យល់ដឹង៖ នរណាៗក៏ចង់ទៅបន្តការសិក្សានៅក្រៅប្រទេសដែរព្រោះប្រព័ន្ធនៃការអប់រំនៅប្រទេសក្រៅដូចជានៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឬសាំងហ្កាពួរ ជាដើមគឺសុទ្ធតែមានគុណភាពខ្ពស់ បែបលំដាប់ស្ដង់ដារពិភពលោក ដែលអាចធានាបានថា ក្រោយរៀនចប់ សិស្សនិងនិស្សិតទាំងឡាយ អាចមានឱកាសទទួលបានការងារល្អ។ ប៉ុន្តែ ការទៅបន្តការសិក្សានៅបរទេសមិនងាយស្រួលនោះឡើយ បើសិនជាអ្នកពុំបានត្រៀមខ្លួនទុកជាមុន ដែលភាគច្រើនគឺជាការវាយលុកនូវជំងឺមួយហៅថា "ជំងឺនឹកផ្ទះ" ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ខាងក្រោមនេះជាអ្វីដែលសិស្សនិងនិស្សិត ត្រូវគិតគូពិចារណាមុនពេលសម្រេចចិត្ត ទៅបន្តការសិក្សានៅបរទេស៖

១. ជ្រើសរើសកន្លែងត្រូវទៅសិក្សា

បើសិនអ្នកមិនបានទទួលអាហាររូបករណ៍ កំហិតថាត្រូវទៅសិក្សានៅប្រទេសណាទេ សូមអ្នកសាកល្បងស្រាវជ្រាវឲ្យបានលម្អិតពីប្រទេសណាដែលអ្នកគិតថា អ្នកអាចរស់នៅបាន និងមានគុណភាពនៃការអប់រំដ៏ខ្ពស់។ ក្រៅពីនេះ អ្នកក៏ត្រូវសិក្សាពី ទំនៀមទម្លាប់, វប្បធម៌, អាកាសធាតុ, ស្ថានភាពនយោបាយ ឬអាហារ នៃប្រទេសនោះផងដែរ ដើម្បីវាយតម្លៃថាតើ អ្នកអាចទ្រាំរស់នៅទីនោះអំឡុងពេលបន្តការសិក្សាបានដែរឬអត់?

រូបភាពតំណាង

២. ការប្រើប្រាស់ទូរស័ព្ទ និងទំនាក់ទំនង

នេះជាចំណុចមួយដ៏សំខាន់ មុនពេលអ្នកសម្រេចចិត្តជ្រើសរើសប្រទេសនោះដើម្បីបន្តការសិក្សា គឺអ្នកត្រូវស្គាល់ពីវិធីនៃការទំនាក់ទំនងរបស់គេ ការប្រើប្រាស់ឬតេឬផ្ញើសារពេលនៅព្រលានយន្តហោះ ការប្រើប្រាស់ផែនទី Google Maps ឬកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដូចជា កម្មវិធីហៅតាក់ស៊ីជាដើម។

៣. ហិរញ្ញវត្ថុ

អ្នកត្រូវត្រៀមប្រាក់ឲ្យបានគ្រប់គ្រាន់ សម្រាប់ទាំងថ្លៃបង់សាលាដែលអ្នកនឹងត្រូវចូលរៀន ព្រមទាំងថ្លៃចាយវាយជាប្រចាំថ្ងៃ ព្រមទាំងចេះគ្រប់គ្រងហិរញ្ញវត្ថុដូចជាបែងចែកប្រាក់ទុកនៅពេលមានអាសន្នណាមួយជាដើម។ ក្រៅពីនេះ អ្នកក៏ត្រូវចាត់ចែងរឿងចាយវាយតាមប្រព័ន្ធធនាគារផងដែរ។

រូបភាពតំណាង

៤. ការទាក់ទងពេលមានអាសន្ន

នេះជាចំណុចសំខាន់មួយដែរ ដែលអ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ពីលេខសម្រាប់ទាក់ទងនាពេលមានអាសន្នមិនថាលេខឡានពេទ្យ លេខសង្គ្រោះបន្ទាន់ អគ្គីភ័យ ឬគ្រោះអាសន្ននានា និងត្រូវស្គាល់ពីលេខទូរស័ព្ទទាក់ទងរបស់ខាងសាលា ឬបន្ទប់ដែលអ្នកនឹងជួលដើម្បីស្នាក់នៅទីនោះផងដែរ។

៥. ត្រៀមរបស់ប្រើប្រាស់អេឡិកត្រូនិក

ដើម្បីជួយសម្រួលដល់ការសិក្សារបស់អ្នក អ្នកត្រូវតែត្រៀមឧបករណ៍អេឡិកត្រូនិកមួយចំនួនដូចជា កំព្យូទ័រយួរដៃ ទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតជាដើម។

រូបភាពតំណាង

៦. ភាពតក់ស្លុតផ្នែកវប្បធម៌

ជាទូទៅ ប្រទេសនីមួយៗតែងតែមានទំនៀមទម្លាប់ និងវប្បធម៌ខុសៗគ្នា អ៊ីចឹងហើយអ្នកមិនអាចរំពឹងទុកថាគ្រប់យ៉ាងនៅទីនោះដូចនឹងការរស់នៅរបស់អ្នកនៅប្រទេសកំណើតអ្នកនោះឡើយ។ ពេលទៅដល់ អ្នកអាចនឹងឃើញទម្លាប់មួយចំនួនដែលអ្នកមិនដែលជួបសោះ ឬមិនទម្លាប់ធ្វើ ឬក៏អ្វីផ្សេងៗទៀតដែលធ្វើឲ្យអ្នកភ័យខ្លាច ដូច្នេះត្រៀមខ្លួនទុកជាមុនដើម្បីទទួលយក ការតក់ស្លុតផ្នែកវប្បធម៌។

រូបភាពតំណាង

៧. ជំងឺនឹកផ្ទះ

ជំងឺនឹកផ្ទះកើតឡើងមិនទៅលើបុគ្គលដែលទៅសិក្សានៅក្រៅប្រទេសទាំងអស់នោះទេ ប៉ុន្តែវាអាចនឹងកើតឡើងលើអ្នក ដូច្នេះអ្នកត្រូវរក្សាទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយក្រុមគ្រួសារឬមិត្តភក្តិនៅប្រទេសកំណើតរបស់អ្នក តាមរយៈវីដេអូខលជាដើម ដើម្បីឲ្យអ្នកមានអារម្មណ៍ថា អ្នកនៅតែមានអ្នកជួយជ្រោមជ្រែង និងឧស្សាហ៍តាមដានព័ត៌មាននៅប្រទេសអ្នក ឬក៏ស្វែងរកមិត្តភក្តិជនជាតិកំណើតរបស់អ្នកផ្សេងទៀត ដែលមកសិក្សានៅប្រទេសនោះដែរ៕

ប្រភព៖: ef

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]