អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានបង្ហាញពីការរក ឃើញសត្វក្រៀលចំនួន១៤ក្បាល ដែលក្នុងនោះ ជំទង់ចំនួន ៦ក្បាល អំឡុងពេលជំរឿនសត្វក្រៀលចុងក្រោយសម្រាប់រដូវកាល២០២៣-២០២៤។
អង្គការមួយនេះបានបញ្ជាក់ថា ទិន្នន័យនេះបានបង្ហាញថា ចំនួនសត្វក្រៀល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់គឺមានស្ថិរភាព បើធៀបទៅនឹងលទ្ធផលជំរឿន នៅក្នុងឆ្នាំ២០២២-២០២៣។ ប្រភពដដែលបានបញ្ជាក់ថា ការមកជួបជុំនៅដែនជម្រកសត្វព្រៃនេះក្នុងខែឧសភា សបញ្ជាក់ថាដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងបន្តតួនាទីដ៏សំខាន់ ក្នុងការផ្តល់ទីជម្រកពងកូន ដល់សត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមការងារ អង្គការរបស់ខ្លួន កំពុងកំណត់និងដាក់ផែនការក្នុងការចុះសិក្សាស្វែងរកសំបុកសត្វក្រៀល ដើម្បីបង្កើនភាពជោគជ័យនៃអត្រាពងកូន។ សូមជម្រាបជូនផងដែរថា ដែនជម្រកសត្វព្រៃលំផាត់ គឺទីតាំងពងកូនដ៏ សំខាន់របស់សត្វក្រៀល ដែលរដូវកាលរបស់សត្វនេះចាប់ពីខែឧសភាដល់ខែតុលា។
គួររំលឹកថា បើតាមឯកសារនៃក្រសួងបរិស្ថានបានឱ្យដឹងថា៖ សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាច ហើរបានជាទូទៅមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ពី ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេក ដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗ កន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌ តូចជាងអាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ជា ប្រភេទសត្វងាយរងគ្រោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]