បរទេស៖ ការរញ្ជួយផ្កាយដូចរលកស៊ូណាមិដ៏ចម្លែក និងមិននឹកស្មានដល់ បានធ្វើចលនានៅលើសម្បករបស់ផ្កាយ ស្រដៀងទៅការរញ្ជួយដីនៅលើផែនដី ដែលយើងជួបប្រទះនៅលើភពរបស់យើង ហើយវាត្រូវបានបង្ហាញដោយយានអវកាស Gaia របស់ទីភ្នាក់ងារអកាសអឺរ៉ុប។ ការរញ្ជួយផ្កាយដ៏មិនធម្មតាគឺស្ថិតនៅក្នុងចំណោមរបកគំហើញជាច្រើន ដែលធ្វើឡើងដោយយានអវកាស Gaia ដែលជាបេសកកម្មដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៣ ដើម្បីបង្កើតផែនទីពហុវិមាត្រត្រឹមត្រូវបំផុត នៃកាឡាក់ស៊ីមីលគីវ៉េ។

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានចេញផ្សាយ បណ្ដុំទិន្នន័យទីបីរបស់ខ្លួនពីយានអវកាស ដោយបង្ហាញព័ត៌មានលម្អិតថ្មីៗអំពីផ្កាយជិត២ពាន់លាន នៅក្នុងកាឡាកស់ស៊ីរបស់យើង។ ទីភ្នាក់ងារនេះបានរៀបរាប់អំពីរំញ័រផ្កាយ ដែលប្រទះឃើញដោយយានអវកាស Gaia ថាជាស៊ូណាមិទំហំធំ ដែលបានផ្លាស់ប្ដូររូបរាងនៃផ្កាយ។ ដើមឡើយ យាន Gaia មិនត្រូវបានរចនាឡើង ដើម្បីចាប់យកបាតុភូតនេះទេ ប៉ុន្តែវាអាចដឹងពីចលនាខ្លាំងនៅលើផ្ទៃនៃផ្កាយរាប់ពាន់ រួមទាំងការរញ្ជួយផ្កាយដែលកម្រត្រូវបានគេឃើញពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យានអវកាស Gaia មានទីតាំងប្រហែល១.៤លានគីឡូម៉ែត្រពីផែនដី ក្នុងទិសដៅពីផ្ទុយពីព្រះអាទិត្យ។ យានអវកាសនេះផ្ទុកនូវតេឡេទស្សន៍ចំនួនពីរ ដែលអាចស្កេនកាឡាក់ស៊ីរបស់យើង ពីទីតាំងមួយហៅថា ចំណុច Lagrange 2 ឬ L2។ ត្រង់ចំណុចនេះ យានអវកាសអាចស្ថិតនៅក្នុងទីតាំងថេរមួយ ដោយសារតែតុល្យភាពនៃកម្លាំងទំនាញរវាងផែនដីនិងព្រះអាទិត្យ។ នេះក៏មានន័យផងដែរថា យានអវកាសមិនត្រូវបានរំខានពីពន្លឺរបស់ផែនដីទេ ហើយវាអាចប្រើបរិមាណឥន្ធនៈអប្បរមា ដើម្បីរក្សាទីតាំងថេរ។

ទិន្នន័យដែលប្រមូលបានដោយ Gaia រួមមានព័ត៌មានថ្មីអំពីសមាសធាតុគីមី សីតុណ្ហភាព ម៉ាស់ និងអាយុនៃផ្កាយ ព្រមទាំងល្បឿនដែលពួកវាផ្លាស់ទីឆ្ពោះទៅ ឬឆ្ងាយពីផែនដី។ ព័ត៌មានលម្អិតអំពីអាចម៍ផ្កាយជាង១៥០,០០០ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង និងធូលីអវកាសដែលស្ថិតនៅចន្លោះផ្កាយ ក៏ត្រូវបានចេញផ្សាយផងដែរ៕

គំនូរបង្ហាញពី Gaia កំពុងសង្កេតមើលកាឡាក់ស៊ីមីលគីវ៉េ

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]