មិនខុសពីឆ្នាំមុនៗនោះទេ នៅមុនថ្ងៃសែនចូលឆ្នាំចិន តាមទីផ្សារនានា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេឃើញមានមនុស្សម្នាជាច្រើនសម្រុកទិញម្ហូប ផ្កាផ្ញី និងសម្ភារផ្សេងៗសម្រាប់សែន ក្នុងពិធីបុណ្យចូលឆ្នាំចិន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ។

បុណ្យចូលឆ្នាំប្រពៃណីចិន ដែលជិតចូលមកដល់នេះ គេសង្កេតឃើញទូទាំងប្រទេស មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានឈាមជ័រជាកូនចៅកាត់ចិនជាទម្លាប់ តែងតែចូលរួមអបអរសាទរថ្ងៃបុណ្យចូលចិននេះ ហើយមុនថ្ងៃសែនមួយថ្ងៃ បាននាំគ្នាទៅទិញឥវ៉ាន់ ដើម្បីត្រៀមសែនថ្ងៃចូលឆ្នាំចិន។ បុណ្យចូលឆ្នាំថ្មីនេះគឺជាពិធីបុណ្យប្រពៃណីជនជាតិចិន ហើយនៅកម្ពុជាយើង ក៏មានបងប្អូនជាប់ខ្សែស្រឡាយចិន ក៏ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំចិននេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកក្រុមម៉ុងសាយក៏បានចាប់ផ្តើមសម្តែងជាបន្តបន្ទាប់នៅតាមផ្សារ និងលំនៅឋាន បងប្អូនជាប់ខ្សែស្រឡាយចិន ព្រោះថាអ្នកជាប់សែស្រឡាយចិន មានជំនឿថា ពិធីឡកម៉ុងសាយ នាំមកនូវលាភជ័យ ដេញឧបទ្រពចង្រៃ។ បើតាមប្រវត្តិជាច្រើនពាន់ឆ្នាំមកហើយ ពិធីឡកម៉ុងសាយ តែងត្រូវបានប្រជាជនចិននិយមធ្វើឡើង ដើម្បីនាំរឿងល្អចូលមកក្នុងផ្ទះ និងបណ្តេញរឿងរ៉ាវមិនល្អចេញ។ នៅក្នុងវប្បធម៌ចិនដែលមិនខុសពីបណ្តាប្រទេសមួយចំនួនឡើយ សត្វតោតំណាងឱ្យអំណាច ប្រាជ្ញា និងឧត្តមភាព។ ហេតុនេះ ពិធីឡកម៉ុងសាយជាការសម្តែងដ៏សំខាន់ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីចិន ពិធីបុណ្យផ្សេងទៀត ក៏ដូចជាពិធីឡើងគេហដ្ឋានថ្មី ឬហាងថ្មីជាដើម ដើម្បីទទួលលាភសំណាង។ ជាការពិត ពិធីឡកម៉ុងសាយមិនត្រឹមមានតែនៅចិនប៉ុណ្ណោះទេ ប៉ុន្តែវាមាននៅបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ដូចជា សិង្ហបុរី វៀតណាម អឺរ៉ុប កម្ពុជា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងជប៉ុនជាដើម។ ជាការសម្តែងដ៏ជក់ចិត្តមួយ ការលោតម៉ុងសាយមានក្បាច់សម្តែងផ្សេងៗគ្នាទៅតាមតំបន់ ដូចជាការសម្តែងនៅតំបន់ភាគខាងត្បូងចិន ការសម្តែងនៅភាគខាងជើងចិន និងនៅក្នុងតំបន់ក្រៅពីចិនជាដើម។

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ អាជ្ញាធរក៏បានណែនាំរំលឹកដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ជាពិសេសភ្លើងទៀន ធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ហ្គាស ចរន្តអគ្គិសនី។ល។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏មានវិធានការល្បាត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការលក់ដូរផាវ កាំជ្រួច រួមទាំងសកម្មភាពដុតផាវ ឬកាំជ្រួច ឬការបង្កសំឡេងផ្ទុះផ្សេងៗ ដែលបង្កឱ្យមានការភ័យខ្លាច និងអាចបង្កជាអគ្គិភ័យ៕ ដោយ ឃុត សៅ

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]