អ៊ីរ៉ាក់៖ ទីក្រុងដែលមានអាយុកាល៣,៤០០ឆ្នាំ បានផុសឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីកម្រិតទឹកនៃជលដ្ឋាន បានស្រកចុះយ៉ាងឆាប់រហ័សដោយសារតែគ្រោះរាំងស្ងួតខ្លាំង។ បុរាណវិទូជនជាតិឃឺដនិងអាល្លឺម៉ង់បានជីកកកាយទីតាំងលំនៅដ្ឋាន ក្នុងជលដ្ឋាន Mosul តាមដងទន្លេ Tigris ក្នុងតំបន់ Kurdistan ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងខែមករា និងកុម្ភៈ។ ទីតាំងបុរាណវត្ថុ Kemune ត្រូវបានគេជឿថាជាទីក្រុងយុគសំរិទ្ធ Zakhiku ដែលជាមជ្ឈមណ្ឌលដ៏សំខាន់នៃចក្រភព Mittani ដែលបានសោយរាជ្យពីឆ្នាំ១៥៥០ ដល់ឆ្នាំ១៣៥០ មុនគ.ស.។

ទឹកដីរបស់ព្រះរាជាណាចក្រនេះលាតសន្ធឹងពីសមុទ្រមេឌីទែរ៉ាណេ ទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមអ្នកស្រី Ivana Puljiz សាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងជានាយកម្នាក់នៃគម្រោងនេះ។ ទីក្រុង Zakhiku បានលិចនៅក្រោមទឹក បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់បានសាងសង់ទំនប់ Mosul ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយកម្របានឃើញពន្លឺថ្ងៃ ចាប់តាំងពីពេលនោះមក។ បន្ទាប់ពីអ្នកស្រី Puljiz បានឮថា ទីក្រុងនេះបានផុសចេញមកវិញ ក្រុមការងាររបស់អ្នកស្រីបានប្រញាប់ប្រញាល់ ជីកកកាយទីតាំងនេះ ព្រោះគេមិនដឹងថា ពេលណាកម្រិតទឹកនឹងកើនឡើងម្ដងទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងនេះឥឡូវបានផុសឡើងម្ដងទៀត ប៉ុន្តែអ្នកស្រាវជ្រាវអាចធ្វើកាតាឡុកតំបន់នេះបានភាគច្រើន។ ព្រះរាជវាំងមួយត្រូវបានចងក្រងជាឯកសារ នៅពេលដែលទីក្រុងនេះបានផុសចេញជារូបរាងរយៈពេលខ្លី ក្នុងឆ្នាំ២០១៨ ប៉ុន្តែរចនាសម្ព័ន្ធបន្ថែមជាច្រើនត្រូវបានចងក្រងជាឯកសារ កំឡុងពេលកំណាយចុងក្រោយបង្អស់។ របកគំហើញមួយចំនួនរួមមាន សំណង់ការពារសឹកសត្រូវដែលពោរពេញដោយប៉មនិងជញ្ជាំង និងសំណង់ស្ដុករបស់របរជាច្រើនជាន់។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សំណង់ភាគច្រើនត្រូវបានធ្វើពីឥដ្ឋភក់ហាលថ្ងៃ ដែលជាធម្មតាមិនអាចរក្សាបានល្អ នៅក្រោមទឹកនោះទេ។

យ៉ាងណាមិញ ទីក្រុង Zakhiku បានទទួលរងពីការរញ្ជួយដីមួយនៅប្រហែលឆ្នាំ១៣៥០ មុនគ្រឹស្តសករាជ ហើយផ្នែកខ្លះនៃជញ្ជាំងខាងលើបានដួលរលំ និងគ្របដណ្ដប់លើអាគារ។ អ្នកស្រី Puljiz បាននិយាយថា មិនសូវមានគេដឹងអំពីប្រជាជន Mittani បុរាណដែលបានសាងសង់ទីក្រុងនេះទេ ភាគច្រើនដោយសារតែអ្នកស្រាវជ្រាវមិនបានកំណត់អត្តសញ្ញាណរាជធានីរបស់ចក្រភព។

ទោះជាយ៉ាងណាក៏ដោយ វត្ថុបុរាណមួយចំនួនដែលបានរកឃើញក្នុងអំឡុងពេលជីកកកាយចុងក្រោយបង្អស់ អាចផ្ដល់នូវការយល់ដឹងបន្ថែម។ មុនពេលទីក្រុងនេះបាត់ខ្លួនម្ដងទៀត​ នៅក្រោមទឹក អ្នកស្រាវជ្រាវគ្របប្រាសាទដោយបន្ទះតង់ដ៏តឹង ដែលសង្កត់ដោយថ្មនិងក្រួស។ អ្នកស្រី Puljiz សង្ឃឹមថាវិធានការទាំងនេះនឹងការពារទីតាំងបុរាណពីការហូរទឹក និងការពារវាពីបាត់ផ្នែកទាំងអស់គ្នា៕

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]