ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែមិថុនានេះ បានបញ្ជាក់ថា យោងតាមស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់ សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូក និងតំបន់ជួរភ្នំក្រវាញ បានបង្កភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយ:ពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ។​ ជាមួយនោះ បាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំង កើតឡើងច្រើន។

ក្រសួងបានបន្តថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១០ ដល់១២ ខែមិថុនានេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២៥%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ទន្ទឹងនេះ កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C៕  

ប្រភព៖ ក្រសួងព័ត៌មាន, ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]