យល់ដឹង៖ ជំងឺថប់បារម្ភ គឺជាជំងឺដែលធ្វើឲ្យអ្នកចេះតែភ័យខ្លាច ចេះតែបារម្ភនេះបារម្ភនោះ រហូតនៅមិនសុខ បង្កជាជំងឺផ្លូវចិត្តរ៉ាំរៃ។ ជំងឺថប់បារម្ភធ្វើឲ្យអ្នកញ័រដៃញ័រជើង ចេះតែភ័យរហូតបំពេញការងារជាប្រចាំថ្ងៃមិនកើត ដោយសារចេះតែខ្លាចនេះខ្លាចនោះ។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅ ជំងឺនេះកើតឡើងទាំងក្នុងស្រទាប់យុវវ័យនិងមនុស្សពេញវ័យ ហើយក៏អាចព្យាបាលបានដោយការជួបពិគ្រោះជាមួយគ្រូពេទ្យផ្នែកផ្លូវចិត្តដ៏ជំនាញ និងប្រើប្រាស់ថ្នាំផងដែរ។ ប៉ុន្តែក្រៅពីការប្រើប្រាស់ថ្នាំ តើអ្នកដឹងទេថាអ្នកក៏អាចរៀនព្យាបាលវាដោយខ្លួនឯងបានដែរ ឲ្យតែអ្នកមានការតាំងចិត្តខ្ពស់!​

១. និយាយឬស្រែកចេញមកឲ្យអស់

ពេលខ្លះ អ្នកជាមនុស្សទម្លាប់នឹងលាក់ទុក្ខសោក លាក់អារម្មណ៍ មិនបង្ហាញចេញប្រាប់មនុស្សជុំវិញខ្លួន ទើបសន្សំយូរៗទៅក៏ក្លាយជាកកកុញពេញទ្រូង មិនដឹងបញ្ចេញតាមណា។ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកមិត្តទុកចិត្តបាន ឬសមាជិកគ្រួសារណាម្នាក់ ដែលអាចទទួលស្ដាប់រឿងរបស់អ្នកដោយមិនបន្ទោសមិនចម្អកអ្នក បន្ទាប់មកត្រូវស្រែកខ្លាំងៗរៀបរាប់ពីបញ្ហាទាំងឡាយរបស់អ្នកប្រាប់គេ ឬគ្រាន់តែនិយាយចេញមកដើម្បីឲ្យស្បើយទ្រូង។ មិនត្រឹមតែស្រែកទេ អ្នកក៏អាចប្រើប្រាស់វិធីនិយាយជាមួយខ្លួនឯង ឬតប់ខ្នើយគេង ឬតន្ត្រំជើងដើម្បីឲ្យអារម្មណ៍តប់ប្រមល់ទាំងអស់ធ្លាយចេញមក។ អ្នកត្រូវចងចាំថា អ្នកមិនអាចប្រឆាំងនឹងជំងឺថប់បារម្ភទេ តែត្រូវរៀនទទួលយកវាជាមុនសិន ហើយសឹមសន្សឹមៗដោះលែងវាចេញពីខ្លួនឯង។

រូបភាពតំណាង

​ ២. ធ្វើខ្លួនឲ្យសកម្ម

នៅពេលអ្នកភ័យខ្លាច អ្នកបារម្ភខ្លាំង អ្នកគ្មានអារម្មណ៍ចង់ធ្វើអីទេក្រៅពីយំ តែចំណុចនេះសាកល្បងផ្លាស់ប្ដូរយុទ្ធសាស្ត្រវិញ។ កាលណាដែលខួរក្បាលរបស់អ្នកចាប់ផ្ដើមគិតនូវរឿងអស់ទាំងនោះរហូតអ្នកគ្រប់គ្រងវាលែងបាន សូមប្រើប្រាស់ការរត់ហាត់ប្រាណដើម្បីបំបាត់អារម្មណ៍ទាំងនោះដោយមិនចាំបាច់ភ័យខ្លាចថាអ្នកនឹងគាំងបេះដូងទេ!

​ការហាត់ប្រាណជាវិធីសាស្ត្រធម្មជាតិអាចជួយជំងឺថប់បារម្ភបានយ៉ាងមានប្រសិទ្ធិភាព ព្រោះវាបង្កើនជាតិ អង់ដូហ្វីន និង សេរ៉ូតូនីន ដើម្បីឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងរីករាយ។ អ្នកក៏អាចរៀបកាលវិភាគហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។​

៣. ល្មមបែកផ្លូវគ្នាជាមួយជាតិកាហ្វេអ៊ីនហើយ

តើអ្នកដឹងទេថា ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេនិងភេសជ្ជៈនានា កាន់តែធ្វើឲ្យជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរ ដូច្នេះសូមផ្ដាច់វាម្ដងបន្តិចៗ ដូចជាបើអ្នកទម្លាប់ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនបីកែវក្នុងមួយថ្ងៃ សូមកាត់បន្ថយមកជាពីរកែវមួយថ្ងៃ ហើយបន្ថយជារឿយៗ ហើយងាកមកផឹកភេសជ្ជៈសុខភាពដូចជាតែជាដើម​។​

