​ភ្នំពេញ៖ មូល​និធិ​អន្តរជាតិសិង្ហបុរី (SIF) និង​ មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរសូវៀត (KSFH) បាន​ដាក់​ដំណើរការ​ គម្រោងពង្រឹង​​សេវាថែទាំសុខភាព​ផ្លូវ​ចិត្ត ក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​នេះ។ គម្រោង​កសាង​សមត្ថភាព​នេះ ​មានបំណង​បង្កើន​សេវា​ថែទាំសុខភាព​ផ្លូវ​ចិត្ត​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​ស្ថាប័​ន​ដែលគាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា​ចំនួន​ពីរ​ទៀត ​​គឺ​មជ្ឈ​មណ្ឌល​សុខភាពផ្លូវ​ចិត្ត​កុមារ ​និង​យុវវ័យ (Caritas-CCAMH) និង​អង្គការចិត្ត​សង្គម អន្តរវប្បធម៌ (TPO)

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ អ្នក​​​​ស្ម័គ្រ​ចិត្តអន្តរជាតិ​សិង្ហបុរី (SIVs) ដែល​ជា​គ្រូពេទ្យ​អ្នក​ឯកទេស ដែល​រួម​មានក្រុមចម្រុះ​វិស័យនៃ​​អ្នក​អាជីព​ថែទាំសុខភាពផ្លូវ​ចិត្ត ​មក​ពី​វិទ្យាស្ថាន​សុខភាព​ផ្លូវ​ចិត្ត​​សិង្ហបុរី នឹងធ្វើការងារ​ដោយផ្ទាល់​ជាមួយ​គ្រូពេទ្យ​កម្ពុជា​ចំនួន​ ៥០​នាក់ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និង​ការ​អនុវត្ត​ប្រសើរ​បំផុត​ក្នុង​វិស័យ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ចំណោម​​គ្រូពេទ្យ​កម្ពុជាទាំង​នេះ គ្រូ​ពេទ្យ​​១២នាក់​ ​នឹង​ត្រូវបាន​ជ្រើស​រើស​ឱ្យ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត ​ដើម្បី​ទទួលបាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្លាយជា​គ្រូបណ្តុះបណ្តាល Master Trainers។ គ្រូ​ពេទ្យទាំង​នេះ​នឹង​ចូលរួម​ជា​មួយអ្នក​​​​ស្ម័គ្រ​ចិត្តអន្តរជាតិ​សិង្ហបុរី (SIVs) ​ ដើម្បីបង្រៀន​គ្រូពេទ្យ​ផ្សេង​ទៀត។ គំរូបណ្តុះបណ្តាល​គ្រូ​បណ្តុះបណ្តាលនេះ​​ នឹង​ផ្តល់​អំណាច​ដល់​​ប្រជាពលរដ្ឋកម្ពុជា និង​អាច​បង្កើត​ឱ្យ​មាន​ផល​​ប៉ះ​ពាល់​​​រយៈពេលវែង និងប្រកប​ដោយ​និរន្តរភាព​ទៅលើ​សហគមន៍​កាន់តែទូលំទូលាយ។ យ៉ាងហោច​ណាស់មនុស្ស ៣ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​បានអត្ថ​ប្រយោជន៍​ពី​ការ​បញ្ចប់​គម្រោង​នេះ​នៅក្នុង​ឆ្នាំ​ ២០២៤។

សិក្ខាកាម​កម្ពុជា​​​ភាគច្រើន​​​នឹង​ជាគ្រូពេទ្យ​វិកល​វិទ្យា និង​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់ ហើយ​ក៏​មាន​គ្រូពេទ្យ​ចិត្តវិទ្យា គិលានុប្បដ្ឋាក បុគ្គលិក​សង្គម និង​គ្រូពេទ្យ​ទូទៅ​ផងដែរ។ ការ​បណ្តុះ​បណ្តាល​នេះ​នឹង​ផ្តោត​លើ​របៀប​គ្រប់​គ្រង​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​វិកល​វិទ្យា និងព្យាបាល​អ្នកជំងឺ​ដែលមាន​បញ្ហា​ផ្លូវ​អារម្មណ៍ និង​ថប់​អារម្មណ៍។

