អាមេរិក៖ យានអវកាសដំបូងបង្អស់របស់ណាសា ដែលត្រូវរចនាឡើងដើម្បីសិក្សាអាចម៍ផ្កាយលោហធាតុ នឹងមិនត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំនេះ ដូចដែលបានគ្រោងទុកនោះទេ នេះបើយោងតាមការប្រកាសដែលធ្វើឡើងដោយទីភ្នាក់ងារអវកាសនេះ កាលពីថ្ងៃសុក្រ។ ឱកាសបាញ់បង្ហោះឆ្នាំ២០២២របស់បេសកកម្ម Psyche ដែលដើមឡើយគ្រោងនឹងបើកនៅថ្ងៃទី១ ខែសីហា និងបិទនៅថ្ងៃទី១១ ខែតុលា នឹងត្រូវបញ្ចប់ មុនពេលសូហ្វ៊ែរហោះហើររបស់យានអវកាសរួចរាល់។

ការពន្យាពេលក្នុងការរង់ចាំផ្នែកសូហ៊្វែរនិងឧបករណ៍ធ្វើតេស្ដរបស់វា បានររារាំងក្រុមការងារ Psyche មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើតេស្ដ មុនពេលបាញ់បង្ហោះ។ វិស្វករចង់ឲ្យប្រាកដថា សូហ្វ៊ែរនឹងដំណើរការដូចការរំពឹងទុក នៅពេលដែលយានអវកាសកំពុងហោះហើរ។ ដោយត្រូវប្រើដើម្បីគ្រប់គ្រងទិសដៅរបស់យានអវកាស នៅពេលដែលវាឆ្លងកាត់ទីអវកាស សូហ្វ៊ែរនាំផ្លូវនិងការណែនាំនឹងជួយចង្អុលអង់តែនរបស់យាន បែរមករកផែនដីសម្រាប់ការទំនាក់ទំនងនិងបញ្ជូនទិន្នន័យ។ សូហ្វ៊ែរនេះក៏ផ្ដល់នូវប្រព័ន្ធជំរុញរបស់យានអវកាស ជាមួយនឹងព័ត៌មានគន្លងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអវកាសណាសានឹងបង្កើតក្រុមវាយតម្លៃឯករាជ ដើម្បីពិនិត្យមើលបេសកកម្ម និងកំណត់ផ្លូវឆ្ពោះទៅមុខ រួមទាំងការចំណាយប៉ាន់ស្មាន និងឱកាសនៃការបាញ់បង្ហោះដ៏មានសក្ដានុពលក្នុងឆ្នាំ២០២៣ និង២០២៤។ យានអវកាស Psyche បច្ចុប្បន្នត្រូវបានដាក់នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida។ ការបាញ់បង្ហោះឆ្នាំ២០២២ អាចនឹងបញ្ជូនយានអវកាសទៅកាន់អាចម៍ផ្កាយមួយ ដែលត្រូវបានគេហៅថា Psyche ដែលនឹងធ្វើដំណើរទៅដល់នៅឆ្នាំ២០២៦។ ប៉ុន្តែរយៈពេលបាញ់បង្ហោះផ្សេងៗគ្នានាពេលខាងមុខ នឹងទៅដល់នៅពេលក្រោយ ដោយសារទីតាំងគន្លងខុសៗគ្នា ដូចជាឆ្នាំ២០២៩ ឬ២០៣០។ ប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីបាញ់បង្ហោះបេសកកម្ម Psyche ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យានអវកាសនេះនឹងចាប់ផ្ដើមធ្វើដំណើរក្នុងចម្ងាយ៤៥០លានគីឡូម៉ែត្រ។

អាចម៍ផ្កាយ Psyche សម្បូរទៅដោយលោហធាតុ ដែលអ្នកវិទ្យាសាស្ត្រខ្លះជឿថា វាជាស្នូលរបស់ភពមួយ ឬជាភពដែលបំបែកជាស្រទាប់ៗ។ ការប៉ះទង្គិចគ្នាជាមួយអង្គអវកាសផ្សេងទៀត ប្រហែលជាបានធ្វើឲ្យសម្បកខាងក្រៅខ្ទាតចេញ ដោយនៅសល់តែស្នូលរបស់វា។ ប្រសិនបើ Psyche ពិតជាស្នូលមែន ការសិក្សាវាប្រៀបដូចជាការសម្លឹងមើលទៅក្នុងបេះដូងនៃភពមួយ ដូចជាផែនដីអ៊ីចឹងដែរ។ លទ្ធផលពីក្រុមវាយតម្លៃនឹងកំណត់ថា តើបេសកកម្មនេះចាប់ផ្ដើមនៅប៉ុន្មានឆ្នាំខាងមុខនេះ ឬក៏មិនអាចហោះហើរបាន៕

រូបតំណាងបង្ហាញពីយានអវកាសហោះទៅជិតអាចម៍ផ្កាយ Psyche
រូបភាព render ដែលគេគិតថា វាជារូបរាងរបស់អាចម៍ផ្កាយមួយនេះ ពេលហោះទៅជិត
យានអវកាសស្ថិតនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសា

ប្រភព: CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]