ការប្រេះកែងជើងធ្វើឱ្យយើងពាក់ស្បែកជើងមិនសូវស្អាត ហើយអាចធ្វើឱ្យយើង​ឈឺកែង​ជើង​ពេលឈរ ឬដើរ។ ជាងនេះទៅទៀត មេរោគអាចចូលតាមរយៈស្បែកដែលប្រេះ ហើយបង្ករោគដែលធ្វើឱ្យហើម ឬរលាកកែងជើង។ អ៊ឹចឹង​យើងគួរធ្វើបែបណាដើម្បីការពារជើងកុំឱ្យប្រេះ?

ខាងក្រោមនេះជាគន្លឹះថែរក្សាកែងជើងប្រចាំថ្ងៃកុំឱ្យប្រេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រក្សាកែងជើងឱ្យមានសំណើម

កែងជើងយើងប្រេះដោយសារស្បែកកែងជើងស្ងួតពេក ឬចុះខ្សោយ។ ដូច្នេះ​បន្ទាប់​ពី​ងូត​ទឹករួច ឬមុនពេលចូលគេងយើងត្រូវឧស្សាហ៍លាបក្រែម​ផ្តល់សំណើមនៅកែងជើង និងបាតជើង បន្ទាប់មកពាក់ស្រោមជើងដើម្បីរក្សាសំណើម។

២. ប្រើសាប៊ូមានកម្រិតខ្សោយ

យើងអាចកាត់បន្ថយមិនឱ្យស្បែកកែងជើងស្ងួតដោយប្រើសាប៊ូដែលមានកម្រិតខ្សោយសម្អាតបាតជើង និងកែងជើង ព្រោះសាប៊ូដែលមានកម្រិតកាត់ខ្លាំង អាចបំផ្លាញ​របាំង​ការពារ​ស្បែក និងបណ្តាលឱ្យស្បែកកែងជើង​បាត់បង់ជាតិទឹកធ្វើឱ្យស្បែកស្ងួត និង​ប្រេះ។

៣. ខាត់កែងជើង

យើងគួរខាត់កែងជើងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាស៍ដើម្បីឱ្យស្បែក​កែងជើងទន់ និងរលោង។ ដំបូង​យើងត្រូវលាយអំបិលបន្តិចក្នុងទឹកក្តៅឧណ្ហៗ រួចត្រាំជើង​ប្រហែល ១៥ នាទី​។ បន្ទាប់មកខាត់កែងជើងនឹងថ្ម​ខាត់កែងជើង​ ដើម្បីជម្រុះស្បែក​ងាប់​ចេញ និងចុងក្រោយ​លាប​ឡេផ្តល់សំណើម។

៤. ពាក់ស្បែកជើងមានទំហំប៉ុនជើង

ការពាក់ស្បែកជើងដែលមានទំហំធំ ឬតូចជាងជើងក៏អាច​បណ្តាលឱ្យយើង​​ប្រេះ​កែង​ជើង​ដែរ ដោយសារស្បែកកែងជើងកកិតនឹងស្បែកជើង។ ដូច្នេះ យើងគួរពាក់ស្បែក​ជើងដែល​មាន​ទំហំប៉ុនជើង និងត្រូវជ្រើសរើស​ស្បែកជើងណា​ដែលអាចឱ្យខ្យល់​ចេញ​ចូ​លល្អ និងមិន​ធ្វើ​ឱ្យ​ជើង​ហប់។

លើសពីនេះ ដើម្បីការពារកុំឱ្យស្បែកកែងជើងក្រិន ពេលពាក់ស្បែកជើង​បិទជិតដូចជា ស្បែកជើងប៉ាតាជាដើម យើងគួរពាក់ស្រោមជើង​ដើម្បីការពារកែងជើងពីការកកិត​នឹង​ផ្ទៃខាងក្នុងរបស់ស្បែកជើង។

៥. រក្សាទម្ងន់

អ្នកដែលលើសទម្ងន់ ងាយនឹងក្រិន ហើយប្រេះកែងជើងណាស់ ដោយសារ​កែងជើង​ត្រូវ​រង​សម្ពាធខ្លាំងពីការទ្រទម្ងន់ ដែលធ្វើឱ្យស្បែក​កែង​ជើងក្រិន និងប្រេះ។ ដូច្នេះ​យើង​ត្រូវ​​រក្សា​ទម្ងន់កុំឱ្យធាត់​ដោយ​ញុំាអាហារដែលមាន​កាឡូរី​ទាប ខ្លាញ់​ទាប ស្ករទាប និង​ហាត់​ប្រាណ​ជាប្រចាំ។ ​ជាពិសេស​យើងត្រូវញុំាបន្លែ និង​ផ្លែឈើឱ្យបានច្រើន​ដើម្បី​ទទួល​បានជាតិសរសៃ វីតាមីន និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់។

៦. ញុំាទឹក

ការញុំាទឹកបានគ្រប់គ្រាន់ជួយឱ្យរាងកាយយើងមានសុខភាពល្អ ធ្វើឱ្យស្បែកមាន​សំណើម និងស្អាត។ លើសពីនេះទៅទៀត ទឹកជួយកម្ចាត់ជាតិពុលចេញពីស្បែក និង​ខ្លួនរបស់យើង ជួយបើករន្ធញើស និង​ជួយរក្សាភាពយឺតរបស់ស្បែក។

ប្រសិនបើយើងធ្វើការថែរក្សាកែងជើងជាប្រចាំ ហើយយើងនៅតែប្រេះ​កែងជើងទៀត យើងគួរទៅជួបពេទ្យសើស្បែក ព្រោះពេលខ្លះការប្រេះ​កែង​​ជើងអាច​បណ្តាលមកពីជំងឺ​សើស្បែកដូចជាជំងឺត្រអក ឬទឹកស៊ីជើង​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]