សិក្ខាកាម​នឹង​ចូល​រួម​ក្នុង​សិក្ខាសាលា​​អនឡាញ​ជា​ច្រើន និង​​ធ្វើ​ដំណើរ​ទស្សនកិច្ចសិក្សា​ទៅកាន់​ប្រទេស​​សិង្ហបុរី នៅ​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​អនុញ្ញត។ ដឹក​​នាំ​ដោយ​ក្រុម​ស្ម័គ្រ​ចិត្ត SIV សិក្ខាកាម​​ក៏​នឹង​រួមគ្នា​បង្កើត​ក្របខ័ណ្ឌ​បណ្តុះ​បណ្តាល​មួយ និង​ពិធី​សារ​គ្រប់គ្រង​ជាតិ​មួយ​សម្រាប់​ការ​​សង្គ្រោះបន្ទាន់​ផ្នែក​វិកល​វិទ្យា។ កិច្ចប្រជុំ​សាធារណៈចំនួន២ ក៏​នឹង​ត្រូវបានរៀបចំ​ធ្វើ​ឡើង​ផងដែរ​ដើម្បី​បង្កើន​ការ​យល់ដឹង និង​ការ​ស្វែង​យល់​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត។ ការណ៍​នេះ​នឹង​ជួយ​កាត់​បន្ថយការ​​មាក់​ងាយ និង​អាច​ឱ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ជំនួយ​នៅពេល​ពួកគេ​ត្រូវការ។

​សិក្ខាសាលា​​អនឡាញ

គម្រោង​ពង្រឹង​សេវា​សុខភាព​ផ្លូវ​ចិត្ត​នេះ ត្រូវបានដាក់ដំណើរការ​ដោយ​ អ្នកនាង Lee Huay Leng ប្រធាន​មូលនិធិ SIF និង​ ឯកឧត្តម​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ អ្នកមុខ​អ្នក​ការ​​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​កម្មវិធីនេះ​ រួមមាន​ លោក Alvin Koh អនុ​ប្រធាន​ផ្នែក​បេសកកម្ម​​នៃ​ស្ថានទូ​ត​​​សាធារណរដ្ឋ​សិង្ហបុរី​ប្រចាំ​នៅកម្ពុជា។

អ្នក​នាង Lee ប្រធាន​មូលនិធិ SIF មាន​ប្រសាសន៍ថា៖

ប្រសាសន៍អ្នក​នាង Lee

អ្នកគ្រូ​សាស្ត្រាចារ្យ ចក ធីតា វេជ្ជបណ្ឌិត​ឯកទេស​វិកលវិទ្យា អនុ​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មាន​ប្រសាសន៍ថា៖

ប្រសាសន៍អ្នកគ្រូ​សាស្ត្រាចារ្យ ចក ធីតា

គម្រោង​ពង្រឹង​សេវា​សុខភាព​ផ្លូវ​ចិត្ត​ គឺជា​គំនិត​ផ្តួចផ្តើមថែទាំ​សុខភាពផ្លូវ​ចិត្តទី៣ ​របស់​មូលនិធិ SIF នៅកម្ពុជា។ គម្រោង​នេះ​កើតមាន​ឡើង​បន្ទាប់​ពី​ទទួលបានជោគជ័យ​ លើ​គម្រោង​កសាងសមត្ថភាព​កន្លងមក​ក្នុង​រាជធានី​ភ្នំពេញ  នៅពេលដែលក្រុម​អ្នក​ស្ម័គ្រចិត្ត​ SIVs ដែលជា​គ្រូពេទ្យ​ឯកទេស បានបណ្តុះ​បណ្តាល​អ្នកអាជីព​ថែទាំ​សុខភាព​កម្ពុជា​ក្នុង​វិស័យ​សុខភាព​ផ្លូវ​ចិត្តកុមារ​ (​ឆ្នាំ២០០២-២០០៤) និង​ការ​ផ្តល់​ប្រឹក្សា​សម្រាប់​កុមារ​ស្ថិតក្នុង​ហានិភ័យ (ឆ្នាំ​២០០៧)។

ការណ៍​នេះ ​បាន​បង្កើត​ឱ្យ​មាន​គ្រូបណ្តុះបណ្តាល Master Trainers កម្ពុជា​ជាង ៥០​នាក់ ដើម្បី​ផ្តល់ការ​ថែទាំ​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​ជួប​បញ្ហា និង​កុមារ​មាន​ជំងឺ​ផ្លូវ​ចិត្ត និងគ្រួសារ​របស់​ពួកគេ។

គម្រោង​ពង្រឹង​សេវា​សុខភាព​ផ្លូវ​ចិត្ត ក្នុង​រាជធានី​ភ្នំពេញ ក៏​ធ្វើឡើងដើម្បីរំឭក​ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ​ផ្សេងទៀតផងដែរ​ ​ពោល​គឺជា​មិត្តភាពរយៈពេល​ ២០​ឆ្នាំ រវាងមូលនិធិ SIF និង​ប្រទេសកម្ពុជាដើម្បីធ្វើ​ឱ្យជីវិត​រស់នៅកាន់តែ​ប្រសើរ និងកសាងមិត្តភាពជា​និរន្តន៍​​រវាង​ប្រជាជន​សិង្ហបុរី និង​ប្រជាជនកម្ពុជា។

