ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញអន្តរជាតិ កំពុងរួមគ្នាគិតអំពីការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីជាផ្នែកមួយកាត់បន្ថយការឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
«គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» បាននិងកំពុងដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP) ក្នុងគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអគារ។
គម្រោងនេះ មានដាក់បញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការ រចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង។
ក្នុងកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្តគម្រោង យុទ្ធសាស្ត្រ ប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ លោកស្រី Kim Roseberry តំណាងគណៈកម្មការសង្គម និងសេដ្ឋកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) បានថ្លែងថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយកាត់បន្ថយការចំណាយ។ តំណាងUN-ESCAP រូបនេះ បញ្ជាក់ថា «ដើម្បីកាត់បន្ថយការកើនឡើងកម្តៅ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារ គឺប្រព័ន្ធត្រជាក់អកម្ម នឹងធ្វើឱ្យអគារនីមួយៗ នៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។ កម្ពុជានឹងក្លាយជាប្រទេសនាំមុខមួយ សម្រាប់ការប្រើប្រាស់ការរចនាអគារ ដែលពឹងផ្អែកលើភាពត្រជាក់អកម្មនេះ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន សម្រេចបាន៦២ភាគរយ ដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅផែនដី ដែលពិភពលោកកំពុងព្រួយបារម្ភ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]