លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំបើទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣” នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី បានគូសរំលេចថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា ៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ។ ទន្ទឹមនេះ អត្រាអតិផរណាបានថយចុះមកត្រឹម ២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។
លោកជំទាវបណ្ឌិត បានបន្តថា ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនថ្លៃធៀបនឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិរក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បានប្រាំពីរខែខ្ពស់ជាងកម្រិតអប្បបរមាបីខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា “ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្មនិងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។ ប៉ុន្តែ ការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ពីរទសវត្សរ៍ចុងក្រោយ។”
លោកជំទាវបន្តថា ទោះយ៉ាងណា កំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់ ១៣ភាគរយ ក្នុងឆ្នាំ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង ៩១ភាគរយនៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។
លោកជំទាវ បានបន្តដោយការក្រើនរំលឹកថា យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាននិងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។
យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ១១៤ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨។
របាយការណ៍ដដែលបានឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,០ភាគរយដល់ ៣៤៥,១ ទ្រីលានរៀល (៨៤,៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង ៥,០ភាគរយដល់ ២៣៦,២ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩ភាគរយ ដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ៥,៣ភាគរយដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ ប៊ីលានដុល្លារអាមេរិក)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]