កម្សាន្ត៖ តារា K-Pop ត្រូវបានគេយល់ឃើញថា កំពុងឈានមុខគេទាំង ការរស់នៅដ៏ស្រស់ស្អាត និងប្រណីត ដោយសារភាពល្បីល្បាញរបស់ពួកគេ។

ប៉ុន្តែក្នុងនោះក៏មានតារាមួយចំនួន ដែលកើតមកក្នុងគ្រួសារអ្នកមានទ្រព្យធន ហើយរស់នៅដូចអ្នកស្នងមរតក chaebol ស្រដៀងនឹងតួ K-Drama រួចទៅហើយ បើទោះបីជាពួកគេមិនធ្វើជាតារា ក៏តារាទាំងនេះអាចរស់នៅបានដោយសុខស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ពាក្យ Chaebol គឺជាពាក្យសម្រាប់ក្រុមហ៊ុនឧស្សាហកម្មដ៏ធំមួយ របស់កូរ៉េខាងត្បូងដែលដំណើរការ និងគ្រប់គ្រងដោយបុគ្គល ឬក្រុមគ្រួសារ ហើយខាងក្រោមនេះគឺជាតារា K-Pop ប៉ុន្មានដួង ដែលកើតក្នុងគ្រួសារមានជីវភាពធូរធារ និងរស់នៅយ៉ាងប្រណីត ទោះជាមុនពេលល្បីល្បាញ។

ខាងក្រោម ជាតារាកូរ៉េ ដែលកើតមកទាំងស្អាត និងកូនអ្នកមាន៖

១. Jennie សមាជិកក្រុម BLACKPINK

ម្តាយរបស់ Jennie ត្រូវបានគេរាយការណ៍ថា ជាម្ចាស់ភាគហ៊ុន និងជាភាគីពាក់ព័ន្ធដ៏សំខាន់នៅក្នុង CJ E&M ដែលជាក្រុមហ៊ុនមាតិកាកម្សាន្ត ដ៏លេចធ្លោបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង និងជាក្រុមហ៊ុនមេរបស់ MNet និង TVN នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំណែកឪពុករបស់នាង ត្រូវបានគេរាយការណ៍ថា ជាម្ចាស់មន្ទីរពេទ្យមួយនៅក្នុងសង្កាត់ Gangnam ក្នុងទីក្រុងសេអ៊ូល។

 Jennie

២. Jay សមាជិកក្រុម ENHYPEN

Jay កើតនៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ហើយរស់នៅទីនោះរហូតដល់អាយុដប់ឆ្នាំ។ ឪពុករបស់ Jay គឺជាសហកម្មសិទ្ធិករ ហើយត្រូវបានគេរាយការណ៍ថា ជាប្រធានក្រុមហ៊ុន Sinar Tours ដែលទីភ្នាក់ងារទេសចរណ៍ បានចាប់ផ្តើមជើងហោះហើរ chartering ពីកូរ៉េខាងត្បូងទៅប្រ៊ុយណេ។ មិនតែប៉ុណ្ណោះ ភ្នាក់ងារនេះក៏បានវិនិយោគនៅក្នុងទីភ្នាក់ងារទេសចរណ៍ នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។ ជាពិសេសគឺ Jay ធ្លាប់បានរ៉ាប់រងការចំណាយទាំងអស់ រួមទាំងការស្នាក់នៅរបស់ពួកគេ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៧ទៀតផង។

Jay

៣. Tzuyu សមាជិកក្រុម TWICE

ឪពុកម្តាយរបស់ Tzuyu គឺជាសហគ្រិន ដែលបង្កើតដោយខ្លួនឯងនៅតៃវ៉ាន់ ពួកគេបានគ្រប់គ្រងអាជីវកម្មទីផ្សារពេលយប់ នៅក្នុងទីក្រុង Tainan និងបានវិនិយោគនៅក្នុងមន្ទីរពេទ្យចំនួនបី ម្តាយរបស់ Tzuyu ក៏គ្រប់គ្រងគ្លីនិកកែសម្ផស្ស និងហាងកាហ្វេផងដែរ។

 Tzuyu

៤. Nickhun សមាជិកក្រុម 2PM

Nickhun កើតនៅសហរដ្ឋអាមេរិក និងធំធាត់នៅប្រទេសថៃ លោកបានចូលរៀននៅសាលា Waganui Collegiate School ដែលជាសាលាដ៏មានកិត្យានុភាពបំផុតមួយ ក្នុងប្រទេសនូវែលសេឡង់ ដែលព្រះអង្គម្ចាស់ Edward នៃប្រទេសអង់គ្លេស បានចូលរៀន ហើយម្តាយរបស់លោក គឺជានាយកប្រតិបត្តិនៃ Union Medical នៅប្រទេសថៃ ដែលជាអ្នកចែកចាយឱសថឈានមុខគេ។

Nickhun

៥. Umji សមាជិកក្រុម VIVIZ

ឪពុករបស់ Umji គឺជាគ្រូពេទ្យវះកាត់ធ្មេញ ដែលល្បីបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកកាន់តំណែងខ្ពស់ នៅក្នុងក្រុម Moa Dental ដែលមានគ្លីនិកវេជ្ជសាស្រ្តជាង ៤៥ នៅក្នុងប្រទេសកូរ៉េ។ គួររំលឹកផងដែរថា នៅពេលដែលនាងនៅជាមួយក្រុមចម្រៀងស្រី GFRIEND ដែលត្រូវបានរំសាយនៅពេលនេះ Umji បានប្រើកាតឥណទានរបស់ឪពុកម្តាយនាង ដោយមានការអនុញ្ញាតពីឪពុកម្តាយរបស់នាង ដើម្បីចំណាយលើអាហារសម្រាប់ខ្លួននាង និងសមាជិកក្រុមផ្សេងទៀត។

Umji 

៦. Yook Sung Jae សមាជិកក្រុម BtoB

ឪពុករបស់ Yook Sung Jae គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន IT ដែលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក ដោយក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថា រកបានប្រហែល ៧.១៩ លានដុល្លារ ក្នុងឆ្នាំ ២០១៩។ ហើយជីតារបស់លោក គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការនាំចូលត្រីគល់រាំងសូត្រ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចំណែកជីដូនបើកកសិដ្ឋាននេសាទនៅ Paju

Yook Sung Jae 

៧. Mark សមាជិកក្រុម GOT7

ឪពុករបស់ Mark គឺជាអ្នកជំនួញចូលនិវត្តន៍ គ្រួសាររបស់ Mark មានទ្រព្យសម្បត្តិជាច្រើន នៅ Beverly Hills រដ្ឋ Los Angeles។ ក៏មានគេរាយការណ៍ថា Mark ធ្លាប់ជិះយន្តហោះទៅប្រទេសស្វីស ពីប្រទេសថៃដោយគ្រាន់តែចង់ជិះស្គី ហើយពេលធ្វើដំណើរតែម្នាក់ឯង លោកត្រូវគេប្រាប់ថា បានកក់កាប៊ីនថ្នាក់ទី ១ ទាំងមូលសម្រាប់ខ្លួនឯងថែមទៀត៕

Mark 

ប្រភព : Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]