យល់ដឹង៖ នៅលើលោកនេះ គ្មានអ្នកម្ដាយលោកឪពុកណាមិនស្រលាញ់កូនខ្លួនឯងទេ ហើយជារឿយៗទាំងម្ដាយទាំងឪពុកតែងតែចង់តាមចិត្តកូន មិនចង់ឃើញកូនយំយែក ចង់ឲ្យរបស់គ្រប់យ៉ាងដែលកូនចង់បាន ប៉ុន្តែអ្នកដឹងទេថា ការចិញ្ចឹមបែបតាមចិត្តកូនៗពេក អាចធ្វើឲ្យពួកគេធំឡើងក្លាយជាក្មេងទំនើង និងយកតែចិត្តខ្លួនឯង?
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអ្នកជាឪពុកម្ដាយគួរអនុវត្តបើសិនមិនចង់ឲ្យកូនធំឡើងក្លាយជាក្មេងទំនើង៖
១. ត្រូវមានក្បួនច្បាប់ត្រឹមត្រូវ និងមិនទម្រើសកូន
ជាធម្មតា ក្នុងផ្ទះក្នុងគ្រួសារនីមួយៗតែងតែមានច្បាប់មានទម្លាប់ ហើយអ្នកជាឪពុកម្ដាយ ក៏ត្រូវតែបង្កើតច្បាប់សម្រាប់ចិញ្ចឹមកូនដែរ។ កូនៗរបស់ពួកអ្នកចេះតែទារចង់ធ្វើអីតាមតែចិត្តគេគឺដើម្បីមើលថាតើអ្នកព្រមតាមចិត្តគេឬអត់ប៉ុណ្ណោះ ហើយបើជារឿយៗ អ្នកព្រមតាមចិត្តគេរហូតនោះក្នុងកាលៈទេសៈណាមួយ គេនឹងលែងខ្លាចអ្នក លែងខ្វល់ពីច្បាប់ទម្លាប់ហើយ។ដូច្នេះ អ្នកត្រូវមានច្បាប់ទម្លាប់ក្នុងការចិញ្ចឹមគេ និងត្រូវអនុវត្តតាមឲ្យតឹងរ៉ឹង។ ឧទាហរណ៍៖ អ្នកមិនឲ្យគេញ៉ាំស្ករគ្រាប់លើសពីពីរគ្រាប់ក្នុងមួយសប្តាហ៍ អ៊ីចឹងហើយមិនថាគេយំទារននៀលដីប៉ុណ្ណា ក៏អ្នកមិនត្រូវតាមចិត្តគេដាច់ខាត ដែលការធ្វើបែបនេះនាំឲ្យកូនៗរបស់អ្នកយល់ថាពួកគេមិនអាចទារវាទៀតបានទេ។ ២. ផ្ដល់ការងារក្នុងផ្ទះស្រាលៗឲ្យកូនរបស់អ្នកធ្វើ
ឪពុកម្ដាយខ្លះស្រលាញ់កូនពេក មិនចង់ឲ្យកូនប៉ះនេះប៉ះនោះ ប៉ុន្តែចំណុចត្រង់នេះ អ្នកគប្បីត្រូវផ្ដល់ការងារក្នុងផ្ទះស្រាលៗដូចជារៀបទុករបស់របរដូចជាសៀវភៅ ជាដើម ដល់កូនរបស់អ្នក ដែលទង្វើនេះជាទង្វើបណ្ដុះឲ្យគេចេះមានទំនួលខុសត្រូវ និងមិនត្រូវពឹងពាក់លើឪពុកម្ដាយពេកទេ។ ពេលណាដែលគេរៀបចំរួចហើយ អ្នកត្រូវសរសើរគេ ឬផ្ដល់រង្វាន់បន្តិចបន្តួចដើម្បីឲ្យគេមានអារម្មណ៍ថា អ្វីដែលគេធ្វើគឺបានជួយដល់អ្នកច្រើន។
៣. បង្រៀនពីមារយាទដល់កូនរបស់អ្នក
