យល់ដឹង៖ បើយោងតាមគេហទំព័រ Time and date បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនានេះ នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺវស្សានៈស៊ុលស្ទិស ដែលមានន័យថាពេលថ្ងៃមានរយៈពេលយូរជាងពេលយប់។ ជាទូទៅនៅក្នុងខែមិថុនា រវាងថ្ងៃទី២០ទៅ២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របទី២៣.៤°ខាងជើងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះ រយៈពេលថ្ងៃវែងជាងពេលរាល់ដង។ 

តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។ ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍វស្សានៈស៊ុលស្ទិសនេះ ហើយថ្ងៃអង្គារ ទី២១ នេះដែរវេលាម៉ោង៤:១៣រសៀល(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងជើងអេក្វាទ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះដែរគឺជាវេលាដែលពេលថ្ងៃមានរយៈពេលយូរបំផុត ប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងថ្ងៃផ្សេងៗទាំងអស់។ ចំពោះប្រទេសស្ថិតនៅអឌ្ឍគោលខាងជើង ផ្នែកខាងលើៗវិញ នឹងទទួលបានពន្លឺពីព្រះអាទិត្យច្រើន និងមិនងាយយប់។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជារបស់យើង នៅថ្ងៃទី២១ ខែមិថុនានេះ ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៥:៣៧ព្រឹក និងលិចទៅវិញនៅម៉ោង៦:២៦ល្ងាច ហើយពេលថ្ងៃមានរយៈពេលរហូតដល់១២ម៉ោង ៤៨នាទី និង១៣វិនាទី។ នៅថ្ងៃនេះដែរ ព្រះអាទិត្យមានចម្ងាយពីផែនដី ប្រហែល១៥២លានគីឡូម៉ែត្រ៕

កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របខាងជើងអេក្វាទ័រ (រូបភាពពី Time and Date)

ប្រភព: Time and date

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]