យល់ដឹង៖ មនុស្សម្នាក់ៗនៅលើលោក មានអត្តចរិតនិងបុគ្គលិកលក្ខណៈខុសគ្នា ដោយខ្លះពូកែគ្រប់គ្រងកំហឹងខ្លួនឯងណាស់ ខ្លះទៀតមិនពូកែទេ ខឹងអ្វីតិចតួចក៏បញ្ចេញកំហឹងមកខាងក្រៅ ធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ និងការងារជាដើម។
ការខឹងច្រឡោត គ្មានបានផលប្រយោជន៍អ្វីមកវិញទេព្រោះវាមិនបានជួយដោះស្រាយបញ្ហាដល់អ្នកនោះឡើយ។ ការខឹងគឺប្រៀបដូចយើងកំពុងឱបភ្លើងជាប់ទ្រូង វាមានតែដុតរោលយើងថែម មិនមែនអ្នកដទៃទេ។ ដូច្នេះដើម្បីគ្រប់គ្រងកំហឹងរបស់អ្នកឲ្យបានល្អ សូមសាកល្បងអនវត្តតាមវិធីសាស្ត្រអស់ទាំងនេះ៖
១. ត្រូវដឹងថាអ្នកចេញប្រតិកម្មអ្វីខ្លះនៅពេលខឹង
ជាធម្មតា នៅពេលអ្នកខឹង គឺឈាមតែងតែច្រាល់នៅលើមុខ ចង្វាក់បេះដូងដើរលឿន ហើយអ្នកក៏ដកដង្ហើមញាប់ណាស់ដែរ អ្នកអាចភ្លេចខ្លួនក្ដាប់ដៃឬឈឺស្មា ហើយបើសិនអ្នកមានប្រតិកម្មអស់ទាំងនេះ អ្នកត្រូវដឹងខ្លួនថាអ្នកកំពុងត្រូវកំហឹងគ្របដណ្ដប់សតិ។
២. រាប់ពី១ដល់១០
ការរាប់ពី១ដល់ទៅ១០ គឺប្រៀបដូចការឲ្យពេលវេលាខ្លួនឯងឲ្យចិត្តត្រជាក់ឡើងវិញ ដូច្នេះអ្នកអាចប្រើសតិស្មារតីគិតឲ្យបានល្អិតល្អន់ ជាជាងការស្រែកគំហកឬបញ្ចេញកំហឹង។
៣. ដកដង្ហើមមួយៗ
សូមដកដង្ហើមចេញឲ្យបានយូរជាងការដកដង្ហើមចូល ហើយបិទភ្នែក ព្រោះនៅពេលអ្នកខឹងអ្នកច្រើនដកដង្ហើមចូលច្រើនជាងចេញ ហើយការដកដង្ហើមចេញច្រើនជាងចូលធ្វើឲ្យអ្នកអាចគ្រប់គ្រងសតិបាន។
៤. ហាត់ប្រាណ
ការហាត់ប្រាណ គឺជួយឲ្យអ្នកកាត់បន្ថយភាពតប់ប្រមល់ ដូចជាការរត់ ដើរ ជិះកង់ ហែលទឹក ហាត់យូហ្កា និង តាំងសមាធិជាដើម។
៥. គេងឲ្យបានគ្រប់គ្រាន់ និងមើលថែខ្លួនឯង
បើអ្នកគេងមិនបានគ្រប់គ្រាន់ទេ គឺអ្នកនឹងងាយរងអារម្មណ៍រំខាននិងមួម៉ៅ ដូច្នេះអ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ ហើយមើលថែខ្លួនឯងដោយមិនផឹកគ្រឿងស្រវឹងទេ ព្រោះគ្រឿងស្រវឹងកាន់តែធ្វើឲ្យអ្នកងាយនឹងមួម៉ៅ។
៦. រកវិធីផ្សេងដើម្បីបញ្ចេញកំហឹង
ការបញ្ចេញកំហឹងមិនចាំបាច់ទាល់តែស្រែកគំហក បោកប្រាស់របស់របរ នោះឡើយ... ផ្ទុយទៅវិញការសរសេររ៉ាយរ៉ាប់ពីកំហឹងរបស់អ្នកនៅលើក្រដាសក៏ជាវិធីបញ្ចេញមួយដែរ។ សរសេររៀបរាប់ពីអារម្មណ៍ទាំងអស់របស់អ្នក សរសេរមួយគិតមួយ នោះអ្នកនឹងឃើញថាកំហឹងខ្លួនឯងនឹងស្រកយ៉ាងឆាប់រហ័ស។
៧. ស្វែងរកជំនួយពីខាងក្
រៅ សូមស្វែងរកការពិភាក្សាជាមួយមនុស្សដែលអ្នកអាចទុកចិត្តបានដូចជា គ្រួសារ មិត្តភក្តិ មិត្តរួមការងារ ឬគ្រូអាចារ្យដែលមានចរិតចាស់ទុំអាចផ្ដល់ជាដំបូន្មានដល់អ្នក ហើយអ្នកក៏អាចបើកចិត្តនិយាយរៀបរាប់ពីបញ្ហាដែលនាំឲ្យអ្នកខឹងក្រោធផងដែរ៕
ប្រភព៖: nhsinform
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]