ពេល​ខ្លះ​មាន​នៅ​លើ ក្រអូម​មាត់ អញ្ចាញ​ធ្មេញ និង សាច់​បំពង់​ក
  • ដំបៅ​អាច​មាន​ចេញ​រូប​រាង​ដូច​ឈីស
  • ការ​ឡើង​ក្រហម ការ​រលាក ឬ​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការ​ញ៉ាំ
  • មានហូរឈាមបើជូតចេញខ្លាំង ឬ​កកិត​គ្នា
  • ប្រេះ និង​ឡើង​ក្រហម​នៅ​ក្នុង​​មាត់
  • បាត់​បង់​រសជាតិ
  • រលាក​អញ្ចាញ​ធ្មេញ

ក្នុង​ករណី​ធ្ងន់ធ្ងរ ​​អាច​ទាក់​ទង​នឹង ជំងឺ​មហារីក ឬ​ប្រព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ បណ្ដាល​ពី​មេរោគ​អេដស៍ ​ហើយដំបៅ​អាច​រាល​ដាល​ដល់​បំពង់​អាហារ។ ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​ យើង​អាច​ពិបាក​ញាំ​ និង​ឈឺ​ចាប់ ​ឬ​មាន​អារម្មណ៍​ដូច​ជា​អាហារ​ជាប់​នៅ​ក្នុង​បំពង់​ក។

ទារក​និង​ម្ដាយ​បំបៅ​ដោះ​កូន

ជំងឺ​ដំបៅ​មាត់​ចំពោះ​ទារក​អាច​បណ្ដាល​មក​ពី ការ​បំបៅដោះ​។ ទារក​អាច​ចម្លង​រោគ​ផ្សិត​ទៅ​ម៉ាក់ៗ ពេល​បៅដោះ​ ផ្សិត​នៅ​ដោះ​ម៉ាក់ៗក៏​អាច​ឆ្លង​មក​​មាត់​ទារក។ ម៉ាក់ៗ ដែល​ឆ្លង​មេរោគផ្សិត​ប្រភេទ​ Candida អាច​មាន​សញ្ញា​ និង​រោគ​សញ្ញា​ទាំង​នេះ៖

  • ចុង​សុដន់​អាច​ឡើង​ក្រហម​ខុស​ពី​ធម្មតា ស្រៀវ ប្រេះ ឬ​រមាស់​
  • ស្បែក​រលោង ឬ​រោល​នៅ​លើ​រង្វង់​ខ្មៅ​ជុំវិញ​ក្បាល​សុដន់
  • ឈឺ​ចាប់​ខុស​ធម្មតា​ពេល​បំបៅ ឬ​ក្បាល​សុដន់​ឈឺ​នៅ​ពេល​បំបៅ
  • មាន​អាការៈ​ឈឺ​ខ្ទាំ​នៅ​ក្នុង​សុដន់

៣.កត្តា​ហានិភ័យ

គ្នា​យើង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​មាត់​បាន ក្នុង​ករណី​មាន​បញ្ហា​ខាង​ក្រោម​ណា​មួយ​កើត​ឡើង ៖

  • ភាព​ស៊ាំ​ចុះ​ខ្សោយ៖ ជំងឺ​ជ្រាំង​​អណ្ដាត​ងាយ​នឹង​កើត​មាន​ចំពោះ ទារក​ និង​មនុស្ស​វ័យ​ចំណាស់​ដោយ​សារ​ការ​ថយ​ចុះ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។ បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​រារាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​ជា កើត​ជំងឺ​មហារីក និង​ការ​ព្យាបាល​ការ​ប្ដូរ​សរីរាង្គ​។
  • ជំងឺ​ទឹក​នោម​ផ្អែម៖ ប្រសិន​បើ​យើង​មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​បាន​ព្យាបាល​ ឬ​គ្រប់​គ្រង​មិន​បាន​ល្អ នោះ​ទឹក​មាត់​អាច​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ជំរុញ​ដល់​ការ​លូត​លាស់​ មេរោគ​ផ្សិតcandida ។
  • ការ​ឆ្លង​មេរោគ​ផ្សិត​តាម​ទ្វារ​មាស៖ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​គឺ​បណ្ដាល​មក​ពី​មេរោគ​ផ្សិត​ ដូច​មេរោគ​ផ្សិត​នៅ​ក្នុង​មាត់ដែរ​ ហើយ​មេរោគ​នេះ​និង​អាច​ឆ្លង​ទៅ​កូន​ទៀត​ផង។
  • មេរោគ​ក្នុង​មាត់​ផ្សេង​ទៀត៖ ការ​ពាក់​ធ្មេញ​ជា​ពិសេស​ធ្មេញ​ខាង​លើ ឬ​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ដែល​បណ្ដាល​ឱ្យ​មាត់​ស្ងួត​ក៏​អាច​បង្កើន​ហានិភ័យ​នៃការ​កើត​​មេរោគ​ក្នុង​មាត់​ដែរ។

ក្នុង​ករណីគ្នា​យើង​ ឬ​កូន​របស់​យើង​មាន​ជ្រាំង​​អណ្ដាត ឬ​ដំបៅ​ពណ៌ស​ក្នុង​មាត់​នោះ គួរ​តែ​ទៅ​ជួប​​​គ្រូ​ពេទ្យ​ឬ ទន្ត​ពេទ្យ​ដើម្បី​កំណត់​មូល​ហេតុ​បង្ក​ផ្សេង​ទៀត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]