កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន១ ក្បាល និងញីចំនួន៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។ សត្វខ្លាធំទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ នេះបើយោងតាមការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកក្រសួងបរិស្ថាន។
សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេ សដូចជាការបំពាក់វិទ្យុទាក់ទង លើកសត្វខ្លា ការតាមដានដំណើរសត្វខ្លា ពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន គឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។
គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ នៅកម្ពុជា។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថាការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ យ៉ាងណាក្តីការប្រគល់ខ្លាមកកម្ពុជានេះ វាអាចពន្យាពេលយូរជាងនេះបន្ថែមទៀត ក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។
បើតាម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ប្រាប់ថា ការប្រគល់សត្វខ្លាធំនេះ គឺជំហ៊ានទី១ដែលប្រទេសអ្នកស្រីឱ្យកម្ពុជា ហើយបើគម្រោងនេះទទួលជោគជ័យប្រទេសឥណ្ឌានឹងធ្វើការបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំសត្វខ្លាធំមកកម្ពុជាគឺនឹងនាំមកនូវសារៈប្រយោជន៍ជាច្រើនដល់កម្ពុជាក្នុងនេះក្រៅពីស្តារសត្វព្រៃដែលបាត់បង់ហើយ នៅអាចជាផ្នែកមួយសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋានថែមទៀត។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ខ្លាធំ ឬ ខ្លាដំបង ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន។ នៅផ្នកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រក គ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។
នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំនិងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ វាអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]