នៅកម្រិត​ពិភពលោកវិញ គម្រោងនេះ​ចូលរួមចំណែកដល់​គោលដៅទី៣ (សុខភាពនិង​សុខុមាលភាពល្អ) និងគោលដៅ​ទី ៧ (ភាព​ជាដៃគូ​សកល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព) នៃ​គោលដៅ​​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​​របស់​អង្គការ​សហប្រជាជាតិ៕

អំពី​មូលនិធិ​អន្តរជាតិ​សិង្ហបុរី (SIF)

មូលនិធិ​អន្តរជាតិសិង្ហបុរី (SIF) បង្កើត​មិត្ត​​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ។ យើង​កសាង​មិត្តភាព​ជា​និរន្តរន៍​រវាង​ប្រជាជន​សិង្ហបុរី និង​សហគមន៍​ពិភពលោក​ ហើយ​ប្រើប្រាស់​មិត្តភាពទាំង​នេះ​ដើម្បី​ធ្វើ​ឱ្យជីវិត​កាន់តែ​ប្រសើរ និង​ជួយ​ឱ្យ​មានការ​ផ្លាស់​ប្តូរវិជ្ជមាន។ ការងារ​របស់​យើង​មាន​មូលដ្ឋាន​លើ​ជំនឿ​ដែលថា ទំនាក់ទំនង​អន្តរ​វប្បធម៌​ផ្តល់​ការ​យល់ដឹង​ស៊ី​ជម្រៅ​ដែល​ពង្រឹង​ការ​យល់ដឹង។ ការ​ដោះ​ដូរ​ទាំង​នេះ​ជំរុញ​ឱ្យមានសកម្មភាព និង​ផ្តល់​លទ្ធភាព​ឱ្យមាន​កិច្ចសហ​ប្រតិបត្តិការ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ កម្មវិធីរបស់​យើង​នាំ​យក​មនុស្ស​មក​រួមគ្នា​ដើម្បីចែករំលែក​គំនិត ជំនាញ និង​បទ​ពិសោធ​ក្នុង​វិស័យ​នានា​ដូចជា​ ការថែទាំ​​សុខភាព ការអប់រំ សិល្បៈ និង​វប្បធម៌ ព្រម​ទាំង​ជីវភាព​រស់នៅ និង​អាជីវកម្ម។ យើង​ធ្វើ​កិច្ចការទាំង​នេះ ដោយសារ​យើង​ជឿ​ថា យើ​ង​ទាំង​អស់​គ្នាអាច និង​គួរ​តែ​ធ្វើ​កិច្ចការ​របស់​យើង​ដើម្បី​កសាង​ពិភពលោកមួយ​​ឱ្យ​កាន់តែ​ប្រសើរ ពោលគឺ​ជា​កិច្ចការ​មួយ​ដែល​យើងមើលឃើញ​ថាជាសន្តិភាព បរិយាបន្ន និង​ការផ្តល់​ឱកាស​សម្រាប់ទាំងអស់គ្នា។ ដើម្បីស្វែង​យល់​បន្ថែម សូម​ចូល​ទៅកាន់​គេហទំព័រ៖ www.sif.org.sg

អំពីមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត (KSFH) 

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត (KSFH) គឺ​ជា​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន២៧ ផ្នែក។ មន្ទីរពេទ្យ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ១៩៦០។ គួរកត់​សម្គាល់​ផងដែរ​ថា ផ្នែក​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​បាន​បើក​តាំង​ពី​ឆ្នាំ​១៩៩២ និង​មាន​បណ្តុះ​បណ្តាល​និស្សិត​ឯកទេស​វិកលវិទ្យា​ក្នុង​ឆ្នាំ​១៩៩៤។ មន្ទីរពេទ្យ​នេះ​មាន​ការ​សហការ​ជា​មួយ​ដៃគូ​ក្នុង​ស្រុក និង​អន្តរជាតិ​ទាក់​ទង​នឹង​ការ​អនុវត្ត​មូលដ្ឋាន​គ្លីនិក ការ​បណ្តុះ​បណ្តាល ការ​ស្រាវ​ជ្រាវ​ដោយ​ចែក​រំលែក​នូវ​ចំណេះ​ដឹង   បទពិសោធ និង​ជំនាញសម្រាប់​ពង្រឹង​នូវ​ការ​ថែទាំ និង​ព្យាបាល​សុខភាព។ លើស​ពី​នេះ​ទៅ​ទៀត សាស្រ្តាចារ្យ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​ភាគ​ច្រើន​ជា​សាស្រ្តាចារ្យ​ដែល​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ផ្សេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]