កុមារខ្លះទំនើងខ្លាំង ព្រោះមិនស្គាល់ពីការរៀបចំកិរិយាមារយាទ ទម្លាប់នៅផ្ទះត្រូវឪពុកម្ដាយយកចិត្តយកថ្លើមខ្លាំង ទើបទៅណាក៏ទំនើង បញ្ជានេះបញ្ជានោះ ស្រែកដាក់អ្នកនេះអ្នកនោះ ដែលសុទ្ធសឹងជាទង្វើមិនល្អ។ សូមអ្នកបង្រៀនកូនឲ្យចេះទន់ភ្លន់ ចេះគោរពចាស់ទុំ ចេះនិយាយអរគុណ សុំទោស ចេះប្រើភាសាពីរោះពិសា និងត្រូវបង្រៀនកូនពីកាយវិការមិនល្អមួយចំនួនដែលពួកគេត្រូវចៀសវាងដាច់ខាត។
៤. បណ្ដោយឲ្យកូនចេះអន់ចិត្តនិងសោកសៅខ្លះ
ការអាក់អន់ស្រពន់ចិត្ត និងភាពសោកសៅ គឺជាអារម្មណ៍ដែលមនុស្សតែងតែចួប ដូច្នេះអ្នកជាឪពុកម្ដាយត្រូវបង្រៀនកូនឲ្យចេះមានអារម្មណ៍អស់ទាំងនោះ ដើម្បីឲ្យពួកគេចេះបន្ទាបខ្លួន ចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ ព្រោះពេលខ្លះអ្នកមិនអាចផ្ដល់របស់អ្វីមួយដែលពួកគេទាមទារទេ ដែលធ្វើឲ្យកូនៗចេះអាក់អន់ស្រពន់ចិត្តខ្លះ ហើយយូរៗទៅពួកគេនឹងស៊ាំនឹងអារម្មណ៍បែបនោះ និងមិនទារមិនយំស្រែកទេពេលអ្នកមិនផ្ដល់អ្វីឲ្យទៅគេ។
៥. បង្រៀនគេឲ្យចិត្តល្អ និងចេះជួយទុក្ខធុរៈអ្នកដទៃ
ពិតណាស់ ម្ដាយឪពុកណាក៏ចង់ឲ្យកូនធំឡើងក្លាយជាក្មេងល្អ ចេះជួយទុក្ខធុរៈអ្នកដទៃនិងចិត្តល្អដែរ។ អ្នកត្រូវបង្រៀនគេឲ្យចិត្តល្អតាំងពីតូចមក ដោយការចេះបរិច្ចាគដល់ជនក្រីក្រ ធ្វើកម្មវិធីសប្បុរសតូចធំនានា និងបរិច្ចាគរបស់លេងចាស់ៗដល់កុមារដែលខ្វះខាតឯទៀតជាដើម។
៥. កុំផ្ដល់ឱកាសម្ដងហើយម្ដងទៀតដល់គេ
នៅពេលកូនអ្នករឹងទទឹង ឬធ្វើអីខុស សូមកុំទុកឱកាសឲ្យគេម្ដងហើយម្ដងទៀត គឺត្រូវចាត់ការគេតាមច្បាប់ ព្រោះការផ្ដល់ឱកាសឲ្យច្រើនពេកគឺធ្វើឲ្យកូនៗបានចិត្ត និងគិតថាពួកគេនៅតែអាចបន្តធ្វើសកម្មភាពមួយនោះ។
៦. កុំនិយាយថាទេ លើរឿងគ្រប់យ៉ាង
នាករណីខ្លះ ការដែលអ្នកបដិសេធមិនធ្វើអីតាមចិត្តគេចង់សឹងតែគ្រប់យ៉ាងពេកក៏អាចធ្វើឲ្យកូនអ្នកទាមទាររបស់នេះរបស់នោះរហូតដែរ ព្រោះពួកគេគិតថា បើអ្នកនិយាយថាទេរហូតបែបនេះ ពួកគេនឹងបន្តទាមទារគ្រប់យ៉ាងជារឿយៗរហូតទាល់តែអ្នកយល់ព្រម។ ដូច្នេះសូមអ្នកកុំឆ្លើយថាទេលើគ្រប់រឿងពេក គឺត្រូវផ្ដល់ឲ្យគេខ្លះ មិនផ្ដល់ឲ្យគេខ្លះ តាមអ្វីដែលអ្នកយល់ឃើញថាសមឬមិនសម៕
ប្រភព៖: whattoexpect
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]