ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានលើកឡើងថា រមណីយដ្ឋានអង្គរមិនត្រឹមជាទីតាំងបេតិកភណ្ឌពិភពលោក ជាដួងព្រលឹង ជាទីតាំងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែអង្គរ គឺជាទីកន្លែងមួយដែលផ្តល់នូវការស្រាវជ្រាវស្ទើរតែគ្រប់វិស័យ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្តថា រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាដួងព្រលឹងរបស់ជាតិ ជាទីតាំងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែអង្គរ គឺជាទីកន្លែងមួយដែលផ្តល់នូវការស្រាវជ្រាវលើគ្រប់វិស័យ។ ឯកឧត្តមថា រយៈពេល៣០ឆ្នាំនៃបង្កើតអាជ្ញាធរជាតិអប្សរា មានបណ្តាប្រទេសចំនួន១៧ហើយ បានបញ្ជូនអ្នកជំនាញមកកាន់រមណីយដ្ឋានអង្គរ រួមមានអ្នកជំនាញជួយជុលប្រាសាទ អ្នកសិក្សាស្រាវជ្រាវ និងកិច្ចការងារសហគមន៍ ទាំងនេះ បញ្ជាក់ថា ការឈ្វេងយល់អំពីការរីកចម្រើននាសម័យអង្គរ បានទាក់ទាញអ្នកស្រាវជ្រាវ និងថ្នាក់ដឹកនាំធំនៃបណ្តាប្រទេសទាំងនោះ ឱ្យចូលរមណីយដ្ឋានអង្គរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំឡេង៖ អង្គរគឺជាកន្លែងមួយ ដែលផ្តល់នូវការស្រាវជ្រាវលើគ្រប់វិស័យ កន្លងមកយើងតែងមើលឃើញថា វិស័យ ដែលអាចមកស្រាវជ្រាវបានគឺអ្វីដែលជាបេតិកភណ្ឌក្រោមដី ឬមួយប្រាសាទ តែការពិតមែនទែន គឺផ្សេងទៅទៀត ឧទាហរណ៍ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ រឿងធនធានធម្មជាតិ រឿងទឹកដែលពីមុនមក យើង និយាយពីរឿងទឹក តែយើងអត់ដឹងថាវាដំណើរការយ៉ាងម៉េចទេ ហើយទន្ទឹមនិងមានការស្រាវជ្រាវផ្សេងទៀត ខ្ញុំជូនឧទាហរណ៍មួយទៀត ពីមុនមកយើងកំណត់អាយុកាលរបស់ប្រាសាទតាមរយៈសិលាចារឹក ឥឡូវហ្នឹងបច្ចេកវិទ្យាថ្មី បានបង្ហាញឱ្យឃើញថា គេអាចកំណត់អាយុរបស់ប្រាសាទយើងតាមរយៈដែក មានន័យថា ពេលយើងឆ្លាក់យើង តែងមានស្នាមដែក មានដែកដែលដាក់ក្នុងសំណង់ប្រាសាទយើងហ្នឹង យកទៅវិភាគទៅវាសុក្រឹត្យជាងការបកស្រាយក្នុងសិលាចារឹកទៅទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា បន្ទាប់ពីក្រុមអ្នកជំនាញការអន្តរជាតិបានចូលមកជួយក្នុងកិច្ចការជួសជុលអភិរក្សប្រាសាទ ខណៈពេលនោះអ្នកជំនាញខ្មែរ ដោយចាប់ផ្តើមត្រឹមតែជាកម្មករជួសជុលប្រាសាទ បានវិវឌ្ឍន៍ខ្លួនមកជាអ្នកជំនាញ និងបច្ចុប្បន្ននៅតាមការដ្ឋានមួយចំនួន មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា គឺជាអ្នកគ្រប់គ្រងដឹកនាំ និងបន្តចែករំលែកបទពិសោធន៍ទៅកាន់ប្រទេសផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]