យល់ដឹង៖ ពិតណាស់ ឪពុកម្ដាយនីមួយៗសុទ្ធតែស្រលាញ់ និងចង់ការពារកូន ដោយពួកគាត់តាមយកចិត្តទុកដាក់មើលថែអ្នក មិនឲ្យអ្នកទៅទីកន្លែងណាដែលគ្រោះថ្នាក់ ឬមិនឲ្យដើរលេងយប់ព្រលប់ជាដើម ដែលនេះសុទ្ធសឹងកើតចេញពីក្ដីបារម្ភ ប៉ុន្តែក្នុងករណីខ្លះ ឪពុកម្ដាយក៏មានភាពតឹងរ៉ឹងហួសពេកដែរ ដោយព្យាយាមគ្រប់គ្រងជីវិតអ្នក មិនថារឿងការងារ ស្នេហា ឬរឿងផ្សេងៗទៀត។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យុវវ័យជាវ័យមួយដែលកំពុងចូលចិត្តសប្បាយ និងចូលចិត្តដកបទពិសោធថ្មីៗក្នុងជីវិត ទើបពេលខ្លះចូលចិត្តចេញទៅខាងក្រៅជួបមិត្តភក្តិគូកន តែឪពុកម្ដាយបានហាមប្រាមមិនឲ្យទៅ ឬកំណត់ម៉ោងចូលផ្ទះជាដើម ធ្វើឲ្យមានជម្លោះផ្សេងៗកើតឡើង... តើអ្នកគួរធ្វើយ៉ាងណាបើសិនឪពុកម្ដាយរបស់អ្នកជាមនុស្សតឹងរ៉ឹងហួសហេតុ?​

១. ត្រូវរៀបចំខ្លួននិងករិយាមារយាទឲ្យបានល្អ

អ្នកជាកូនត្រូវតែគោរពនិងឲ្យតម្លៃឪពុកម្ដាយ ទោះពួកគាត់ទាំងពីរជាមនុស្សតឹងរ៉ឹងក្ដី។ អ្នកត្រូវរក្សាឫកពាសុភាពរាបសារ និងគិតអ្វីដែលវិជ្ជមានជានិច្ច។ កាលណាអ្នកគិតវិជ្ជមាន គឺអ្នកគ្មានអារម្មណ៍ថាពួកគាត់ដាក់កំហិតលើអ្នកទេ។​

២. យល់ដឹងថាឪពុកម្ដាយអ្នកតែងតែមានចំណុចអវិជ្ជមាន

រាល់មនុស្សគ្រប់គ្នាលើលោកសុទ្ធតែមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ត្រង់ចំណុចនេះ អ្នកត្រូវរៀនបើកចិត្តទទួលយកថាឪពុកម្ដាយអ្នកមិនមែនមានចំណុចល្អទាំងអស់ទេ ជួនកាលលោកទាំងពីរអាចធ្លាប់មានបទពិសោធជីវិតអាក្រក់ៗទើបមិនសូវចង់ឲ្យកូនប្រឡូកនៅក្នុងសង្គមខាងក្រៅ។

រូបភាពតំណាង

​ ៣. កុំព្យាយាមផ្លាស់ប្ដូរពួកគាត់

ចំណុចដែលអ្នកមិនគួរធ្វើគឺ ព្យាយាមផ្លាស់ប្ដូរពួកគាត់ ព្រោះវាអាចបង្កជាជម្លោះផ្សេងៗដែលធ្វើឲ្យរឿងកាន់តែធំ។ ឪពុកម្ដាយមួយចំនួនធំនឹងផ្លាស់ប្ដូរការគិតរបស់ពួកគាត់ នៅពេលឃើញកូនធំធាត់ឡើងក្លាយជាមនុស្សពេញវ័យ ដែលមានបន្ទុកនិងទំនួលខុសត្រូវត្រូវចាត់ចែង ដូច្នេះឲ្យពេលវេលាទៅកាន់លោកទាំងពីរជាការល្អ។

​ ៤. ជឿជាក់លើខ្លួនឯង

ទោះបីឪពុកម្ដាយអ្នកមិនជឿជាក់អ្នកក៏ដោយ ឪពុកម្ដាយដែលតឹងរ៉ឹង តែងតែព្យាយាមកំណត់ទិសដៅជីវិតរបស់កូនៗ មិនថារឿងការងារ ស្នេហា ឬមេរៀនជីវិតផ្សេងៗទៀតទេ ដោយសារលោកទាំងពីរមិនទុកចិត្តលើសមត្ថភាពអ្នក។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកត្រូវតែជឿជាក់លើខ្លួនឯង និងកុំអស់សង្ឃឹមក្នុងជីវិតឲ្យសោះ។​

រូបភាពតំណាង

៥. មានភាពអត់ធ្មត់

ការអត់ធ្មត់ជាគន្លឹះយ៉ាងសំខាន់ក្នុងការរស់នៅជាមួយ ឪពុកម្ដាយដែលមានភាពតឹងរ៉ឹងខ្លាំង ព្រោះបើអ្នកគ្មានអត់ធ្មត់ខ្លាំងទេ អ្នកប្រាកដជារស់នៅជាមួយភាពសោកសៅនិងបាក់ទឹកចិត្ត។ អ្នកគ្រាន់តែគិតទៅថា ពេលវេលានៃសេរីភាពរបស់អ្នកមិនទាន់មកដល់ ពេលដែលអ្នកក្លាយជាមនុស្សពេញវ័យនោះពួកគាត់នឹងលែងតឹងរ៉ឹងចំពោះអ្នកហើយ៕

រូបភាពតំណាង

ប្រភព៖: healthoplane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]