យល់ដឹង៖ គ្មានអ្នកណាកើតមកនៅលើលោកដែលចង់ចួបប្រទះនឹងភាពខ្ជិលនោះឡើយ ប៉ុន្តែពេលខ្លះ គ្រាន់តែសកម្មភាពប្រចាំថ្ងៃតិចតួចក៏អ្នកខ្ជិលដែរ ដែលវាអាចធ្វើឲ្យជីវិតអ្នកតែងចួបបញ្ហាជារឿយៗព្រោះតែភាពខ្ជិលនេះឯង។
ភាពខ្ជិលមិនមែនកើតឡើងដោយឯកឯងទេ វាកើតឡើងព្រោះតែយើងមិនមានទឹកចិត្តក្នុងការធ្វើ ឬកម្លាំងជម្រុញចិត្តដើម្បីឲ្យយើងអាចបំពេញសកម្មភាពនេះឬនោះបាន។ យ៉ាងណាមិញ គន្លឹះនៃការដោះស្រាយដើម្បីបំបាត់ភាពខ្ជិលមានដូចជា៖
១. បង្កើតទម្លាប់
មនុស្សម្នាក់ៗសុទ្ធតែកើតមកព្រមជាមួយទម្លាប់ ហើយទម្លាប់ល្អគឺជាគន្លឹះនាំទៅរកជីវិតជោគជ័យ ដូច្នេះបំបាត់ទម្លាប់អាក្រក់ដល់ខ្លួនឯង គឺជាគន្លឹះនៃការបំបាត់ភាពខ្ជិលផងដែរ។ អ្នកត្រូវចាប់ផ្ដើមពិនិត្យមើលទម្លាប់ទាំងអស់របស់ខ្លួនឯង ហើយបែងចែកថាទម្លាប់ណាល្អ ទម្លាប់ណាអាក្រក់ ហើយព្យាយាមបំបាត់ទម្លាប់អាក្រក់ម្ដងបន្តិចៗ។ នៅពេលអ្នកអាចបំបាត់ទម្លាប់អាក្រក់នោះហើយ អ្នកមានអារម្មណ៍ថាអ្នកបានបង្កើតសមិទ្ធផលល្អមួយដែរ ដែលជាគ្រឿងជំរុញចិត្តឲ្យអ្នកឈប់ខ្ជិល។
២. បំពេញការងារចាប់ផ្ដើមពីតូចៗឡើង
ប្រាកដណាស់ ភាពខ្ជិលតែងកើតមានតែនៅពេលដែលអ្នកមិនទាន់បានចាប់ផ្ដើមការងារមួយនោះឯង។ ឧទាហរណ៍ អ្នកត្រូវសរសេរអត្ថបទឲ្យបានដប់ទំព័រ តែគ្រាន់តែនឹកដល់ពេលចាប់ផ្ដើមសរសេរក៏ខ្ជិលបាត់ទៅហើយ តែបើបានសរសេរហើយ អ្នកបែរជាចង់បន្តទៅមុខរហូតដល់ចប់ទៅវិញ។ នេះបញ្ជាក់ឲ្យឃើញថាភាពខ្ជិលកើតមានតែពេលអ្នកចាប់ផ្ដើមធ្វើកិច្ចការណាមួយប៉ុណ្ណោះ ដូច្នេះព្យាយាមផ្លាស់ប្ដូរពីរឿងតូចៗប្រចាំថ្ងៃទៅដើម្បីអាចសម្រេចកិច្ចការធំៗទៅថ្ងៃមុខ។
៣. បង្កើតរបស់លើកទឹកចិត្ត
ជួនកាល អ្នកខ្ជិលបំពេញការងារនោះដោយសារតែគ្មានរបស់លើកទឹកចិត្ត។ គេបង្កើតរង្វាន់ឡើងមក គឺដើម្បីបំផុសទឹកចិត្តឲ្យមនុស្សម្នាក់ៗប្រឹងប្រែងធ្វើ។ ក្នុងចំណុចនេះ អ្នកត្រូវចេះមានរង្វាន់ដល់ខ្លួនឯង។ ឧទាហរណ៍៖ អ្នកខ្ជិលទៅហាត់ប្រាណនៅក្លិប តែបើសិនជាអ្នកសន្យានឹងខ្លួនឯងថា ហាត់ប្រាណរួចនឹងទៅទិញទឹកក្រឡុកដែលខ្លួនចូលចិត្តមកផឹកនោះអ្នកប្រាកដជាចង់ទៅហាត់ប្រាណ។
៤. រៀបបរិយាសកាសជុំវិញខ្លួនឲ្យសមនឹងការបំពេញការងាររបស់អ្នក
អ្នកត្រូវចេះរៀបចំផ្ទះសម្បែង ជាពិសេសគឺនៅលើតុសរសេរឬកន្លែងណាដែលអ្នកធ្វើការជាប្រចាំឲ្យបានស្អាត ឲ្យមានអារម្មណ៍គួរឲ្យចង់អង្គុយ។ ជួនកាល អ្នកមិនចង់វាយឯកសារក៏ដោយសារនៅលើតុអ្នករញ៉េរញ៉ៃពេក។មួយវិញទៀត មិនត្រូវយករបស់ផ្សេងៗមកកាត់ចង្វាក់ការបំពេញការងាររបស់អ្នកទេ គឺត្រូវបិទទូរស័ព្ទ ឬទូរទស្សន៍ចោល ដើម្បីឲ្យអ្នកមានសមាធិផ្ដោតលើការងារនេះ។
៥. មើលថែសុខភាពខ្លួនឯង
+អ្នកត្រូវមើលថែសុខភាពខ្លួនឯង ព្រោះអ្នកខ្លះគិតថារាងកាយខ្លួនឯងនឿយណាស់ទើបមិនចង់ធ្វើនេះធ្វើនោះ ដែលភាពនឿយហត់គឺជាបញ្ហាសុខភាពមួយ មិនមែនមកពីទម្លាប់ទេ។ អ្នកត្រូវគេងឲ្យបានគ្រប់៨ម៉ោងក្នុងមួយយប់ , មើលរបបអាហាររបស់អ្នក និងហាត់ប្រាណរាល់ថ្ងៃជាដើម៕
ប្រភព៖: trackinghappiness
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]