ការ​ត​ជែល​ក្រចក​​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​ស្រី​ៗ​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​ការ​ត​ជែល​​មាន​ភាព​ស្រស់​ស្អាត​ និង​អាច​រក្សា​ទុក​បាន​យូរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ត្រូវការ​ជំនួយ​ពី​កាំរស្មី​UV ដើម្បី​ធ្វើ​ឲ្យ​ជែល​ឆាប់​ស្ងួត​ល្អ​ ដែល​ដំណើរការ​នេះ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ ប្រសិនបើ​យើង​ត​ជែល​ជា​រៀង​រាល់​​ពីរ​បី​សប្ដាហ៍​ម្ដង​។

តើ​​វិទ្យុ​សកម្ម​នៃ​កាំរស្មី​UV​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្បែក​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មាន​កាំរស្មី​UV ​មាន​ចំនួន​៣​ប្រភេទ ដែល​កាំ​រស្មី​ទាំង​នេះ​សុទ្ធ​តែ​បំផ្លាញ​ស្បែក​ ប៉ុន្តែ​មាន​តែ​កាំរស្មី​UVA និង​UVB​ ប៉ុណ្ណោះ​ដែល​អាច​មក​ដល់​ផ្ទៃ​ផែនដី​។ ពិត​ណាស់​ កាំ​រស្មី​UV​កើត​ចេញ​ពី​ព្រះអាទិត្យ​​ អាច​ជួយ​ស្បែក​​ផលិត​វីតាមីន​D តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ប្រសិនបើ​យើង​ប៉ះពាល់​​​រយៈពេល​យូរ​។ លើស​ពី​នេះ​ កាំរស្មី​UV​​ក៏​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​ និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ កាំរស្មី​ទាំង​នេះ អាច​ជ្រាបចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ ដោយ​បំផ្លាញ​DNA​នៅ​ក្នុង​កោសិកា​ស្បែក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ក៏​ដូចជា​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​។

​​ម៉ាស៊ីន​សម្ងួត​ក្រចក​ប៉ះពាល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​?

ម៉ាស៊ីន​សម្ងួត​ក្រចក​ដែល​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ត​ជែល​ បញ្ចេញ​កាំរស្មី​UV​ក្នុង​បរិមាណ​ខុស​ៗ​គ្នា​ ព្រោះ​វា​មាន​កម្រិត​ពន្លឺ​ខុស​ៗ​គ្នា​ ហើយ​កម្លាំង​ក៏​​អាស្រ័យ​លើ​ថាមពល​ចំនួន​វ៉ាត់​របស់​ម៉ាស៊ីន​ដូច​គ្នា។ ដូច្នេះ​ហើយ​ ម៉ាស៊ីន​ដែល​មាន​ចំនួន​វ៉ាត់​ខ្ពស់​ បញ្ចេញ​កាំរស្មី​កាន់​តែ​ច្រើន​។

ជំងឺ​មហារីក​ស្បែក​អាច​កើត​នៅ​លើ​ដៃ​ ជើង​ និង​ក្រោម​ក្រចក​

មហារីក​ស្បែក​អាច​វិវត្ត​​នៅ​ក្រោម​ក្រចក​ និង​ដៃ​ទាំង​ពីរ​ ក៏​ដូចជា​ម្រាម​ដៃ​ និង​ម្រាម​ជើង​។ ចំណែក​ឯ​ជំងឺ​មហារីក​ស្បែក​ដែល​កើត​នៅ​ក្រោម​ក្រចក​ អាច​​​​មាន​ពណ៌​ត្នោត​ខ្ចី ​ឬ​ចាស់​នៅ​លើ​ក្រចក​ និង​​មាន​លក្ខណៈ​បញ្ឈរ​។ ដូចនេះ​ គ្នា​យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​​ក្រចក​មាន​ពណ៌​ក្រមៅ និង​កាន់​តែ​ធំ​ទៅ​ៗ ព្រម​ទាំង​​គ្រប​ដណ្ដប់​នៅ​លើ​ផ្ទៃ​ក្រចក។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ ប្រសិនបើ​​ដៃ ឬ​ជើង​របស់​យើង​មាន​ដំបៅ​ក្រហម​ ស្នាម​អុជៗ ឬ​ឫស​​ដែល​ក្រ​ជា​សះស្បើយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]