កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តធ្លាប់ជ្រាបហើយថា ក្រុមចម្រៀងកូរ៉េស្រីៗទាំងប៉ុន្មានក្រុមខាងក្រោមនេះ ពួក​គេ​សុទ្ធតែធ្លាប់​មាន​ឈ្មោះ​ល្បីល្បាញ និង​មាន​សក្ដានុពលបំផុតក្នុងវិស័យ Kpop។

ប៉ុន្តែយ៉ាងណាមិញ ក្រោយពីនោះមក ក្រុម​ចម្រៀង​ស្រី​ទាំង ៥ នេះ ​នៅ​តែ​ត្រូវ​បាន​ក្រុម​ហ៊ុន​ផ្ទាល់​ ចាត់ទុកពួកគេគ្មានតម្លៃ លែងអើពើផលិតស្នាដៃថ្មីៗឲ្យពួកគេទៀត ព្រោះសមាជិកខ្លះបានសាងរឿងអាស្រូវ។ ហើយដោយសារតែភាពព្រងើយកន្តើយនោះហើយ ទើបធ្វើឲ្យក្រុមទាំងនេះ រំសាយ ឬដើរចេញពីផលិតកម្មរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបថា មានក្រុមណាខ្លះ? ទៅតាមដានដូចខាងក្រោម៖

១.ក្រុម PRISTIN

បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៧ ក្រុម PRISTIN គឺជាក្រុមថ្មីមួយ ដែលទទួលបានជោគជ័យបំផុត ហើយត្រូវបានគេចាត់ទុកថាជាឈ្មោះដ៏មានសក្តានុពលរបស់ Kpop។ នៅពេលដែល សមាជិក Kyla បានចាកចេញពីក្រុមមុនគេ ដោយសារតែហេតុផលសុខភាព សមាជិក ៥ នាក់ទៀត បានបង្កើតក្រុមរងមួយ ដែលមានឈ្មោះថា PRISTIN V។ ហើយដោយសារ Pledis Entertainment មិន​បានជ្រោមជ្រែងខ្លាំង PRISTIN V មិន​បាន​ទទួល​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ បន្ទាប់មកក្រុមហ៊ុនបានប្រកាសថា PRISTIN នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ វាហាក់ដូចជាក្រុមនេះ នឹងត្រូវបន្ថែមសមាជិកបន្ថែមទៀតដើម្បីត្រលប់មកវិញ ប៉ុន្តែ Pledis Entertainment ស្ងាត់ស្ងៀមទុកឲ្យអ្នកគាំទ្ររង់ចាំរយៈពេលយ៉ាងយូរ រួចពីនោះទើបបានប្រកាសថា PRISTIN នឹងរំសាយនៅខែឧសភា ឆ្នាំ ២០១៩ ក្រោយបង្ហាញខ្លួនបាន ២ឆ្នាំប៉ុណ្ណោះ ។

PRISTIN

២.ក្រុម CLC

គឺជាក្រុមដែលមានបទចម្រៀងជាច្រើនដែលអ្នកគាំទ្រអន្តរជាតិស្គាល់ ប៉ុន្តែនៅក្នុងទីផ្សារកូរ៉េ ក្រុមនេះមិនសូវល្បីទេ។ មូលហេតុចម្បងត្រូវបានគេនិយាយថា មកពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនគ្រប់គ្រង CUBE Entertainment។ ចំណាយរយៈពេល ៤ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួន ក្រុមនេះអាចមានឪកាសទទួលបានពានរង្វាន់នៅលើកម្មវិធីតន្ត្រីតែមួយប៉ុណ្ណោះ។ ថ្វីត្បិតតែទទួលបានជ័យជំនះលើកដំបូងក្នុងអាជីពរបស់ខ្លួនក៏ដោយ ក៏ CLC នៅតែមិនអាចឡើងកូដបាន ព្រោះក្រុមហ៊ុនមិនបានវិនិយោគលើការផ្សព្វផ្សាយរបស់ពួកគេ។ នៅចុងខែធ្នូ ឆ្នាំ ២០២០ សមាជិក Elkie បានដាក់ពាក្យប្តឹង CUBE ដោយសុំឲ្យបញ្ចប់កិច្ចសន្យា ដោយសារតែក្រុមហ៊ុនទុកពួកគេចោលមិនអើពើ ហើយទីបំផុត CUBE Entertainment បានបញ្ឈប់អាជីពរបស់ CLC ក្នុងពេលនោះ។ 

ក្រុម CLC

៣.ក្រុម gugudan

គឺជាក្រុមចម្រៀងនារីដំបូងគេរបស់ Jellyfish Entertainment ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៦។ ដំបូងក្រុមនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែវត្តមានរបស់សមាជិក IOI ២ នាក់គឺ Sejeong និង Mina។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក gugudan បានអស់ថាមពលបន្តិចម្តងៗនៅក្នុងសង្វៀន Kpop ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនកាន់តែតោះតើយក្នុងការផ្សព្វផ្សាយក្រុម។ នៅខែធ្នូឆ្នាំ ២០២០ Jellyfish Entertainment បានប្រកាសថា gugudan ត្រូវបានរំសាយជាផ្លូវការបន្ទាប់ពីប្រតិបត្តិការរយៈពេល ៤ ឆ្នាំ។

