យល់ដឹង៖ មិនមែនមនុស្សគ្រប់គ្នា ស័ក្កសមនឹងឱ្យអ្នកយកមកធ្វើជាមិត្តនោះទេ ព្រោះថាមនុស្សខ្លះចូលមកក្នុងជីវិតអ្នក មិនបានធ្វើឱ្យជីវិតអ្នកល្អប្រសើរឡើយ តែបែរជាធ្វើឱ្យជីវិតអ្នកកាន់តែស្មុគស្មាញទៅវិញ បែបនេះហើយ ទើបបានជាអ្នករាល់គ្នា កុំចេះតែយកអ្នកណាផ្តេសផ្តាសមកធ្វើជាមិត្ត។

ជាងនេះទៅទៀត ប្រភេទមនុស្សមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ជាមនុស្សដែលអ្នកមិនគួរយកមកធ្វើជាមិត្តនោះទេ ព្រោះថាមនុស្សទាំងនេះ ចូលក្នុងជីវិតអ្នកដើម្បីតែផលប្រយោជន៍អ្វីមួយប៉ុណ្ណោះ មិនបានស្រលាញ់រាប់អានអ្នកចេញពីចិត្ត ដូចការគិតរបស់អ្នកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្ស៤ប្រភេទ ដែលអ្នកមិនគួរចាត់ទុកជាមិត្ត៖

១. មនុស្សដែលនិយាយរកអ្នក តែពេលគេត្រូវការ

រូបតំណាង

ប្រភេទមនុស្សដែលអ្នកមិនគួរចាត់ទុកជាមិត្ត ជាមនុស្សដែលនិយាយរកអ្នក តែពេលដែលគេត្រូវការអ្វីមួយពីអ្នក ព្រោះមនុស្សបែបនេះ មិនបានរាប់អានអ្នកចេញពីចិត្តពិតប្រាកដឡើយ រាប់អានអ្នកដើម្បីតែតម្រូវការរបស់គេតែប៉ុណ្ណោះ នៅពេលដែលគេអស់តម្រូវការពីអ្នក អ្នកនឹងត្រូវគេទាត់ចោល លើសពីនេះ អ្នកក៏នឹងត្រូវខកចិត្តជាខ្លាំងផងដែរ។

២​​. មនុស្សដែលរត់ចោលអ្នកពេលមានបញ្ហា

រូបតំណាង

មិនមែនមនុស្សដែលនៅជុំវិញខ្លួនអ្នក សុទ្ធតែអាចធ្វើជាមិត្តភក្តិរបស់អ្នកបាននោះទេ ព្រោះពាក្យថាមិត្ត ជាមនុស្សដែលតែងតែនៅក្បែរអ្នក ទាំងពេលសប្បាយនិងពេលកើតទុក្ខ​ តែបើមនុស្សម្នាក់នោះ តែងតែរត់ចោលអ្នកគ្រប់ពេលដែលអ្នកមានបញ្ហា អ្នកមិនគួរបន្តរាប់អានគេជាមិត្តទៀតឡើយ ប្រសិនបើមិនចង់ឱ្យខ្លួនឯងឈឺចាប់ជាងនេះ។

៣. មនុស្សដែលល្អតែពីមុខអ្នក

រូបតំណាង

ដាច់ខាតកុំរាប់អាន និងយកមនុស្សដែលល្អតែពីមុខអ្នក យកមកធ្វើជាមិត្តឱ្យសោះ ព្រោះថាមនុស្សបែបនេះ គឺអាត្មានិយមខ្លាំងណាស់ មិនដែលមើលឃើញអំពើល្អ និងទឹកចិត្តរាប់អានរបស់អ្នកឡើយ ហើយគេក៏មិនចង់ឃើញអ្នកល្អជាងខ្លួនគេដែរ អញ្ចឹងហើយ បើមិនចង់ឱ្យខ្លួនឯងជួបរឿងមិនល្អទៅថ្ងៃក្រោយ កុំយកមនុស្សបែបនេះមកធ្វើជាមិត្ត។

៤. មនុស្សដែលយកអ្នកធ្វើជាតួកំប្លែង

រូបតំណាង

ពាក្យថាមិត្ត អាចលេងសើចនឹងគ្នាបាន តែក៏គួរតែមានព្រំដែន និងចេះឱ្យតម្លៃគ្នាទៅវិញទៅមក តែប្រសិនបើមនុស្សម្នាក់នោះ គេតែងតែយកអ្នកមកធ្វើជាតួកំប្លែង ដោយមិនគិតពីអារម្មណ៍របស់អ្នក អ្នកមិនគួរបន្តចាត់ទុកគេជាមិត្តទៀតឡើយ ព្រោះមនុស្សបែបនេះ មិនដែលយល់ពីអារម្មណ៍របស់អ្នកណា ក្រៅពីអារម្មណ៍របស់ខ្លួនគេឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]