បាត់ដំបង៖ លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងកាលពីម្សិលមិញថា ទិន្នផលផ្លែស្វាយកែវរមៀតរបស់កសិករបាន នាំចេញទៅប្រទេសថៃចាប់ពីន្លោះ ១៥០-២០០តោនក្នុង១ថ្ងៃៗ ។ នេះបើយោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញនៅតាមច្រកនាំចេញដែលបានរាយការណ៍ជាប្រចាំ ។

នៅច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ជាច្រកនាំចេញស្វាយច្រើនជាងគេទៅប្រទេសថៃ​ ។ ចំពោះទិន្នផលផ្លែស្វាយកែវរមៀត ដែលនាំចេញនេះ គឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់ជាមុន ចំពោះកសិករណាដែលប្រមូលផល ហើយបានអនុវត្តន៍ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ។ ក្នុងនោះមានការប្រមូលផលតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ត្រូវឱ្យផ្លែស្វាយស្អាតល្អ ដោយក្រុមហ៊ុនប្រគល់ស្បោងសម្រាប់ច្រកត្រឹមត្រូវ ទៅតាមបច្ចេកទេស ។ តែបើផ្លែស្វាយមិនមានសុខភាពល្អស្របតាមស្តង់ដារ មានប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ​ ។ តែបើក្រុមហ៊ុនទទួលទិញក៏មានតម្លៃថោកដែរ ដែលនេះជាហេតុផលដែលកសិករមួយចំនួន ប្រឈមមុខនឹងការបាត់ទីផ្សារបច្ចុប្បន្ន ដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហេង សិទ្ទ បានបន្តថា ក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំដំណាំស្វាយកែវរមៀត សរុបចំនួន ១៦ ០៧៩ហិកតា និងប្រមូលផលលើផ្ទៃដី ១៤ ៣៤០ហិកតា ដោយក្នុងមួយហិកតាទទួលបានទិន្នផលជាមធ្យម ២១តោន ៧០០គីឡូក្រាម ។

ទាក់ទងទីផ្សារស្វាយនេះដែរ មន្រ្តីកសិកម្មរូបនេះបានណែនាំថា បើកសិករជួបបញ្ហាលើទីផ្សារ ក៏មិនគួរបំផ្លាញដោយមិនបានក្តាប់ព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយនោះដែរ ។ ព្រោះដំណាំប្រភេទនេះមិនមែនធ្វើការដាំដុះរយ:ពេលខ្លី ដូចដំណាំផ្សេងៗនោះទេ ហើយក៏មិនមែនចេះតែអត់អ្នកទិញរហូតដែរ ។

ស្របតាមការលើកឡើងពីមន្ត្រីកសិកម្មខាងលើនេះ បើយោងតាមប្រភពមហាជន បានឱ្យដឹងថា កសិករដែលជាម្ចាស់ចម្ការ ហើយបានបំផ្លាញដើមស្វាយខ្លួនចោលបែបនេះ មិនមែនជាជម្រើសត្រឹមត្រូវឡើយ ហើយនឹងស្តាយក្រោយ ខណ:ដែលខេត្តបាត់ដំបង នឹងមានរោងចក្រកែច្នៃផ្លែស្វាយដ៏ធំមួយវិនិយោគដោយក្រុមហ៊ុនចិន ស្ថិតនៅក្នុងស្រុករតន:មណ្ឌល ដែលនឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ ។

ជាមួយគ្នានេះដែរ បើតាមប្រភពពីពលរដ្ឋម្នាក់ ដែលរស់នៅក្នុងស្រុករតនៈមណ្ឌល បាននិយាយថា “ ក្រុមហ៊ុនចិនកំពុងសាងសង់រោងចក្រកែច្នៃស្វាយដ៏ធំ នៅស្រុករតន:មណ្ឌល ហើយប៉ុន្មានថ្ងៃមុននេះខ្ញុំបានជូនក្រុមហ៊ុនចិន ទៅមើលឃ្លាំងធំមួយ ដើម្បីជួលស្ដុកផ្លែស្វាយដែលក្រុមហ៊ុនប្រមូលទិញបានពីតាមចម្ការ ។ អ៊ីចឹងយ៉ាងយូរឆ្នាំក្រោយ រោងចក្រដំណើរការស្វាយត្រូវប៉ាន់ហើយ” ។

យ៉ាងណាមិញលោក រិន ដា ជាកសិករដែលបានឈួសឆាយដំណាំស្វាយរបស់ខ្លួនចោល នៅស្រុកភ្នំព្រឹក បានឱ្យដឹងដែរថា ដំណាំស្វាយរបស់លោក គឺដាំអស់រយ:ពេលជិត ១០ឆ្នាំហើយ ។ ក្នុងរយ:ពេល ៣ឆ្នាំចុងក្រោយលោកមិនបានផល ពីផ្លែស្វាយឡើយ គឺលក់បានត្រឹមតម្លៃចន្លោះពី ១០០ ដល់ ៣០០រៀល ប៉ុណ្ណោះក្នុង ១គីឡូក្រាម ។

លោកបន្តថា មានដំណាំជាច្រើនប្រភេទដែលលោកបានដាំហើយ ក៏បានផ្តល់ប្រាក់ចំណេញសម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារលោក បានប្រសើរដែរតែចំពោះដំណាំស្វាយប៉ុន្មានឆ្នាំមកនេះ គឺធ្វើឱ្យសេដ្ឋកិច្ចគ្រួសារលោកដើរថយក្រោយទៅវិញ ទើបលោកសម្រេចបោះបង់ចោល ហើយជំនួសដោយដំណាំដំឡូង និងពោតវិញ ខណ:បច្ចុប្បន្នលោកបានដាំដូចជា ពោតក្រហម,ដំឡូងមី, សណ្តែក សៀង, មៀនប៉ៃលិន, ស្វាយកែវរមៀត, ចិញ្ចឹមជ្រូក, គោ,មាន់, ទា ជាដើម ។

លោកបន្តថា “ខ្ញុំបន្តទុកទៀតក៏វាមិនចំណេញដែ រព្រោះដើមចាស់ៗផងទិន្នផលមិនបានខ្ពស់ ខាតទាំងពេល ទាំងថ្លៃថ្នាំបើគិតក្នុង១រដូវៗអស់មិនតិចទេ វាធ្វើឱ្យសេដ្ឋកិច្ចគ្រួសារខ្ញុំដើរថយក្រោយ អ៊ីចឹងហើយទើបខ្ញុំសម្រេចឈូសចោលយកដីមកដាក់ដំណាំផ្សេងជំនួសវិញ” ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]