យល់ដឹង៖ ការទទួលទានដំណេក គឺជាសកម្មភាពមួយដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលគ្រប់គ្នា ព្រោះក្រៅពីការគេងអាចកាត់បន្ថយភាពតប់ប្រមល់ហើយ វាក៏ជួយដល់សុខភាពផ្នែករាងកាយនិងផ្លូវចិត្តផងដែរ។
យ៉ាងណាមិញ បុគ្គលម្នាក់ៗតែងតែប្រឈមនឹងអាការៈគេងមិនលក់ម្ដងម្កាល ឬពេលខ្លះគេងមិនលក់ញឹកញាប់។ ក្នុងមួយយប់ៗ ពួកគេប្រែខ្លួនចុះឡើងជាច្រើនដង បង្ខំចិត្តធ្មេចភ្នែកតែកម្រគេងលក់ ឬពេលខ្លះមួយយប់ទល់ភ្លឺហើយក៏គេងមិនលក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗទាំង៦យ៉ាងជួយឲ្យអ្នកគេងលក់ស្រួល៖
១. ត្រូវអនុវត្តខ្ជាប់ខ្ជួននូវកាលវិភាគនៃការគេងរបស់អ្នក
ដើម្បីឆាប់គេងលក់ និងគេងលក់ស្រួល អ្នកត្រូវតែមានកាលវិភាគគេងត្រឹមត្រូវមួយ។ អ្នកត្រូវទម្លាប់ចូលគេងនៅម៉ោងដដែលៗ ហើយក្រោកឡើងនៅម៉ោងដដែលៗដូច្នេះវានឹងជួយឲ្យរាងកាយអ្នកកំណត់ចំណាំម៉ោងគេងរបស់អ្នកជាក់ជាមិនខាន។ ប៉ុន្តែក្នុងករណីដែលអ្នកសំងំគេងបាន២០នាទីហើយក៏នៅតែគេងមិនលក់ សូមងើបពីគ្រែ ក្រោកដើរទៅដើរមក ឬទៅធ្វើអីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អដូចជាអានសៀវភៅ ឬស្ដាប់ចម្រៀង ហើយត្រឡប់មកគេងវិញពេលមានអារម្មណ៍ថានឿយហត់។
២. យកចិត្តទុកដាក់ពីរបបអាហារ
ត្រូវកត់ត្រាចំណាំថាអ្នកញ៉ាំអ្វីខ្លះ និងផឹកអ្វីខ្លះក្នុងមួយថ្ងៃៗ ហើយជាពិសេសកុំទៅគេងទាំងដែលក្រពះខ្លួនឯងឃ្លាន។ យ៉ាងណាមិញ អ្នកត្រូវចៀសវាងកុំញ៉ាំអាហារច្រើនពេក ដែលនាំឲ្យតឹងពោះពិបាកដល់ការគេង។ បើសិនជាអាច សូមឈប់ផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងសុរា។
៣. បង្កើតបរិស្ថានមួយដែលគួរឲ្យចង់សម្រាក
សូមរក្សាសណ្ដាប់ធ្នាប់ក្នុងបន្ទប់របស់អ្នក និងត្រូវប្រាកដចិត្តថាពេលយប់ វានៅត្រជាក់ល្ហឹមរហូត ហើយងងឹតនិងស្ងប់ស្ងាត់។ សូមចៀសវាងការប្រើប្រាស់របស់របរអេឡិកត្រូនិក មានពន្លឺចាំងជះដូចជាទូរស័ព្ទឬ កំព្យូទ័រយួរដៃមុនពេលចូលគេង។
៤. សូមកុំគេងពេលថ្ងៃច្រើនពេក
ការគេងលក់ពេលថ្ងៃត្រង់យូរពេក អាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណេកពេលយប់របស់អ្នកដូច្នេះសូមធ្វើការកំណត់ម៉ោងគេងថ្ងៃត្រង់ តែ១ម៉ោងបានហើយ និងមិនត្រូវគេងចន្លោះពេលរសៀលជិតល្ងាចទេ។
៥. ត្រូវបញ្ចូលការហាត់ប្រាណក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក
ការហាត់ប្រាណឲ្យទៀងទាត់ អាចជួយឲ្យអ្នកគេងលក់ស្រួល ប៉ុន្តែសូមកុំហាត់ប្រាណកៀកនឹងម៉ោងគេងពេក ដូចជាហាត់ប្រាណនាពេលព្រឹកជាដើម។ ការដើរលេងខាងក្រៅក៏អាចជួយឲ្យអ្នកគេងយប់ស្កប់ស្កល់ផងដែរ។
៦. គ្រប់គ្រងកង្វល់របស់អ្នក
ក្ដីកង្វល់នឹងនាំមកនូវការគិតច្រើន និងភាពស្មុគស្មាញមកកាន់អ្នក ដែលធ្វើឲ្យអ្នកគេងមិនលក់ ដូច្នេះមិនថាមានរឿងអ្វី ត្រូវទុកវាចោលមួយឡែកមុនពេលគេង ហើយបើសិនជាអ្នកមិនអាចគ្រប់គ្រងវាបានទេ សូមងាកមកធ្វើសមាធិជាដើម៕
ប្រភព៖: mayoclinic
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]