រូបភាពតំណាង

៤. ចូលគេងឲ្យទៀងម៉ោង និងគេងឲ្យគ្រប់

កើតមកជាមនុស្ស រឿងសំខាន់ដែលត្រូវធ្វើជាប្រចាំថ្ងៃគឺគេងឲ្យបានគ្រប់គ្រាន់ព្រោះការគេងផ្ដល់សារប្រយោជន៍មកកាន់រាងកាយនិងផ្លូវចិត្តរបស់អ្នកបានច្រើនណាស់។ អ្នកត្រូវគេងឲ្យគ្រប់៨ម៉ោងក្នុងមួយយប់ ដោយធ្វើយ៉ាងណាចូលគេងនិងភ្ញាក់ឲ្យទៀងម៉ោង ដើម្បីឲ្យរាងកាយទម្លាប់នឹងកាលវិភាគគេង ព្រោះការគេងមិនទៀងម៉ោងនិងមិនគ្រប់ម៉ោងនេះហើយ កាន់តែធ្វើឲ្យជំងឺថប់បារម្ភរបស់អ្នកអាក្រក់ជាងមុន។

​ ៥. ខ្វល់ពីខ្លួនឯងជាងអ្នកដទៃ

ចំណុចនេះអាចស្ដាប់ទៅរៀងអាត្មានិយមបន្តិច ប៉ុន្តែអ្នកត្រូវគុតពីសុខភាពផ្លូវចិត្តរបស់ខ្លួនឯងជាចម្បងមុននឹងខ្វល់នឹងខ្វល់ពីអ្នកដទៃ។ បើសិនជាមនុស្សម្នាក់នោះសុំឲ្យអ្នកជួយគេធ្វើរឿងអ្វីមួយតែអ្នកមិនចង់ សូមអ្នកបដិសេធត្រង់ៗ ព្រោះការទ្រាំធ្វើអីដែលខ្លួនមិនចង់ធ្វើគឺនាំឲ្យស្ថានភាពផ្លូវចិត្តអ្នកកាន់តែដុនដាបជាងមុន។

រូបភាពតំណាង

៦. កុំភ្លេចញ៉ាំអាហារមួយថ្ងៃឲ្យបានបីពេល ការមិនញ៉ាំអាហារបីថ្ងៃមួយពេល អាចធ្វើឲ្យថាមពលរាងកាយរបស់អ្នកថយចុះ ហើយជាតិស្ករក្នុងឈាមរបស់អ្នកក៏ថយចុះតាមនោះធ្វើឲ្យអរមូនស្ត្រេសបញ្ចេញមក នាំឲ្យអ្នករើជំងឺនេះតែម្ដង ដូច្នេះសូមអ្នកញ៉ាំអាហារឲ្យទៀងម៉ោង និងជាប្រភេទអាហារមានជីវជាតិផងដែរ។​

៧. រៀនរកវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍

អ្នកមានជំងឺឆាប់ភ័យខ្លាច តែងតែបារម្ភនិងភ័យហួសហេតុនូវលើរឿងតូចតាចណាមួយ។ ឧទាហរណ៍បើសិនជាអ្នកតែងតែភ័យពេលនៅកន្លែងដែលមានមនុស្សម្នាអ៊ូអរ សាកល្បងរ្វិធីសាស្ត្រដោះស្រាយងាយៗដូចជាចូលរួមតែក្នុងកម្មវិធីដែលមានមនុស្សមកចូលរួមល្មម មិនច្រើនពេកដើម្បីឲ្យអ្នកបន្ស៉ាំខ្លួននឹងស្ថានភាពជុំវិញ។

​ ៨. រស់នៅក្នុងបច្ចុប្បន្នភាព

អ្នកដែលមានជំងឺថប់បារម្ភតែងតែគិតច្រើនលើរឿងដែលមិនគួរគិតនាពេលនេះ ដូចជាខ្វល់ខ្វាយពីអនាគតដែលមិនទាន់មកដល់។ ដូច្នេះហើយសូមកែប្រែទម្លាប់នេះនិងរស់នៅក្នុងបច្ចុប្បន្នភាព បើសិនជាមានបញ្ហាណាមួយ សូមកុំគិតពីវាខ្លាំងពេក ព្រោះកាន់តែអ្នកផ្ដោតទៅលើវា អ្នកកាន់តែថប់បារម្ភលើសដើម​។ រៀនសើច រៀនញញិម រៀនរកពេលលំហែសម្រាប់ខ្លួន រៀនបើកចិត្តនិយាយជាមួយអ្នកដទៃ និងរាប់រកមិត្តភក្តិថ្មីៗ ហើយត្រូវចាំថា អ្នកមិនអាចគ្រប់គ្រងអនាគតបានទេ រស់នៅឲ្យតែល្អពីមួយថ្ងៃទៅមួយថ្ងៃទៅគឺល្អហើយ៕  

រូបភាពតំណាង

ប្រភព៖: healthline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]