ក្រុម gugudan

៤.ក្រុម 2NE1

ទោះបីជាក្រុម 2NE1 ធ្លាប់ជាក្រុមចម្រៀងស្រីដែលរកលុយបានច្រើនសម្រាប់ផលិតកម្ម YG និងជាក្រុមចម្រៀងនារីដ៏ពេញនិយមរបស់ Kpop ក៏ដោយ ក៏ក្រុមនេះនៅតែត្រូវបានក្រុមហ៊ុនខ្លួនឯងសងគុណយ៉ាងអាក្រក់មកវិញផងដែរ។ ផលិតកម្ម YG Entertainment ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខក​ចិត្ត​ ​ដែលធ្វើទង្វើនេះដាក់ 2NE1។ ក្នុងរយៈពេល ៧ ឆ្នាំនៃការបង្ហាញខ្លួន ក្រុមនេះបានចេញអាល់ប៊ុមពេញចំនួនតែ ២ ប៉ុណ្ណោះ។ នៅពេលនោះ ជាធម្មតា YG បានប្រកាសថា 2NE1 នឹងបន្តធ្វើការជាមួយសមាជិក ៣នាក់ បន្ទាប់ពី Minzy បានចាកចេញពីក្រុម ប៉ុន្តែភ្លាមៗនោះស្រាប់តែប្រកាសថាក្រុមនឹងរំសាយ។ 2NE1 មិន​ត្រូវ​បាន​ YG ជូន​ដំណឹង​ជាមុន​ទេ រហូត​ដល់​សារព័ត៌មាន​រាយការណ៍​ ថា​សមាជិក​បាន​ដឹង​ថា​ក្រុមរបស់ខ្លួន​ត្រូវ​បាន​គេ​បញ្ឈប់។ រហូតមកដល់ពេលនេះ មនុស្សជាច្រើននៅតែគិតថា មូលហេតុដែល YG បោះបង់ក្រុម 2NE1 ចោល គឺដោយសារតែក្រុមហ៊ុនកំពុងមមាញឹកផ្តោតលើសកម្មភាពរបស់ជង្រុកស្រូវថ្មីគឺក្រុម BLACKPINK។ 

ក្រុម 2NE1

៥.ក្រុម T-ara

ធ្លាប់ជាក្រុមចម្រៀងស្រីកំពូលមួយក្នុង Kpop ជាមួយនឹងបទចម្រៀងល្បីៗជាច្រើនដែលអ្នកគាំទ្រទាំងអស់ស្គាល់ដោយបេះដូង។ ប៉ុន្តែនៅកម្រិតកំពូលនៃអាជីពរបស់ពួកគេ ក្រុមនេះបានចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែការគ្រប់គ្រងគ្មានវិជ្ជាជីវៈ និងអយុត្តិធម៌របស់ MBK Entertainment បន្ទាប់ពីរឿងអាស្រូវនៃការគំរាមកំហែងអតីតសមាជិក Hwayoung។ វាគឺដោយសារតែរឿងអាស្រូវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដែល T-ara ត្រូវបានធ្វើពហិការដោយសហគមន៍អ្នកគាំទ្រ Kpop។ នៅឆ្នាំ ២០១៨ ក្រុមនេះបានសម្រេចចិត្តចាកចេញពី MBK Entertainment ដោយសារតែក្រុមហ៊ុនមិនក្រោកឈរឡើងដើម្បីការពារផលប្រយោជន៍របស់សមាជិកនៅពេលប្រឈមមុខនឹងព្យុះភ្លៀងនៃមតិសាធារណៈដែលមានរយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានសម្រេចចិត្តមិនអនុញ្ញាតឲ្យសមាជិកប្រើប្រាស់ឈ្មោះក្រុមនោះទេ បន្ទាប់ពីបានដាក់ពាក្យសុំរក្សាសិទ្ធិម្តងហើយម្តងទៀតសម្រាប់ឈ្មោះ T-ara។ ប្រសិនបើជោគជ័យ ក្រុមនេះនឹងមិនអនុញ្ញាតឲ្យផ្សព្វផ្សាយជា T-ara យ៉ាងហោចណាស់ ១០ឆ្នាំទេ ហើយប្រសិនបើពួកគេចង់សម្តែងបទចម្រៀងចាស់ៗ ពួកគេនឹងត្រូវបង់ថ្លៃដល់ក្រុមហ៊ុន។ ជាសំណាងល្អ កម្មវិធីរក្សាសិទ្ធិរបស់ MBK ត្រូវបានបដិសេធដោយការិយាល័យកម្មសិទ្ធិបញ្ញារបស់ប្រទេសកូរ៉េ ហើយសមាជិក ៤នាក់គឺ Hyomin, Eunjung, Qri និង Jiyeon ទោះជាសល់សមាជិកតែ ៤នាក់ក្នុងក្រុមក៏ដោយ ក៏ពួកគេបានបន្តធ្វើការក្រោមឈ្មោះ T-ara រហូតមកដល់បច្ចុប្បន្ន។

ក្រុម T-ara

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]